រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ម្លិះ​៖ ពាក្យ​ថា​បរិ​ច្ចាក​គឺ​ហ្វ្រី​ហើយ​ម៉ែ ! ប៉ុន្តែ​ម៉ែ​នឹង​បាន​មក​វិញ​ជា​បុណ្យ​កុសល​សម្រាប់​ជាតិ​មុខ​មិន​តិច​ទេ​ណា​ម៉ែ ! ដី​ប៉ុណ្ណឹង​ហ្នឹង​ដល់​ជាតិ​ក្រោយ ម៉ែ​នឹង​ទៅ​ជា​អ្នកមាន មិន​ខ្វះ​ដី មិន​ខ្វះ​ផ្ទះ​នៅទេ ។

សា​ម៉​ន​ឈប់​ឈ្លក់ទឹក​ដកដង្ហើម​វែង​ៗ​បើកភ្នែក​ធំ​ៗ
សា​ម៉​ន​៖ អឺ ! កូន​មួយ​នេះ​វើ​យ ! វា​មក​ប្រដៅ​ម៉ែឪ​វា​រឿង​ធ្វើបុណ្យ​ធ្វើ​ទាន ពុក​មិនមែន​មិន​ចេះ​ធ្វើបុណ្យ​ទេ ប៉ុន្តែ​ធ្វើបុណ្យ​តាម​ស​ទ្ឋា​អត់​មាន​អ្នក​ណា​មក​តម្រូវ​ឲ្យ​ធ្វើបុណ្យ  បរិ​ច្ចាក​ដី​ម្តង​រាប់​ម៉ែ​តរាប់​កា​រ៉េ​អ​ញ្ចឹ​ង​ទេ ! កូន​ឯង​ស្មានថា​ដី​ប៉ុណ្ណឹង​តម្លៃ​តិច​ណាស់​ទៅ​ហ្ហី ?

ម្លិះ​អង្គុយ​ចុះ​នៅ​កៅអី​ក្បែរ​សា​ម៉​ន​វិញ អង្អែល​ដៃ​សា​ម៉​ន
ម្លិះ ៖ ពុក​មាន​ដីស្រែ​ច្រើន​ណាស់ ប្រវាស់​ឲ្យ​គេ​ធ្វើ​បាន​ស្រូវ​មួយ​ឆ្នាំ​ៗ​មិន​តិច​ទេ ពុក​បែរជា​សូ​ញ​សាញ​មិន​ហ៊ាន​លះបង់​ដី​ជីក​ប្រឡាយ​ប៉ុណ្ណឹង​! ពុក​គិត​មើល​ពួក​អ្នក​ភូមិ​យើង​មាន​ច្រើន​គ្រួសារ​ណាស់​ដែល​មាន​ដី​ចំ​ផ្លូវ​មុខ​ប្រឡាយ​នោះ ! ពួក​គេ​សុទ្ធតែ​យល់ព្រម​ធ្វើ​តាម​បង​អា​រុណ ដើម្បី​ឲ្យ​ស្រូវ​ស្រែ​ភូមិ​យើង​មានទឹក​ប្រើ​គ្រប់គ្រាន់ ហើយ​ដី​ពួក​គេ​មាន​តែ​ស្រែ​មួយម្នាក់​ប៉ុណ្ណោះ​នៅ​តែ​គេ​អាច​លះបង់​បាន ចុះ​យើង​វិញ​មាន​ស្រែ​គ​គោក ហើយ​ជា​ប្រធាន​ភូមិ​ថែម​ទៀត​បែរជា​មិន​ហ៊ាន​លះបង់ ! ពុក​ចង់​ឲ្យ​គេ​អស់ជំនឿ​ចិត្ត​លើ​ពុក​មែន​ទេ ?

