អ្នក​អចលនទ្រព្យ​វៀតណាម​ត្រូវការ​គោលនយោបាយ​ពី​រដ្ឋាភិបាល

ប្រទេស​វៀតណាម ៖ បណ្ដា​ក្រុម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​វៀតណាម​ត្រូវការ​ឱ្យ​រដ្ឋាភិបាល​ដាក់​គោលនយោបាយ​រយៈពេល​វែង ដើម្បី​ធានា​ដល់​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​នា​ពេល​អនាគត ។

លោក Nguyen The Diep អគ្គនាយករង​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម បាន​អង្កេត​ទៅ​លើ​កិច្ចប្រជុំ​រវាង​សមាគម​អចលនទ្រព្យ និង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​មក ។ លោក​មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នា​ឆ្នាំ​កន្លង​ទៅ ហើយ​ប្រតិបត្តិការ​ទីផ្សារ​បាន​រើប​ឡើង​វិញ​តាំងពី​ខែមីនា ជាមួយនឹង​កំណើន​៤% បើ​ធៀប​នឹង​ខែកុម្ភៈ » ។

ទីផ្សារ​នៅ​ក្នុងស្រុក ត្រូវ​បាន​អភិវឌ្ឍន៍​ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​ទីផ្សារ​ប្រឈម​នឹង​ការ​ប្រែប្រួល​ដោយសារ​គោលនយោបាយ​នោះ នឹង​ធ្វើ​ឱ្យ​កំណើន​ទីផ្សារ​ត្រូវ​កាត់​បន្ថយ ហើយ​វា​ត្រូវការ​ពេលវេលា​ដើម្បី​រើប​ឡើង​វិញ ។

លោក Nguyen The Diep បាន​បន្ត​ថា ៖ « គម្រោង​អចលនទ្រព្យ​ត្រូវការ​ដើមទុន​ធំ ហើយ​សហគ្រាស​គ្មាន​ទុន​គ្រប់គ្រាន់​ឡើយ គឺ​ពួក​គេ​ត្រូវការ​កម្ចី​សម្រាប់​គម្រោង​របស់​ខ្លួន។ គោលនយោបាយ គួរតែ​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន ដើម្បី​ឲ្យ​ពួក​គេ​មាន​ធនធាន​ហិរញ្ញវត្ថុ​ល្អ និង​ដោះស្រាយ​តម្រូវការ​លំនៅ​ឋាន​មាន​តម្លៃ​ទាប » ។
លោក​បន្ថែម​ទៀត​ថា ៖ « តម្រូវការ​លំនៅ​ឋាន​បាន​កើនឡើង​ខ្លាំង ជា​ពិសេស នៅ​ទីក្រុង​តែ​ម្តង ។ ដូច្នេះ សហគ្រាស​គួរតែ​មាន​យុទ្ធសាស្ត្រ​សម្រាប់​ឲ្យ​អ្នកបញ្ជា​ទិញ​ងាយស្រួល​ក្នុង​ការ​ទិញ​លំនៅ​ឋាន » ។

តម្លៃ​អចលនទ្រព្យ​បាន​កើនឡើង​នៅ​ក្នុង​ខែមេសា ជា​ពិសេស នៅ​ទីក្រុង​ហាណូយ​តែ​ម្តង​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ និង​លំនៅ​ឋាន ស្ថិត​នៅ​ក្រោម​ក្រសួង​នគរូបនីយកម្ម ។

ចំណែក​តម្លៃ​លំនៅ​ឋាន​នៅ​ស្រុក Ha Dong ស្រុក Cau Giay និង​ភាគ​ខាងត្បូង​នៃ​ស្រុក Tu Liem បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ គឺ​ក្នុង​ចន្លោះ​ពី​៣% ទៅ​៥% ។ រីឯ​តម្លៃ​លំនៅ​ឋាន​នៅ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ នៅ​តែ​មាន​ស្ថិរភាព​នៅ​ក្នុង​ខែ​នេះ ។

គួរ​កត់​សម្គាល់ថា កម្រិត​នៃ​ការ​លក់​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អត្រា​៦%​សម្រាប់​ទីក្រុង​ហាណូយ និង​៧%​សម្រាប់​ទីក្រុង​ហូ​ជី​មិ​ញ ៕