ACU​ ឃាត់ខ្លួនមន្រ្តី ​​CDC ម្នាក់​​បញ្ជូនទៅសាលាដំបូង

រាជធានីភ្នំពេញ ៖ ​អង្គភាពប្រឆាំងអំពើពុករលួយ​ (ACU) ​កាលពីព្រលប់ថ្ងៃទី០៧ ឧសភា ​២០១៦ ​បាននំាខ្លួនជនសង្ស័យម្នាក់​មកសាលាដំបូងរាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែលពាក់ព័ន្ឋនឹងអំពើពុករលួយរូបនោះឈ្មោះ​ ឡាយ ថារ័ត្ន ​អាយុ៣៣ឆ្នាំ​ ជាអនុប្រធាន​ការិយាល័យ​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងថា ​សំណុំរឿងពុករលួយនេះ ​ស្ថិតនៅលើដៃលោក មាស ​ច័ន្ទពិសិដ្ឋ ​ព្រះរាជ​អាជ្ញារងអម​សាលាដំបូងរាជធានីភ្នំពេញ ​កំពុងធ្វើការសាកសួរ ។​ ក្រោយការសាកសួរចប់​នៅយប់ថ្ងៃទី០៧ឧសភាម្សិលមិញ តំណាង​​អយ្យការក៍បានផ្ញើជនសង្ស័យនៅ​ ACU ​នឹងតម្រូវឲ្យបញ្ជូនមកសាកសួរបន្ត​នៅស្ថាប័នអយ្យការអម​សាលាដំបូង​នៅព្រឹក​ថ្ងៃទី០៨ ​ឧសភា ២០១៦នេះ ។

អ្នកនំាពាក្យ​​សាលា​ដំបូងរាជធានីភ្នំពេញ ​លោក លី សុផាន់ណា​ បានឲ្យដឹងថា ​ជនសង្ស័យឈ្មោះ​ ឡាយ ថារ័ត្ន ស្នាក់នៅ ផ្ទះលេខ៦F២ ផ្លូវ៥១៦ ​សង្កាត់ទឹកល្អក់២ ​ខណ្ឌទួលគោក ​ជាអនុប្រធានការិយាល័យ​វិភាគគម្រោងនិង​លើកទឹក​ចិត្តនៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​បានត្រូវលោកព្រះរាជអាជ្ញារង ​មាស ចន្ទ័ពិសិដ្ឋ ​ចោទពីបទវីតិក្រម ​តាមមាត្រា​៥៩២និង​៥៩៣នៃ​ក្រមព្រហ្ម​ទណ្ឌ ។ បើតាមអ្នកនំាពាក្យដដែល​ ជនសង្ស័យ​​ ជាប់ពាក់ព័ន្ឋទារបា្រក់លើសកម្រៃសេវា​ (លើទឹកបា្រក់១០០០ដុល្លារ)​​ក្នុងគម្រោង ។

ក្រោយពីតំណាង​អយ្យការធ្វើការចោទប្រកាន់ ​សំណុំរឿងខាងលើនេះ​ក៍ត្រូវបានបញ្ចូនទៅលោក ​យិន សារឿន ​ចៅក្រមស៊ើបសួរ​ដោយសម្រេចឃុំខ្លួនឈ្មោះ​ ឡាយ ថារ័ត្ន ​ដាក់ពន្ឋនាគារបណ្តោះអាសន្ន ​នៅព្រឹកថ្ងៃទី០៨​ ឧសភាដដែលនេះ ៕