ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ឃាតករ​លប​បាញ់​​ត្រូវ​ចំនួន​៨​គ្រាប់​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​អង្គុយ​ហូប​បាយ​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ណ​ង​រឿ ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ា​ប់ អាយុ​៤០​ឆ្នាំ មាន​ប្តី​ជា​ជនជាតិ​ថៃ​ឈ្មោះ ស៊ុមយុ​ត ​អាក់​នុ​តាក់​ភី​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ។ ស្ត្រី​រង​គ្រោះ​ត្រូវ​ឃាតករ​បាញ់​៨​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ពេល​នេះ​សមត្ថកិច្ច​ថៃ​កំពុង​បើក​ការ​ស៊ើប​អ​ង្គេ​ត​លើ​ករណី​លប​បាញ់​សម្លាប់​ស្ត្រី​រង​គ្រោះ​នេះ ។

ជុំវិញ​បញ្ហា​ខាងលើ «​កោះសន្តិភាព​» ព្យាយាម​ទាក់ទង​លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដើម្បី​សុំ​កា​បំភ្លឺ​ដែរ​តែ​ទំនាក់ទំនង​មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​ទូរស័ព្ទ​របស់​លោក​តេ​មិន​ចូល​ ហើយ​តាម​រយៈ​ប្រព័ន្ធ​វាត់​អាប់ (Whatsapp) របស់​លោក​ផ្ទាល់​ពេល​ភ្នាក់ងារ​«​កោះសន្តិភាព​»​សាកសួរ​ដូច​សព្វមួយដង ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​ផង​ដែរ ៕