សេដ្ឋី​អចលនទ្រព្យ​កម្ពុជា​បង្ហាញ​ពី​សក្ដានុពល​ដីធ្លី​នៅ​តំបន់​ច្រកព្រំដែន

រា​ជ​ធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ហាក់​មាន​សកម្មភាព​បន្តិច​ម្ដង​ៗ ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ ជា​ពិសេស នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​កម្ពុជា​-​វៀតណាម ជាដើម ហាក់ដូចជា​មាន​កម្រិត​ទាប​នៅឡើយ ។ ពេល​ថ្មី​ៗ​នេះ អ្នកជំនួញ​ម្នាក់​ដែល​មាន​ងារ​ជា​ឧកញ៉ា ឬ​អាច​ហៅ​ថា ជា​សេដ្ឋី​អចលនទ្រព្យ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​លើ​ដីធ្លី​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ។

លោក​ឧកញ៉ា លឹ​ម ហុង​ឈាង អគ្គនាយក​ក្រុមហ៊ុន លឹ​ម ហុង​ឈាង អីុម​ផត អិុ​ច​ផត ខូ អិ​ល​ធី​ឌី ដែល​ជា​សេដ្ឋី​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​មានបទពិសោធន៍​ជា​ច្រើន​ក្នុង​មុខ​ជំនួញ​ដីធ្លី បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម «​ច្រក​ត្រពាំង​ផ្លុ​ង​» ដោយ​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា និង​វាយតម្លៃ​អចលន​ទ្រព្យ​​ជា​ច្រើន​នៅ​កម្ពុជា ដើម្បី​វាយតម្លៃ និង​សិក្សា​អំពី​សក្ដានុពល​នៃ​តំបន់​នោះ​។

ថ្លែង​ក្នុង​ការ​បង្ហាញ​មួយ​ដល់​បណ្ដា​ដៃគូ​វាយតម្លៃ និង​សិក្សា​អចលនទ្រព្យ លោក​ឧកញ៉ា លឹ​ម ហុង​ឈាង បាន​មាន​ប្រសាសន៍​ថា ៖ « ការ​បង្ហាញ​ពី​គម្រោង​របស់​លោក​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​នេះ មិនមែន​គ្រាន់តែ​ដើម្បី​លក់​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ជំនាញ​វាយតម្លៃ​អចលនវត្ថុ​នានា​បាន​ស្គាល់​ពី​សក្ដានុពល​នៅ​តាម​តំបន់​ច្រក​ទ្វារ​ព្រំដែន​ផង​ដែរ​។ ដូច​យើង​ដឹង​ហើយ​ថា ប្រទេស​យើង​តូច​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ជាប់​យើង ។ ដូចនេះ ការ​អភិវឌ្ឍ​តំបន់​នៅ​តាម​ព្រំដែន ដើម្បី​បញ្ចៀស​បញ្ហា​វិវាទ​នៅ​តាម​ព្រំដែន និង​អាច​លើក​ស្ទួយ​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ច្រកព្រំដែន​ផង​ដែរ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « សក្ដានុពល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​មាន​តាំងពី​ដើម​មក​ម្ល៉េះ តែ​មក​ពី​យើង​ទាំងអស់​គ្នា​មិន​បាន​យកចិត្តទុកដាក់ ពីព្រោះ​ថា នៅ​ច្រក​ទ្វារ​ព្រំដែន រាល់​ទំនិញ​នានា​ដែល​ឆ្លងកាត់​ចេញ​-​ចូល គឺ​ត្រូវ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់ ហើយ​ព្រំដែន​នីមួយ​ៗ​ក៏​ត្រូវ​បាន​កំណត់​ផង​ដែរ​ដូច​ជា ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ ព្រំដែន​ទ្វេភាគី និង​ព្រំដែន​ខ្នាត​តំបន់​ជាដើម ។ ម្យ៉ាងទៀត ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​មាន​រហូត​ដល់​ជាង​២​ពាន់​គីឡូម៉ែត្រ តែ​សម្រាប់​ច្រក​ទ្វារ​ព្រំដែន​មាន​តិចតួច​។ តំបន់​ដែល​ស្ថិត​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន គឺជា​កន្លែង​ធ្វើ​អាជីវកម្ម​មួយ​ដ៏​ងាយស្រួល​បំផុត » ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « លោក​បាន​ជួល​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​ប្រមាណ​១០ មាន​ក្នុង​ប្រទេស​៥ និង​ក្រៅប្រទេស​៥ ដើម្បី​វាយតម្លៃ​ដីធ្លី​ទៅ​លើ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​នេះ ។ ការ​ចំណាយ​ប្រាក់​លើ​ការ​វាយតម្លៃ​នេះ​អាច​ដល់​៨០​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​ដឹង​ពី​សក្ដានុពល និង​តម្លៃ​អចលនវត្ថុ ជា​ពិសេស គឺ​ដីធ្លី​តែ​ម្ដង » ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ៖«​ចំពោះ​សក្ដានុពល​នៃ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​នេះ ដូច​យើង​ដឹង​ហើយ​ថា កន្លង​មក​ថៃ និង​វៀតណាម​មាន​គម្រោង​ត​ភ្ជាប់​ផ្លូវ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ។ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ​គ្មាន​ព្រំដែន​ជាប់​គ្នា​ទេ ហើយ​មាន​ជម្រើស​ពីរ​សម្រាប់​ប្រទេស​ទាំង​ពីរ គឺ​ធ្វើ​ផ្លូវ​កាត់​តាម​កម្ពុជា និង​កាត់​តាម​ឡាវ ប៉ុន្តែ​បើ​កាត់​តាម​ឡាវ ត្រូវ​ចំណាយ​លុយ​ច្រើន និង​វាង​ឆ្ងាយ ។ ដូចនេះ ថៃ និង​វៀតណាម​អាច​នឹង​ត្រូវ​សាងសង់​ផ្លូវ​កាត់​តាម​កម្ពុជា ហើយ​តំបន់​ដែល​ត្រូវ​ឆ្លងកាត់​នោះ ក៏​មាន​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​នេះ​ផង​ដែរ ។ បន្ទាប់​ពី​ការ​សាងសង់​ផ្លូវ តំបន់​នោះ​អាច​នឹង​មាន​សក្ដានុពល ឬ​តម្លៃ​កាន់តែ​ខ្ពស់​ថែម​ទៀត ដោយហេតុ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​ចេះ​តែ​កើត តែ​សម្រាប់​ដី​វិញ វា​មិនកើត​ដូច​មនុស្ស​នោះ​ទេ » ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ រៀល​អីុ​ស្ទេ​ត បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ដីធ្លី​នៅ​ជាប់​ព្រំដែន​កម្ពុជា តំបន់​ដែល​ល្អ គឺ​នៅ​ជាប់​ផ្លូវជាតិ​សំខាន់​ៗ ក្នុង​នោះ​មាននៅ​បន្ទាយ​មាន​ជ័យ និង​បា​វិត ខេត្តស្វាយរៀង ។ ចំណែក​ដីធ្លី​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង​វិញ ក៏​ល្អ​ម្យ៉ាងដែរ ។ ខ្ញុំ​គិត​ថា ត្រពាំង​ផ្លុ​ង គឺជា​តំបន់​មួយ​ដែល​ល្អ មាន​សក្ដានុពល ហើយ​វា​អាច​នឹង​រីក​ចម្រើន​ទៅ​បាន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​តំបន់​ហ្នឹង គឺ​យើង​ខ្វះខាត​កត្តា​ផ្សេង​ៗ​ទៀត ក្រៅពី​កាស៊ីណូ​។ ចំណែក​នៅ​តំបន់​ច្រក​ទ្វារ​ផ្សេង​ទៀត ដូច​ជា​ប៉ោយ​ប៉ែ​ត និង​បា​វិត ក្រៅពី​កាស៊ីណូ តំបន់​នោះ​មាន​ផ្សារ និង​មាន​ប្រជាជន​ច្រើន »។

