ឈ្មួញ​នាំ​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ដាក់​ដាំ​ដូច​ហែ​កឋិន

ខេត្តមណ្ឌលគិរី ៖ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​ភ្លូកទឹកភ្លូកដី​ដូច​ហែ​កឋិន​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច​ច្រក​នេះ ចាត់វិធានការ​ទប់ស្កាត់​ឡើយ ។

ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មួយ​ចំនួន​បាន​លើក​ឡើង​ទៀត​ថា ការ​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​តាម​ច្រក​ខាងលើ​បាន​សង្ស័យ​មេ​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ទំនើប​ៗ​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ទើប​អ្វី​ៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ក៏​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​ច្នៃ និង​ម៉ូតូ​ផង​ដែរ ។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះ មេ​ប៉ុស្តិ៍​និង​បក្ខពួក​រាប់​ក្បាល​រថយន្ត​យក​លុយ​ចែក​គ្នា​យ៉ាង​សុខ​ស្រួល​បំផុត​។

តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​ដាក់​ដាំ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​យប់​មាន​រថយន្ត​ទំនើប​ៗ​ដូច​ជា ឡង់​គ្រី​ស័​រ និង​រថយន្ត​កែ​ច្នៃ ព្រមទាំង​ម៉ូតូ ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន ។ ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​ចេញពី​ភូមិ​ពូ​តាំង ភូមិ​ពូ​ទ្រូ ភូមិ​ពូ​ច្រាល ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ឆ្លង​ដែន​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រក​កង់​ឡង់ និង​ច្រក​ទ្វារ​ទ្វេភាគី​ដាក់​ដាំ ក្នុងស្រុក​អូរ​រាំង​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់នោះ​ទៀត​សោត ជា​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១ ហើយ​ថា​ឈ្មួញ​ជា​មន្ត្រី​នគរបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត ដោយសារ​គេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ច្រកព្រំដែន​រួចរាល់​អស់ហើយ ។

ដោយសារ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នាំ​ចេញ​ទៅ​ស្រុក​យួន​ទាំងនេះ ទើប​បទល្មើស​កាប់​ឈើ​នៅ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក សូ​ម្បី​តែ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​និង​តំបន់​អភិរក្ស ។

យ៉ាងណា​ក៏ដោយ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេពី​មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ លោក យូ សុធា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក៍​ដូច​ជា​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី ៕