ទាហាន​សឹក​រង​ ម្នាក់​​ ​រាល​កៃ​កាំភ្លើង​AK​៤៧​ចំនួន​​២​គ្រាប់ ​ចំ​ដើមទ្រូង​ស្លាប់​ភ្លាម​មួយ​រំពេច

ទាហាន​សឹក​រង​ ម្នាក់​​ ​រាល​កៃ​កាំភ្លើង​AK​៤៧​ចំនួន​​២​គ្រាប់ ​ចំ​ដើមទ្រូង​ស្លាប់​ភ្លាម​មួយ​រំពេច



ព្រះវិហារ​ ៖ ​ទាហាន​ម្នាក់​ឋានៈ​អនុសេនីយ៍ត្រី​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​មួយ​រំពេច​ នៅ​ក្នុង​រថយន្ត​កាមរី​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃ​ត្រង់ ​​ថ្ងៃ​ទី​០៥ ខែ​​ឧសភា ​ឆ្នាំ​​២០១៦​ ដោយសារ​រាល​កៃ​កាំភ្លើង​AK៤៧​ប្រភេទ​ស្វាយ​បត់​ចំនួន​០២​គ្រាប់។ ហេតុការណ៍​​នេះ​​បាន​កើត​ឡើង​​ចំនួន​០៣​ថ្ងៃ​មក​ហើយ ​នៅ​ចំណុច​​ឃុំ​រណសិរ្ស​ ស្រុក​សង្គម​ថ្មី​ ខេត្ត​ព្រះវិហារ​ ​ប៉ុន្តែ​ទើប​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​​ឧសភា​ ឆ្នាំ​២០១៦​នេះ។

ហេតុការណ៍​អាក្រក់​នេះ​ ត្រូវ​បាន​អាជ្ញាធរ​លាក់បាំង​យ៉ាង​ជិតឈឹង​មិន​ឲ្យ​ឮ​ខ្ចរខ្ចាយ​នោះ​ទេ​​ ហើយ​​​ភូមិ​សាស្ត្រ​​កើតហេតុ ​ជាប់​ព្រំប្រទល់​ចំនួន​០៣​ខេត្ត​គឺ​ខេត្ត​ព្រះវិហារ​ កំពង់ធំ ​និង​ខេត្ត​សៀមរាប។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ជា​ទាហាន​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងពេល​បំពេញភារកិច្ច​ការពារ​សន្តិសុខ​ឲ្យ​ក្រុមការងារ​ចម្រុះ ​ដែល​ដឹកនាំ​ដោយ​លោក​ស៊ូ​សិរី​ អភិបាលរង​ខេត្តព្រះវិហារ​ ចុះទៅ​ពិនិត្យមើល​សកម្មភាព​ជនខិលខូច​កាប់​រាន​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធិ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែ​ឧសភា ឆ្នាំ​២០១៦​ថា ​សព​ជនរងគ្រោះ​ឈ្មោះ​ហ៊ឹម​សួគ៌ ​ភេទ​ប្រុស​ អាយុ​ប្រមាណ​៣៩​ឆ្នាំ​ ជា​ទាហាន​បម្រើ​ការងារ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​សង្គម​ថ្មី។ មុន​កើតហេតុ​ បន្ទាប់ពី​ជនរងគ្រោះ​ដើរ​មើល​បង្គោល​របង​បោះ​ព្រំ​លើដី​ព្រៃរបស់​រដ្ឋ​ជាមួយ​ក្រុមការងារ​ចម្រុះ​សរុប​ប្រមាណ​៤០​នាក់ ​រួមមាន​លោក​អភិបាលរង​ខេត្ត​ស៊ូ​សិរី​,​នគរបាល​,​ទាហាន​,​មន្ត្រី​បរិស្ថាន​,​ជំនាញ​មេព្រៃ ​និង​មន្ត្រីរដ្ឋបាល​សាលាស្រុក​សង្គម​ថ្មី​ ក៏​ចូល​ជិះ​បាំង​ក្រោយ​ក្នុង​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ខ្មៅ​០១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា​ ក្នុង​បាំង​រថយន្ត​ខាង​មុខ​មាន​សមត្ថកិច្ច​២​នាក់​ចូល​ជិះ​មុន​ជនរងគ្រោះ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​០២​នាក់​ទៀត​ចូល​ជិះ​ក្រោយ​គេ។ ពេលនោះ​ជនរងគ្រោះ​បាន​ខិត​រំកិល​ខ្លួន​ហើយ​ស្រវា​កាន់​កាំភ្លើង​ស្រាប់តែ​ឮសូរ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​ត្រូវចំ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង។ ស្ថានភាព​មុខរបួស​របស់​សព​ជនរងគ្រោះ​ត្រូវ​ចំនួន​០២​គ្រាប់​គឺ​ចំ​ដៃ​០១​គ្រាប់​ និង​ចំ​កណ្តាលដើមទ្រូង​០១​គ្រាប់​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដួល​ដេក​ស្លាប់​ទៅ​នឹង​កៅអី​រថយន្ត។

​ ​សមត្ថកិច្ច​មូលដ្ឋាន​​សន្និដ្ឋាន​ថា​ កាំភ្លើង​អាការ​៤៧​ ដែល​លោក​ហ៊ឹម ​សួគ៌​កាន់​ក្នុង​ដៃ​ពេល​ការពារ​ក្រុមការងារ​ចម្រុះ​សង្ស័យ​បើក​សោ​ទុកចោល ​ហើយ​ចូល​ជិះ​រថយន្ត​នៅ​បាំង​ខាងក្រោយ​ភ្លេច​បិទ​សោ​វិញ​ ក៏​ប៉ះ​កៃកាំភ្លើង​ ទើប​រាលកៃ​ផ្ទុះ​គ្រាប់​ត្រូវ​ចំ​ខ្លួនឯង​តែម្តង។ សព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី​​​នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ៕

​ ​