លោក​គី​ម ជុង​អ៊ុ​ន ថា​នឹង​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មុន​លើកលែង​ការ​រំលោភ​បំពាន​អធិបតេយ្យភាព

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ដោយ​សន្យា​ថា​នឹង​ពុំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុន​ឡើយ​លើកលែងតែ​អធិបតេយ្យភាព​របស់​ខ្លួន​ត្រូវ​រំលោភ​បំពាន ។

លោក​គី​ម ជុង​អ៊ុ​ន អះអាង​បែប​នេះ​ក្នុង​សុន្ទរកថា​មួយ​នា​ឱកាស​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ​កូរ៉េ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ក្រុង​ព្យុ​ង​យ៉ាង​ចាប់តាំងពី​ថ្ងៃ​ទី​៦ ឧសភា មក។ លោក​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​របស់​លោក​នឹង​សន្យា​ចំពោះ​ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ និង​ការ​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ។

កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ ឆ្នាំ​២០១៣ ព្រមទាំង​នា​ខែមករា ឆ្នាំ​២០១៦​នេះ ។

លោក​គី​ម ជុង​អ៊ុ​ន ក៏​អំពាវនាវ​ផង​ដែរ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​បញ្ឈប់​ការ​អុជអាល​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​អន្តរ​កូរ៉េ ហើយ​កុំ​ជ្រៀតជ្រែក​ចូ​ូ​ល​កិច្ចការ​ផ្ទៃក្នុង​របស់​ឧបទ្វីប​កូរ៉េ។ លោក​អះអាង​ថា លោក​បើកទ្វារ​ទៅ​រក​ការ​កែ​លម្អ​ទំនាក់ទំនង​របស់​កូរ៉េ​ខាងជើង​ជាមួយ​បណ្តា​ប្រទេស​ដែល​គោរព​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​ខ្លួន ។

មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ទៀត​ថា គោលបំណង​របស់​បក្ស​គឺ​ចង់បាន​ពិភពលោក​មួយ​ដែល​គ្មាន​សង្គ្រាម ដោយ​លោក​អះអាង​ថា កូរ៉េ​ខាងជើង និង​បក្ស​ពលករ​បាន​ខិតខំ​ធ្វើការ​ដើម្បី​សន្តិភាព និង​សន្តិសុខ​តំបន់ ព្រមទាំង​សន្តិសុខ​ជា​សាកល ។

ទាក់ទិន​នឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ លោក​គី​ម ជុង​អ៊ុ​ន និយាយ​ថា គោលបំណង​គឺ​ចង់ឱ្យ​សម្រេច​បានការ​បង្រួបបង្រួម​ដោយ​ឯករាជ្យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា​របស់​ប្រជាជន និង​ថា​ការ​ខិតខំ​ប្រឹងប្រែង​ផ្សេង​ៗ​ត្រូវ​បាន​ធ្វើ​សម្រាប់​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​ក្នុង​គ្រប់​កម្រិត ព្រមទាំង​ផ្តោត​លើ​បញ្ហា​ផ្សេង​ៗ ។ លោក​ពោល​ថា ចាំបាច់​ត្រូវ​កែ​លម្អ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២ ដោយ​លោក​ពន្យល់​ថា ប្រទេស​ទាំង​២​ត្រូវ​គោរព​គ្នា​ទៅ​វិញ​មក ហើយ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​បើក​ទំព័រ​ថ្មី ដែល​អាច​ថ្ងៃ​ណាមួយ​ឈាន​ទៅ​ដល់​ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ ។

លោក​គី​ម ជុង​អ៊ុ​ន ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​បន្ត​ពិនិត្យ​មើល​របស់​ដែល​ហៅ​ថា ធម្មនុញ្ញ​មាន​៣​ចំណុច សម្រាប់​ការ​បង្រួបបង្រួម​ជាតិ ដែល​រួម​មាន​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​៤ កក្កដា ចេញផ្សាយ​ដោយ​កូរ៉េ​ទាំង​២​កាលពី​ឆ្នាំ​១៩៧២ ព្រមទាំង​ទិស​ដៅ​នយោបាយ​កូរ៉េ​ខាងជើង ដែល​លើក​ឡើង​កាលពី​ឆ្នាំ​១៩៨០ និង​១៩៩៩ ៕