លោក​បន្ត​ថា ៖ « ត្រពាំង​ផ្លុ​ង គឺជា​តំបន់​មួយ​ល្អ មាន​កាស៊ីណូ មាន​សណ្ឋាគារ តែ​ចំណុចខ្សោយ​របស់​តំបន់​នេះ គឺ​ប្រជាជន​នៅ​មាន​ចំនួន​តិច និង​មិន​ទាន់​មាន​រោងចក្រ​ច្រើន​នៅឡើយ​។ ដូចនេះ ដើម្បី​ជំរុញ​ឱ្យ​ត្រពាំង​ផ្លុ​ង​ដើរ រឿង​សំខាន់​ជាងគេ គឺ​នាំ​មនុស្ស​ទៅ​រស់នៅ​ច្រើន​សិន ដោយ​បង្កើត​ជា​រោងចក្រ ហើយ​នៅ​ពេល​មាន​រោងចក្រ មាន​មនុស្ស​ទៅ​ធ្វើការ និង​រស់នៅ​ច្រើន​ហើយ បន្ទាប់​មក​ត្រូវ​មាន​ផ្សារ ហើយ​កាលណា​មាន​ផ្សារ​ត្រឹមត្រូវ​ហើយ មនុស្ស​នឹង​ទៅ​រស់នៅ​ច្រើន ដូច្នេះ ដីធ្លី​នឹង​ឡើងថ្លៃ » ។

លោក​បញ្ជាក់​ថា ៖ « សព្វ​ថ្ងៃនេះ ប៉ោយ​ប៉ែ​ត​ដើរ​ហើយ បា​វិត​ដើរ​ហើយ តែ​ត្រពាំង​ផ្លុ​ង​ត្រូវការ​ពេលវេលា​សិន ។ ម្យ៉ាងវិញទៀត ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន គឺ​មាន​ហានិភ័យ​តិចតួច តែ​គុណសម្បត្តិ​មាន​ច្រើន ។ ដូច្នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល គួរតែ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​នៅ​តាម​ព្រំដែន​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន » ៕