សា​ម៉​ន​បើកភ្នែក​ធំ​ៗ
សា​ម៉​ន​៖ ថា​ម៉េច ! អា​រុណ​ជា​អ្នក​ផ្តើមគំនិត​រឿង​នេះ​មែន​ទេ ? យើ ! អា​អ​ន្ទិ​ត​គោលោត​នេះ​វើ​យ​! ពិតជា​នាំ​ចង្រៃ​មែន ! ធ្វើ​ឯង​ជា​អ្នកចេះ​ដឹង​ជាងគេ​ជាង​ឯង ! ហ៊ើ​ស ! អញចង់​តែ​ទៅ​ធាក់​វា​ឲ្យ​ជ្រះ​ក្អែល​ទេ សុខ​ៗ​មក​ទាមទារ​ឲ្យ​ឯង​លះបង់​ដី ដី​ម៉ែឪ​វា​ទិញ​ទុក​ឲ្យ​អញ​ហ្ហី ! គួរ​ឲ្យ​ក្តៅចិត្ត​មែន ! អ​ញ្ចឹ​ង​បានជា​អញ​មិន​ចូល​ចិត្ត​វា​សោះ ឃើញ​មុខ​វា​ពេល​ណា​ឆ្អែត​បាយ​ពេល​ហ្នឹង​!
កែវ​៖ អ៊ុំ ! កុំ​រវល់​តែ​ខឹង​សម្រេចចិត្ត​ឲ្យ​ហើយ​ទៅ ! ស្អែក​នេះ​ពួក​គេ​នាំ​គ្នា​ទៅ​ជួបជុំ​នៅ​សាលាឃុំ ដើម្បី​សុំ​ជំនួយ​រឿង​ជីក​ប្រឡាយ​នេះ​ហើយ​។

ម៉ា​ប់​អេះ​ក្បាលពោះ​បណ្តើរ​សើច​ស្ញាញ
ម៉ា​ប់​៖ ខ្ញុំ​ថា​យល់ព្រម​ហ្នឹង​គេ​ទៅ​អ៊ុំ ! កុំ​រវល់​ស្តាយ​ដី​ប៉ុ​ណ្នឹ​ង​នោះ ! អ៊ុំ​ត្រូវធ្វើ​ល្អ​ដាក់​ប្រជាជន​ទៅ កុំ​ឲ្យ​គេ​អស់សង្ឃឹម​ព្រោះ​គេ​ខំ​បោះ​ឆ្នោត​ឲ្យ​អ៊ុំ​ហើយ !

សា​ម៉​ន​រុញ​ចាន​បាយ​ចេញ ងើប​ដើរ​ក្រពាត់ដៃ​ដើរ​ចុះ​ដើរ​ឡើង​របៀប​តប់ប្រមល់ ផៃ​ស្ទុះ​ទៅ​ចាប់​ទាញ​សា​ម៉​ន​ឲ្យ​អង្គុយ​ចុះ​វិញ
ផៃ​៖ នែ៎​ៗ ! បាន​ហើយ​ពុក​វា​! បើ​សម្រេច​យ៉ាងម៉េច ក៏​សម្រេច​ទៅ កុំ​រវល់​តែ​ដើរ​រាប់​ម៉ែត្រ​អ​ញ្ចឹ​ង​ខ្ញុំ​វិលមុខ​ណាស់ !

ឆែម​អង្គុយ​នៅ​លើ​កៅអី​សា​ឡុ​ង ទ្រើ​ក និង​ត្រុយ​អង្គុយបត់ជើង​ច្របាច់​ជើង​ឲ្យ​ឆែម​ម្នាក់​ម្ខាង ឆៃ​អង្គុយ​ក្បែរ​នោះ ។ ឆែម​កំពុង​យក​ខ្សៀ​រវៃ​ក្បាល​នាយ​ទ្រើ​ក​ញាប់ដៃ​មុខ​ខឹង
ឆែម​៖ ឲ្យ​អញ​សម្រេច​ស្អី​កើត​ឥឡូវនេះ ! អញចង់​សម្រេចចិត្ត​តាម​ចិត្ត​ខ្លួនឯង​ក៏​មិន​បាន​ដែរ បើ​សា​ម៉​ន​យល់ព្រម​ដែរ​ទៅ​ហើយ ! អញ​មាន​តែ​ត្រូវ​អស់​ដី​មិន​តិច​ទេ​ម្តងណេះ ! ដើម្បី​ផែនការ​ជីក​ទំនប់​ទប់​ប្រឡាយ​ស្អី​គេ​ហ្នឹង !

ទ្រើ​ក​ខំ​គេច​ផង យកដៃ​រង​ផង
ទ្រើ​ក​៖ អ៊ុំ​ៗ ! នេះ​ក្បាល​ខ្ញុំ​ទេ មិនមែន​ក្បាល​អា​រុណ​ទេ ! បើ​អ៊ុំ​ចង់​សំពង​ក្បាល​វា​ចាំ​សំពង​នៅ​កន្លែង​ប្រជុំ​ស្អែក​នេះ​ទៅ !
ឆែម​៖ អញ​មិន​ចង់​សំពង​ក្បាល​វា​ទេ អញចង់​សំពង​ក្បាល​ឯង​ពីរ​នាក់​ឯង​ហ្នឹងហើយ​!

