អីុរ៉​ង់​អះអាង​ពី​ការ​ស្លាប់​ទីប្រឹក្សាយោធា​13​នាក់​នៅ​ស៊ី​រី

កង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​អះអាង​កាលពី​ថ្ងៃ​ទី​៧ ឧសភា ពី​ការ​ស្លាប់​ទីប្រឹក្សាយោធា​អីុរ៉​ង់​១៣​នាក់​ក្នុង​ជម្លោះ​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អាន​តាម​ទូរទស្សន៍ PRESS TV កង​ឆ្មាំ​បដិវត្តន៍​ឱ្យ​ដឹង​ថា ទីប្រឹក្សាយោធា​អីុរ៉​ង់​២១​នាក់​ទៀត​រង​របួស​នៅ​ស៊ី​រី ។ បណ្តា​ទីប្រឹក្សាយោធា​អីុ​រ៉​ង់​ត្រូវ​ស្លាប់ និង​របួស​នៅ​ខាន់​ទូ​ម៉ា​ន់ ជាទី​ក្រុង​មួយ​នៃ​ខេត្ត​អា​ឡែ​ប​ភាគ​ពាយ័ព្យ​ស៊ី​រី ។

ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ដែល អ​.​ស​.​ប ចាត់ទុកជា​អង្គការ​ភេរវកម្ម​បាន​ធ្វើការ​វាយលុក​ដោយ​ទ្រ​ទ្រាយ​ធំ​មួយ​នៅ​ខាន់​ទូ​ម៉ា​ន់​កាលពី​២​ថ្ងៃមុន​នេះ ។

អីុ​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​សំខាន់​នៃ​របប​ក្រុង​ដា​ម៉ាស់ ក្នុង​ជម្លោះ​ស៊ី​រី​លាតត្រដាង​នា​ពេល​មុន​នេះ​ពី​វត្តមាន​បណ្តា​ទីប្រឹក្សាយោធា​របស់​ខ្លួន​នៅ​ស៊ី​រី ។ ដោយ​ដកស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​មួយ​រូប​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់ TASNIM រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ឧសភា កន្លង​មកនេះ​ថា អីុរ៉​ង់​បាន​ដាក់​ពង្រាយ​បណ្តា​សមាជិក​កង​កុំម៉ង់ដូ​នៃ​កងទ័ពជើងគោក​របស់​ខ្លួន​នៅ​ស៊ី​រី​សម្រាប់​បំពេញបេសកកម្ម​ជា​ទីប្រឹក្សាយោធា ៕