ហេតុ​អ្វី​ការ​កាប់​បំផ្លាញ​ឈើ​គ្រញូង​នៅ​តែ​មិន​អាច​ទប់ស្កាត់?

ខេត្តកំពង់ចាម ៖ សកម្មភាព​ដឹកឈើ​គ្រញូង​នូវ​តែ​បន្ត​មាន​ដដែល ត្រូវ​បាន​ឈ្មួញ​ដឹក​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​វៀត​ណាម ។

ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ឃាត់​រថយន្ត​១​គ្រឿង ប្រភេទ​ឡិច​ស៊ី​ស 330 ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 2A-0869 ដឹកឈើ​គ្រញូង ត្រង់​ចំណុច​ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦​។  ក្នុង​នោះ​មាន​ឈើ​ទម្ងន់​២៧០​គីឡូក្រាម និង​ឃាត់​មនុស្ស​២​នាក់​ផង​ដែរ ។

នគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​រថយន្ត​ខាងលើ បាន​បើក​ចេញពី​ខេត្តកំពង់ធំ ដោយ​មានការ​សង្ស័យ​ដឹកឈើ​គ្រញូង​នោះ ក៏​កម្លាំង​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​កម្លាំង​នគរបាល​ស្រុក​ជើងព្រៃ ជួយ​អន្តរាគមន៍​ស្ទាក់​ឆែកឆេរ​ត្រួតពិនិត្យ ហើយដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត​នោះ ក៏​បាន​ឲ្យ​មន្ត្រី​នគរ​បាល​ដែល​ប្រចាំការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ចំណុច​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ព្រមទាំង​នគរបាល​សេដ្ឋកិច្ច​ចាំ​ឃ្លាំមើល ។

នគរបាល​ស្រុក​ជើងព្រៃ បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ក៏​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស បាន​បើក​មក​ចូល​ដី​ជើងព្រៃ​មែន ហើយ​ក៏​ហៅ​ឲ្យ​ឈប់ ដើម្បី ត្រួតពិនិត្យ ក៏​ឃើញ​នៅ​លើ​រថយន្ត​នោះ​មាន​ឈើ​គ្រញូង​មែន មាន​បរិមាណ​២៧០​គីឡូក្រាម និង​ឃាត់​មនុស្ស​២​នាក់ ក្នុង​នោះ​មានៈ​១-​ឈ្មោះ ឈី​ន ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អង្គ​ជ័យ ឃុំ​អង្គ​ជ័យ ស្រុក​កំពត ខេត្តកំពត ជា​អ្នកបើកបរ​រថយន្ត ២-​ឈ្មោះ ផ្លុ​ង ហាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ មហា​សៀ​ក ឃុំ​មហា​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ត្រី ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បញ្ជាក់​ថា នា​ព្រឹក​ដដែល​លោកស្នងការ​នគរបាល​ខេត្ត បាន​អនុញ្ញាត​ឲ្យ​ប្រគល់​រថយន្ត​ដឹកឈើ រួម​ទាំង​វត្ថុ​តាង​ដែល​រឹបអូស​បាន និង​ជនសង្ស័យ​២​នាក់ ឲ្យ​ទៅ​ម្ចាស់​ករណី​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​ដឹកឈើ​គ្រញូង ក្នុង​នោះ​មាន​បន្លំ​ដឹក​តាម​រថយន្ត​ឡិច​ស៊ី​ស 330 ខាងលើ​នេះ​ជាដើម រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​បន្លំ​ដាក់​គ្រញូង​ពី​ខាងក្រោម​ជា​ច្រើន​តោន ដើម្បី​ឆ្ពោះទៅ​កាន់​ទីផ្សារ​ព្រំដែន​វៀតណាម ដែល​មាន​តម្លៃ​ខ្ពស់​រាប់​ម៉ឺន​ដុល្លារ​៕