ឃាតកម្ម​បាញ់​ប្រហារ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ ស្លាប់​នៅ​ខេត្ត​ស្រះ​កែវ

ឃាតកម្ម​បាញ់​ប្រហារ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ ស្លាប់​នៅ​ខេត្ត​ស្រះ​កែវ



បាត់ដំបង ​៖ ​ ស្ត្រី​វ័យ​៤០​ឆ្នាំ​ម្នាក់​ ដែល​បាន​ជនជាតិ​ថៃ​ជា​ស្វាមី​ ព្រមទាំង​បាន​រស់នៅ​ក្នុង​ទឹកដី​ថៃ​រហូតមក ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​ប្រហារ​កាល​ពី​វេលា​ម៉ោង​ព្រលប់​ថ្ងៃ​ទី៧ ​ខែ​ឧសភា​​ រួច​គេចខ្លួន​បាត់ស្រមោល ខណៈ​ដែល​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​​ញុំា​បាយ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។

តាម​ការ​បញ្ជាក់​ពី​សាក្សី​ ដែល​នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ឲ្យ​​​កម្ពុ​ជាថ្មី​ដឹង​ថា ​ស្ត្រី​រងគ្រោះ​​មាន​ឈ្មោះ ណាប់ មេន ​ អាយុ​៤០​ឆ្នាំ ​ជា​ជន​ជាតិខ្មែរ​ (​មាន​ស្វាមី​ជា​ជនជាតិ​ថៃ​ជា​យូរ​មក​ហើយ) ​​បច្ចុប្បន្ន​រស់នៅ​ភូមិ​ណង​រឿ ឃុំ​ណង​ណាំ​សៃ ​ស្រុក​វ​ឌ្ឍ​នា​នគរ​ ខេត្ត​ស្រះកែវ។ នៅ​មុន​ពេល​កើតហេតុ ​នាង​កំពុង​អង្គុយ​ញុំា​បាយ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន​ម្នាក់ឯង​យ៉ាង​ស្ងៀមស្ងាត់។

ប្រភព​ដដែល​បាន​បន្តថា ភ្លាមៗ​នោះគេ​ក៏បាន​ឮ​សំឡេង​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់ ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ ​ ព្រមទាំង​មាន​ក្រុម​តម្រួត​ថៃ​បាន​ចុះ​មក​ពិនិត្យ​ដល់​ទីតាំង​កើតហេតុ​នេះ​ផង​ដែរ ដែល​នៅ​ពេល​នោះ​គឺ​ស្ត្រី​រងគ្រោះ​បាន​ដួល​ដេក​នៅក្នុង​ថ្លុក​ឈាម និង​ស្លាប់​បាត់ទៅហើយ ខណៈដែល​ស្វាមី​របស់​នាង​ឈ្មោះ ស៊ុំ​យ៉ុ​ត អនុ​តាក់​ភី​ន អាយុ​៥៦​ឆ្នាំ មិនបាន​នៅផ្ទះ។

សមត្ថកិច្ច​បាន​អះអាងថា នៅលើ​ខ្លួនប្រាណ​របស់​ជនរងគ្រោះ​គឺមាន​រន្ធ​គ្រាប់កាំភ្លើង​ចំនួន​៨​គ្រាប់ ដែល​ជនសង្ស័យ​បាន​បាញ់​ចំ​ដោះ​ខាងឆ្វេង​ទាំងអស់ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ឃាតក​​អាច​ធ្វើ​ការ​បាញ់​យ៉ាង​កៀក​បំផុត​ទៅលើ​ជនរងគ្រោះ​ ទើប​ក្បាល​គ្រាប់​បាន​ចំ​គោលដៅ​យ៉ាង​ល្អ​បំផុត។

នៅពេលនេះ​សព​ត្រូវបាន​ស្វាមី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ដោយឡែក​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ទៅលើ​ប្រភព​ដើម្បី​ចង់ដឹងថា តើ​ហេតុអ្វី​បានជា​ជា​ឃាតក​​បាញ់​សម្លាប់​ស្ត្រី​រងគ្រោះ​ ដើម្បី​តាមរក​មុខសញ្ញា​យកមក​ផ្តន្ទាទោស​តាមផ្លូវ ច្បាប់៕
ឃាតកម្ម​បាញ់​ប្រហារ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ ស្លាប់​នៅ​ខេត្ត​ស្រះ​កែវ

ឃាតកម្ម​បាញ់​ប្រហារ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ ស្លាប់​នៅ​ខេត្ត​ស្រះ​កែវ