2​គ្រាប់​របស់ Lewandowski ធ្វើ​ឱ្យ Bayern Munich គ្រង​តំណែង​ជើងឯក​ជា​លើក​ទី​4​ជាប់​ៗ​គ្នា

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូ​ឡូញ​របស់​ក្លិប Bayern Munich កីឡាករ Robert Lewandoski​រកបាន​២​គ្រាប់​ឱ្យ​ក្លិប​របស់​ខ្លួន ក្នុង​ការ​ប្រកួត​យកឈ្នះ​ក្លិប Ingolstadt ២-១ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ធ្វើ​ឱ្យ​ក្លិប​Bayern Munich​ក្លាយជា​ម្ចាស់​ជើងឯក Bundesliga សម្រាប់​រដូវ​កាល​២០១៥-២០១៦ ។ លទ្ធផល​នេះ​បង្ហាញ​ថា នេះ​ជា​ជ័យជម្នះ​លើក​ទី​៣​របស់​គ្រូបង្វឹក​លោក Pep Guardiola ដែល​ដឹកនាំ​ក្លិប​នេះ​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ហើយ​ក៏​ជា​ជ័យជម្នះ​ចុង​ក្រោយ​មុន​ពេល​លោក​ចាក​ចេញពី​ក្លិប​នេះ​ទៅ​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប Man City នៅ​រដូវ​កាល​ក្រោយ​។

ចំណែក​ក្លិប​Dortmund ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​២​ក្នុង​តារាង (Bundesliga) បាន​ចាញ់​ក្លិប​Eintracht១-០​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ជា​ហេតុ​ធ្វើ​ឱ្យ​ក្លិប​Bayern Munich​ដែល​មាន​៨៥​ពិន្ទុ​លើស​ក្លិប​Dortmund៨​ពិន្ទុ និង​នៅ​សល់​ការ​ប្រកួត​តែ​១​លើក​ចុង​ក្រោយ​ប៉ុណ្ណោះ ។

ខ្សែប្រយុទ្ធ​ក្លិប Bayern Munich​កីឡាករ Thomas Mueller បាន​និយាយ​ថា​៖«​កីឡាករ​ទាំងអស់​បាន​សហការ​គ្នា​លេង​យ៉ាង​ល្អ ហើយ​នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយទៀត​របស់​ពួក​យើង​ផង​ដែរ ។ ម្យ៉ាងវិញទៀត ចំពោះ​ក្លិប Dortmund វិញ ក៏​ជា​ក្លិប​មួយ​មិនធម្មតា​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​លំដាប់​ពិន្ទុ​តាម​យើង​ពីក្រោយ​រហូត​ក្នុង​ក្របខ័ណ្ឌ Bundesliga នេះ​។ ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ពួក​យើង​ដែល​បាន​លើក​ពាន​ជើងឯក​៤​លើក​ជាប់​ៗ​គ្នា​ដែល​ពី​មុន​មិន​ធ្លាប់​មាន »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប Bayern Munich នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ​ទៀត​ជាមួយ​ក្លិប Hannover នៅ​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ​នេះ ដែល​បច្ចុប្បន្ន​ក្លិប​នេះ​ឈរ​នៅ​លំដាប់​ទី​១​ក្នុង​តារាង ៕