ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក

ខេត្តកំពត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស មួយ​គ្រឿង ដែល​ប្រជាពលរដ្ឋ​ដឹង​ថា ជា​រថយន្ត​អ្នក​ដើរ​ទិញ​ស្វាយ​តាម​ចំការ​។ ដោយសារ​តែ​អ្នកបើកបរ​ងងុយដេក​ពេក ក៏​ងោក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែ​មាន​ល្បឿន​លឿន​ផង​នោះ រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ឆេះ​ទ្រលោម​រកតែ​អ្នក​ជួយ​អន្តរាគមន៍​ពន្លត់​ក៏​មិន​ទាន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលិច​រោង​លោកយាយ​ម៉ៅ​ភ្នំ​ទ្វា ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។

លោក​អនុសេនីយ៍ទោ ភោគ វឿ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្អាង​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​រថយន្ត​ខាងលើ​ជួប​ឧប្បត្តិហេតុ បើ​តាម​សម្ដី​របស់​ប្រពន្ធ​អ្នកបើកបរ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ចេញដំណើរ​មក​ពី​ផ្ទះ​នៅ​ស្រុក​កំពង់ត្រាច វេលា​យប់​ទើប​ប្តី​គាត់​មានការ​ងងុយដេក លុះ​មក​ដល់​ចំណុច​កើតហេតុ​គាត់​ងោក​មួយភាំង​ត្រង់​ចំណុច​ផ្លូវ​កោង​ផង​នោះ ក៏​ធ្វើ​ឱ្យ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ដែល​នៅ​ក្បែរផ្លូវ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​តែ​ម្តង​ទៅ​។ ហើយ​ការ​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​ខូចខាត​តែ​រថយន្ត ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។

លោកនាយ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ខាងលើ​សា​ម៉ី​ខ្លួន​ខាង​ម្ចាស់​រថយន្ត​មិន​បាន​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ពិបាក​ធ្វើការ​ទេ នេះ​គឺជា​ការ​ធ្វេសប្រហែស​ខ្លួនឯង ទើប​ជួប​ហេតុការណ៍​យ៉ាង​ដូច្នេះ​៕