កម្ពុជា​បំបែក​ភាព​អស្ចារ្យ ក្នុង​នាម​ម្ចាស់​ផ្ទះ​លើក​ទី​១​នៃ​សមាជ​អ្នក​វាយ​តម្លៃ​អាស៊ាន

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ( CVEA) លោក គឹម ហ៊ាង បាន​វាយ​តម្លៃ​ថា អង្គ​សមាជ​លើក​ទី​១៩​របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​លើក​ទី​១​នេះ បាន​បំបែក​ភាព​អស្ចារ្យ​លើស​ពី​ការ​រំពឹង​ទុក ដោយ​មាន​អ្នក​ចូល​រួម​ច្រើន​លើស​ប្រទេស​ធ្លាប់​ធ្វើ​ដទៃ និង​បទ​ពិសោធន៍​ពី​អ្នក​ពាក់​ព័ន្ធ​ផ្នែក​វិស័យ​ដី​ធ្លី និង​អចលនទ្រព្យ​ដែល​កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​ពី​មុន​មក។

 

កម្ពុជា​បំបែក​ភាព​អស្ចារ្យ ក្នុង​នាម​ម្ចាស់​ផ្ទះ​លើក​ទី​១​នៃ​សមាជ​អ្នក​វាយ​តម្លៃ​អាស៊ាន

 

“វា​អាច​ចាត់​ទុក​ថា ជា​ប្រវត្តិសាស្ត្រ​មួយ ដោយ​មាន​អ្នក​ចូល​រួម​ច្រើន សរុប ៤០០​នាក់ ព្រោះ​នៅ​ប្រទេស​គេ​ដែល​សមាជ​នេះ​ធ្វើ​កន្លង​មក មាន​អ្នក​ចូល​រួម​មិន​ដល់​នេះ​ទេ”។ លោក គឹម ហ៊ាង បញ្ជាក់​ថា វាគ្មិន​នៃ​បណ្ដា​ដៃ​គូ​មក​ពី​អាស៊ាន មាន​ការ​ភ្ញាក់​ផ្អើល​នូវ​ចំនួន​អ្នក​ចូល​រួម​ច្រើន​បែប​នេះ ដែល​ពួក​គេ​ធ្លាប់​គិត​ថា ប្រហែល​មាន​អ្នក​ចូល​រួម​ ៥០-១០០ នាក់​ប៉ុណ្ណោះ តែ​កម្ពុជា​អាច​ធ្វើ​បាន​លើស​ការ​រំពឹង​ទុក។

 

ក្រៅ​ពី​នេះ តាម​រយៈ​សមាជ​​បាន​ជួយ​បណ្ដុះ​បណ្ដាល​សិក្ខាកាម​លើ​វិស័យ​ដី​ធ្លី និង​អចលនទ្រព្យ​នានា​នៅ​កម្ពុជា​ ឲ្យ​ទទួល​បាន​បទពិសោធន៍​ល្អ​ពី​វាគ្មិន​មក​ពី​ប្រទេស​ខ្លាំង​ៗ​នៅអា​​ស៊ាន ដែល​កន្លង​មក​កម្ពុជា​មិន​ទាន់​យល់​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​វាយ​តម្លៃ​អាជីវកម្ម ការ​វាយ​តម្លៃ​គ្រឿង​ម៉ាស៊ីន សណ្ឋាគារ  និង​ខុនដូ​នោះ​ទេ។

 

កម្ពុជា​បំបែក​ភាព​អស្ចារ្យ ក្នុង​នាម​ម្ចាស់​ផ្ទះ​លើក​ទី​១​នៃ​សមាជ​អ្នក​វាយ​តម្លៃ​អាស៊ាន

 

លើស​ពី​នេះ លោក ថា បាន​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនាញ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​ពឹង​ ឬ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​វាយ​តម្លៃ​ក្រៅ​ប្រទេស​ដែល​វិនិយោគិន​បាន​កំណត់​ដូច​មុន​នោះ​ឡើយ។

 

អង្គ​សមាជ​និង​សិក្ខាសាលា​ស្ដី​ពី “អាស៊ាន​តែ​មួយ ស្តង់​ដា​នៃ​ការ​វាយ​តម្លៃ​តែ​មួយ” ដែល​ប្រព្រឹត្ត​រយៈពេល​៤​​ថ្ងៃ​នៅ​សណ្ឋាគារ សូហ្វីតែល បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាល​ពី​ម្សិល​មិញ។ ទោះ​រយៈពេល​ខ្លី តែ​លោក  គឹម ហ៊ាង យល់​ថា វា​ផ្ដល់​នូវ​សារប្រយោជន៍ និង​ចំណេះដឹង​ច្រើន​ដែល​កន្លង​មក​កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​សោះ​ឡើយ៕

 

អត្ថបទ៖ លឹម សុនា