មួយ​ម៉ឺន​ជួប​មួយ ប្រពន្ធ​ដេញ​វាយ​ប្តី​រាល់ថ្ងៃ

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ភាគច្រើន​ផ្ដើម​ចេញពី​ខាង​ប្ដី លួច​ទៅ​មាន​ស្រី​ក្រៅ​ផ្ទះ ក្បត់ចិត្ត​ប្រពន្ធ ឬ​ដើរ​លេង​ល្បែងស៊ីសង និង​ដើរ​ផឹកស៊ី​មិន​គិត​ការងារ​រកស៊ី​ជាដើម​រហូត​ធ្វើ​ឲ្យ​ស្រី​ជា​ប្រពន្ធ​អត់ទ្រាំ​មិន​បាន​កើត ក៏​មាន​ជម្លោះ​ឡើង ហើយ​ត្រូវ​ប្ដី​វាយ​ធ្វើបាប រហូត​មាន​ទាំង​ដុត​ផ្ទះ​ចោល​ថែម​ទៀត បណ្ដាល​ឲ្យ​បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ​។

ពេល​នេះ ស្រាប់តែ​មានគ្រួសារ​មួយ​ដែល​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១៦​ឆ្នាំ​មក​ហើយ ខុស​ប្លែក​ពី​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ ដោយ​បុរស​ជា​ប្ដី​បាន​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ គឺ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ គឺ​ថ្ងៃ​ណា​ក៏​ស្រវឹង ហើយ​រករឿង​ជេរ​ប្រមាថ និង​ដេញ​កាប់ ដេញ​​វាយ​បុរស​ជា​ប្ដី​គ្មាន​លស់​ថ្ងៃ និង​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល​ថែម​ទៀត​ផង ក្រោម​លេស​ប្រច័ណ្ឌ​ជាមួយ​ស្រី​ផ្សេង​។ ដោយ​អត់ទ្រាំ​លែង​បាន និង​មានការ​ភ័យ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ទើប​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦ បុស​នោះ​បាន​ដឹក​ដៃ​កូនប្រុស អាយុ​១៣​ឆ្នាំ​ម្នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​អ​ជ្ញា​ធរ ។ ប៉ុន្តែ​ដោយសារ ថ្ងៃនេះ​គឺជា​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ ទើប​គាត់​មិន​បាន​ជួប​អាជ្ញាធរ​ឡើយ តែ​បាន​ជួប​ជាមួយ​មន្ត្រី​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ ហើយ​ប៉ូលិស​បាន​ផ្ដល់​ឲ្យ​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ប៉ូលិស​ជួយ​អន្តរា​គមន៍​នៅ​ពេល​ដែល​ប្រពន្ធ​ប្រើ​ហិង្សា​ទៅ​លើ​គាត់​ទៀត​។

បុរស​ដែល​ត្រូវ​ប្រពន្ធ​ធ្វើបាប​នោះ​ឈ្មោះ ទី អៀង​ប៉ាត់ អាយុ​៥២​ឆ្នាំ មុខរបរ​ជា​ចុងភៅ​ប្រចាំ​នៅ​ភោជនីយដ្ឋាន « ប៉ី​ជី​ង​» ចំណែក​ប្រពន្ធ​ឈ្មោះ សាយ សុភាព អាយុ​៥៣​ឆ្នាំ អតីត​ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ ហើយ​ក្រោយ​ពេល​អ្នក​ទាំង​ពីរ​នាក់ ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាង​១៦​ឆ្នាំ​កន្លង​មកនេះ បានកូន​ប្រុស​ម្នាក់ ដែល​ពេល​នេះ​កូនប្រុស​មាន​អាយុ​១៣​ឆ្នាំ​ហើយ សព្វថ្ងៃ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ជា​ប្ដី​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គាត់ និង​ប្រពន្ធ​បាន​រៀប​ការ​នឹង​គ្នា​មាន​រយៈពេល​ជា​១៦​ឆ្នាំ​កន្លង​មក​ហើយ ដែល​ពន្លក​ស្នេហ៍​នោះ​ដុះ​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ ប៉ុន្តែ​ក្រោយ​ពេល​ស្ទាបស្ទង់​ចិត្តថ្លើម​គ្នា​រយៈពេល​២​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០០០ ទើប​ពិធី​មង្គលការ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​។ កាល​ណោះ​គាត់​នៅ​កំលោះ ចំណែក​ប្រពន្ធ​​គាត់ គឺជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ ហើយ​អ្វី​ដែល​បាន​ជួប​គ្នា រហូត​បង្កាត់ភ្លើង​ស្នេហ៍​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នោះ គឺ​ខណៈនោះ​គាត់​ជា​ចុងភៅ​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន យីហោ «​ប៉ី​ជី​ង​»​។ ដោយឡែក​ប្រពន្ធ​របស់​គាត់​តែងតែ​ទៅ​ហូប​ស៊ុប​នៅ​ទីនោះ​ញឹកញាប់ ទើប​ស្គាល់គ្នា ហើយដោយ​មើលឃើញ​នាង​មាន​ច​រិ​កឫក​ពារ​ស្រគត់ស្រគំ​គួរ​ឲ្យ​ស្រលាញ់ ទើប​គាត់​បាន​ចាប់ចិត្ត​ស្រលាញ់ ហើយ​នាង​ក៏​ព្រម​ស្រលាញ់​គាត់​វិញ​ដែរ​។

បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​បាន​មើលឃើញ​ពី​សម្បក​ក្រៅ តែ​ក្រោយ​ពេល​រៀប​ការ​បាន​មួយ​រយៈពេល​ខ្លី ប្រពន្ធ​គិតតែ​ផឹកស៊ី​ស្រវឹង​អួរ​ទី​នួ​រាល់ថ្ងៃ និង​បាន​រករឿង​គាត់​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត​ស្ទើរ​បែក​ទ្រូង​។ ជា​និច្ចកាល​ឲ្យ​តែ​ស្រវឹង​ប្រពន្ធ​គាត់​បាន​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល និង​ដេញ​វាយ ដេញ​កាប់​គាត់​ជា​បន្ត​បន្ទាប់ មិនតែប៉ុណ្ណោះ​ប្រច័ណ្ឌ​គាត់​ជាមួយ​កម្មការិនី​រោងចក្រ​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ ហើយ​រឿង​គួរ​ឲ្យ​អស់សំណើច​ទៀត​នោះ កម្មការិនី​ម្នាក់​ដែល​ជួល​ផ្ទះ​គាត់​ស្នាក់​នៅ​នោះ មាន​​ផ្ទៃពោះ​ជាមួយ​សង្សារ​គេ ហើយ​សង្សារ​ក៏​បោះបង់​ចោល ស្រាប់តែ​ប្រពន្ធ​គាត់​បាន​ចោទប្រកាន់​ថា គាត់​ជា​អ្នក​ធ្វើ​ឲ្យ​នាង​ម្នាក់​នោះ មាន​ផ្ទៃពោះ​ទៅ​វិញ និង​បាន​ចោទ​ថា គាត់​យក​លុយ​ឲ្យ​ស្រី​ថែម​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​គ្មាន​ស្រី​ញី​ឯណា​ក្រៅ​ផ្ទះ​នោះ​ទេ គឺ​ស្រលាញ់​ប្រពន្ធ​ណាស់ ព្រោះ​ពេល​នេះ​ខ្លួន​កាន់តែ​ចាស់​ៗ​អស់​ទៅ​ហើយ មិនមែន​ក្មេង​ដូច​ពេល​មុន​ទៀត​ទេ ការ​មាន​ស្រី​ក្រៅ​នាំ​ឲ្យ មាន​បញ្ហា​ក្នុង​គ្រួសារ បាត់បង់​សុភមង្គល និង​នាំ​ឲ្យ​ខ្មាស​អៀន​អ្នក​ស្រុកភូមិ​ថែម​ទៀត​។ ម្យ៉ាងទៀត​ពេល​នេះ គាត់​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ គឺ​មិន​មែន​ចង់​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​នោះ​ទេ ថ្វី​ដ្បិត​ពេល​នេះ ប្រពន្ធ​គាត់​ក្លាយជា​មនុស្ស​សរសៃប្រសាទ​ទៅ​ហើយ​ក្ដី គឺ​គាត់​គ្រាន់តែ​ចង់​ការពារ​ជីវិត​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ថ្មី​ៗ​នេះ គាត់​ស្ទើរតែ​ត្រូវ​ប្រពន្ធ​កាប់​ស្លាប់​ម្ដង​មក​ហើយ ដោយ​ប្រពន្ធ​ផឹក​ស្រវឹង​ដេញ​កាប់​រត់​មិន​ចង់​រួច រហូត​មាន​អន្តរាគមន៍​ពី​ប៉ូលិស ទើប​រួច​ពីមុខ​កាំបិត​ប្រពន្ធ​។

ទាក់ទិន​ទៅ​និង​ហេតុការណ៍​នោះ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ទេ ហើយ​ចំណែក​បុរស​ជា​ប្ដី​បាន​ដឹក​ដៃ​កូនប្រុស​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ក្នុង​ទឹកមុខ​ភ័យ​ខ្លាច ហើយ​ខណៈនោះ​បាន​មន្ត្រី​ប៉ូលិស​មានការ​អាណិតអាសូរ ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ជួយ​អន្តរាគមន៍ ប្រសិនជា​ប្រពន្ធ​ដេញ​កាប់​ទៀត ទើប​គាត់​ស្ងប់ចិត្ត និង​បាន​នាំ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