បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ

ប្រធានាធិបតីក្នុងតំណែង បានបញ្ជូនសារចំអក ប៉ុន្មានឃ្លាប៉ុន្មានម៉ាត់ ទៅកាន់បេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។ ជាការចំអកមួយ ដោយមិនភ្លេចពីការកំប្លែងស្ងួត នៅក្នុងនោះផងទេ។
បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ

ពីឆ្វេងមកស្ដាំ៖ លោក ដូណាល់ ត្រាំ និងលោក បារ៉ាក់ អូបាម៉ា។ (រូបថតហ្វេសប៊ុក)

តើមានពេលណាខ្លះ ដែលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) យកពេល​វេលា​របស់​លោក ទៅលូកមាត់លូកក ជាមួយបេក្ខជនប្រធានាធិបីថ្មី ដែលកំពុងធ្វើការប្រឡងប្រណាំងគ្នា ពាស​ពេញ​សហរដ្ឋ​អាមេរិកនោះ? ពេលចុងក្រោយគេបំផុត គឺនៅក្នុងការជួបជុំទទួលទានពេលល្ងាច ជាមួយក្រុម​អ្នក​សារព័ត៌មាន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦) ហើយលោក បារ៉ាក់ អូបាម៉ា បាន​ឆ្លៀត​ឱកាសនេះ ដើម្បីបង្ហាញទេពកោសល្យរបស់លោក ដោយធ្វើការចំអន់លេងសប្បាយ ជាមួយលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។

តាមពិតទៅ លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីមួយរូបនោះទេ តែងត្រូវបានអញ្ជើញ និងតែង​មាន​វត្តមាន​ជានិច្ច នៅក្នុងការជួបជុំទទួលអាហារបែបនេះ កាលពីឆ្នាំមុនៗ។ តែឆ្នាំនេះ អវត្តមានរបស់លោក ត្រាំ បាន​បង្កើត​​​ជាប្រធានបទកំប្លែង របស់លោក អូបាម៉ា ទៅវិញ។ លោកប្រធានាធិបតី បានសួរនៅក្នុង​ការ​ថ្លែង​របស់​លោក ទៅកាន់​ហ្វូងមនុស្សថា៖ «ប៉ុន្តែ... ហេតុអ្វីក៏ ដូណាល់ ត្រាំ មិនមានវត្តមាននៅថ្ងៃនេះ?»

លោកបានបន្ត​សំដីលេងសើច​របស់លោកទៀតថា៖ «តើការជួបជុំ​ទទួលអាហារពេលល្ងាចនេះ មានសភាព​គ្រោតគ្រាតខ្លាំងជ្រុល សម្រាប់គាត់ឬ?» អ្នកសារព័ត៌មានបារាំងមួយរូប ដែលមានវត្តមាននៅទីនោះ ដែរ​បាន​ស្រង់​សំដី​របស់​លោក អូបាម៉ា មកសរសេរបន្តកាត់ៗខ្លីថា៖ «តើ ដូណាល់ ត្រាំ កំពុងដេកនៅផ្ទះឬ? តើគាត់​ចេះ​បរិភោគ សាច់ស្តេក (Steak) ឬទេ? ឬមួយក៏គាត់កំពុងលេង ទ្វីសធើរ (Twitter)?»

ប្រធានាធិបតីអាមេរិក នៅបានបន្ថែមសាំង ដាក់ទៅលើអណ្ដាតភ្លើង ដែលកំពុងឆេះរួចហើយថា៖ «សមាជិក​គណបក្សសាធារណរដ្ឋ បាននិយាយថា ដូណាល់ ត្រាំ មិនមានបទពិសោធន៍ ខាងនយោបាយការបរទេស ដើម្បី​អាចក្លាយជាប្រធានាធិបតី​បាននោះទេ។ តែយើងត្រូវនិយាយឲ្យយុត្តិធម៌ ព្រោះគាត់បាន​ឆ្លង​កាត់​រយៈពេល​ជាច្រើន​សិបឆ្នាំ ដើម្បីនៅជាមួយមេដឹកនាំ នៃពិភពលោកទាំងមូល ដូចជា៖ ជាមួយបវរកញ្ញា ស៊ុយអែដ បវរកញ្ញា អាហ្សង់ទីន បវរកញ្ញា អាំហ្សែរប៊ៃហ្សង់។»

ការលើកឡើងរបស់លោក អូបាម៉ា មិនមែនគ្មានហេតុផលនោះទេ ព្រោះក្នុងពេលកន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់ជាសមាជិកមួយរូប នៃអ្នករៀបចំប្រឡងបវរកញ្ញា ចក្រវាឡ ដែលជាកម្មវិធីមួយ ផលិត​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយក្រុមហ៊ុនអាមេរិកដ៏ធំមួយ។

នៅចុងបញ្ចប់ លោក បារ៉ាក់ អូបាម៉ា បានឧទានដោយពាក្យពីរម៉ាត់ «Obama out» មានន័យថា «អូបាម៉ា! ចប់​ហើយ... ចេញ!» ជាមួយនឹងកាយវិការ ទម្លាក់មេក្រូចុះ (រូបខាងក្រោម)។

បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