ឆែម​ងាក​យក​ខ្សៀ​រវៃ​ក្បាល​ត្រុយ​ម្តង ត្រុយ​យកដៃ​ក្តោប​មុខ ក្តោប​ភ្នែក​ស្រែក
ត្រុយ​៖ អ៊ុំ​ៗ ! តិច​ៗ​បាន​ហើយ​អ៊ុំ កុំ​ខឹង​គោ​វៃ​រទេះ !
ឆែម​៖ អញចង់​សំពង​ក្បាល​ពីរ​នាក់​ឯង​ហ្នឹង ព្រោះតែ​ពួក​ឯង​វា​ភ្លើ​ពេក ! ចិញ្ចឹម​បំបង់​តែ​បាយ ពេល​មាន​បញ្ហា​ស្អី​មិន​ដែល​ជួយ​គិត​ជួយ​គូ​បាន​ម្តងណា​ទេ​! បាន​តែ​ចំហ​មាត់​ចាំ​ស៊ី ស្រាប់​ៗ អញចង់​តែ​ដេញ​ក្បាល​ពួក​ឯង​ពីរ​នាក់​នេះ​ចេញ​ឲ្យ​អស់​តែ​ម្តង​ទៅ វា​ស្រួល​ជាង !

ឆៃ​បើកភ្នែក​ធំ​ៗ​ដាក់​ឆែម
ឆៃ​៖ បើ​ពុក​ដេញ​អា​ពីរ​នាក់​នេះ​ចេញ​អស់​ទៅ បាន​អ្នក​ណា​បម្រើ​យើង​ទៀត​! ពុក​ចេះ​ដាំបាយ​ទេ ? ចេះ​បោក​ខោអាវ​ទេ ? ចេះ​គក់​ច្របាច់​ឲ្យ​ខ្ញុំ​ទេ ?
ឆែម​៖ អញ​ចេះ​តែ​ទាំងអស់​ហ្នឹង គ្រាន់តែ​អញ​មិន​ចង់​ធ្វើ ! កុំ​តែ​បាន​មួយ​មុខ​ហ្នឹង ពុក​ដេញ​ក្បាល​អា​ពីរ​នាក់​នេះ​យូរណាស់​ហើយ មិន​ទុក​នាំ​តែ​ទម្ងន់​ផ្ទះ​ធ្វើ​អី​ទេ !
ឆៃ​៖ តែ​ខ្ញុំ​ថា​ពុក​ខឹង​អា​ទ្រើ​ក និង​អា​ត្រុយ​មិន​ត្រូវ​ទេ ! ពុក​ត្រូវ​ខឹង​នឹង​អា​រុណ​វិញ​វា​ត្រូវ​ជាង ! ខ្ញុំ​ស្អប់​មុខ​អា​រុណ​ណាស់​ពុក ! ពេល​ណា​ខ្ញុំ​ទៅ​រក​អូន​ម្លិះ​ជួប​មុខ​វា​តែ​រហូត ! តាម​មើល​វា​ប្រហែលជា​វា​ចង់​ដណ្ដើម​អូន​ម្លិះ​ជាមួយ​ខ្ញុំ​ហើយ ! ពុក​ត្រូវ​តែ​រក​វិធី​ចាត់ការ​វា​ឲ្យ​ខ្ញុំ ទើប​ខ្ញុំ​សុខចិត្ត ។
ឆែម​៖ រឿង​នេះឯង​មិនបាច់​ប្រាប់​ពុក​ទេ វា​គង់តែ​ដល់​ថ្ងៃ​ពុក​ធ្វើ​ឲ្យ​វា​បាក់អំនួត​ម្តង ! កុំ​ឲ្យ​វា​ចេះ​ចេញ​មុខ​ចេញ​មាត់​ធ្វើ​មេដឹកនាំ​បំផុសបំផុល​ចលនា​បាតុកម្ម មក​បំផ្លាញ​ទ្រព្យសម្បតិ្ត​ពុក​បែប​នេះ​ទៀត ។

អរុណ នឿ​ន កែន វ៉ា​ន់ ច័​ន្ទ្រ ណាត អ្នក​ភូមិ​ស្រី​ប្រុស​មួយ​ក្រុម​នាំ​គ្នា​ស្រែក​ហ៊ោសប្បាយ
អា​រុណ​៖ លោក​មេឃុំ ! មេ​ភូមិ​សុទ្ធតែ​យល់ព្រម​ជួយ​ប្រគល់​ដី​សម្រាប់​ផ្លូវ​ប្រឡាយ​    ​ទឹក​ឲ្យ​ពួក​យើង​ហើយ ! តែ​ប៉ុណ្ណេះ​យើង​អស់​បារម្ភ​ហើយ !

(​នៅ​មាន​ត​)