ក្រុម​ទ័ព លែង​បារម្ភ​ចំពោះ​ការ​ប្រជែង​យក​តំណែង​​លេខ​១​ពី​​ក្រុម​បឹងកេត នៅ​ថ្ងៃ​នេះ

​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) ​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​​អាស៊ីអឺរ៉ុប កាល​ពី​ថ្ងៃសៅរ៍ ម្សិល​មិញដូច​ការ​រំពឹង​ទុក ហើយ​លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​រក្សា​តំណែង​លេខ​១​នៅ​លើ​កំពូល​តារាងនៃ​​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ​យ៉ាង​ជោគ​ជ័យ គឺ​មិន​បារម្ភ​ពី​ការ​ប្រជែង​របស់​ក្រុម​បឹង​កេតអង្គរ នៅ​ថ្ងៃ​អាទិត្យ​នេះ​ឡើយ។
mm1
សម្រាប់​ការ​ប្រកួត​នៅ​ស្តាត​ចាស់ កាល​ពី​ថ្ងៃសៅរ៍​នោះ ក្រុម​ទ័ព បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ២-១។ ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េខាង​ជើង Kim Kyong Hun បាន​រក​គ្រាប់​បាល់​ទី​១​ឲ្យ​​ក្រុម​ទ័ព នៅ​នាទី១៨ មុន​ពេល​ជន​រួម​ជាតិ​របស់​គេ Choe Myong Ho បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៦៣ ប៉ុន្តែ​ការ​បង្កើត​លកំហុស​នៅក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុម​ទ័ព បាន​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ទៅ​អាស៊ីអឺរ៉ុប ហើយ​កីឡាករ សឿង សុបញ្ញា ជាអ្នក​ធ្វើ​បាន​សម្រេច​នៅនាទី​៧៥។

លទ្ធ​ផល​ឈ្នះជា​លើក​ទី​៦ ក្នុង​ចំណោម​៧​ប្រកួត​នេះ បាន​ជួយ​ឲ្យ​ក្រុម​ទ័ព​មាន​១៨​ពិន្ទុ និង​បន្តឈរ​នៅ​លើ​កំពូល​តារាង​បាន​មួយ​សប្តាហ៍​ទៀត គឺ​ពួក​គេ​មិន​បារម្ភ​ពី​ការ​ប្រជែង​ដោយ​ប្រយោល​របស់​បឹង​កេត ទៀត​នោះ​ឡើយ បើ​ទោះ​បីជា បឹង​កេត ដែល​កំពុង​មាន​១៥​ពិន្ទុ អាច​មាន​លទ្ធ​ផល​យក​ឈ្នះ​ក្រុម​ប៉ូលិស សម្រាប់​ការ​ជួប​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង​៣:៣០ថ្ងៃ​អាទិត្យ​នេះ​ក៏​ដោយ។
mm2
ចំណែក​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា(ស៊ីម៉ាក់) បាន​យក​ឈ្នះ​ក្រុម​វេស្ទើន ៤-២ ក្នុង​ជំនួបនៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃសៅរ៍ ម្សិល​មិញ​នោះ​ដែរ ដែល​ធ្វើ​ឲ្យ​ក្រុមស៊ីម៉ាក់ នៅ​ពេល​នេះ​​មាន​៧ពិន្ទុ តែ​វេស្ទើន នៅ​តែ​រក​មិន​ទាន់​ឃើញ​ការ​ឈ្នះដូច​ក្រុម​អាស៊ីអឺរ៉ុប​ដែរ។

ដោយ​ឡែក ក្រុម​ភ្នំពេញ​ក្រោន បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៤ ជា​បណ្តោះ​អាសន្ន ដោយ​មាន​១១ពិន្ទុ បន្ទាប់​ពី​ពួក​គេ​​​បាន​យក​ឈ្នះ​ឈរ​នៅ​លេខ​រៀង​ទី​៣ ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ទី​តាំងលេខ​៤​​នេះ អាច​នឹង​ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​ក្រុម​ណាហ្គាវើល ឬខេមបូឌាន​ថាយហ្គឺរ វិញ ខណៈ​ក្រុម​ទាំង​២​នេះ នឹងប្រជែង​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៦ ហើយ​អ្នក​ឈ្នះ នឹង​ឡើង​ទៅ​ឈរ​លេខ​រៀង​ទី​៤ ព្រោះ​ពេល​នេះ​ណាហ្គាវើល មាន​១០​ពិន្ទុ ឯ​ខេមបូឌាន​ថាយហ្គឺរ មាន​៩ពិន្ទុ៕