យល់ថាមកពីអ្វី ទើបមនុស្ស ក្នុងភូមិនេះ សម្លាប់ខ្លួន ម្តងម្នាក់ៗ សឹងរាល់ថ្ងៃ?

ឥណ្ឌា៖ មានរឿងចម្លែក ក៏មិនអាចពន្យល់បាន ថាមកពីអ្វីមួយទៀតហើយ បានកើតឡើងនៅក្នុងភូមិមួយ នៃប្រទេសឥណ្ឌា ដោយក្នុងនោះ មានមនុស្សរស់នៅទីនោះ ជាច្រើននាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួន បន្តបន្ទាប់គ្នា ពោលគឺសឹងតែរាល់ថ្ងៃ ដោយមិនដឹងមូលហេតុ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ភូមិដែលកើតមាន ហេតុភេទចម្លែកនេះ មានឈ្មោះថា Badi ស្ថិតនៅក្នុងរដ្ឋ Pradesh របស់ប្រទេសឥណ្ឌា ហើយវាត្រូវបានមនុស្សជាច្រើន ជាពិសេសអ្នកភូមិនៅទីនោះផ្ទាល់ ជឿជាក់ថារឿងនេះ កើតឡើងដោយសារ មានអំពើអាបធ្មប់ ឬក៏មានវត្តមានព្រលឹងព្រាយបិសាច បានចូលមកយាយី ក្នុងភូមិនោះ។ 

បើតាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមក នៅក្នុងភូមិមួយនេះ មានករណីមនុស្សធ្វើអត្តឃាត ចំនួន៣៨១ករណី ដោយក្នុងនោះភាគច្រើន គឺគេមិនបានដឹងថា មកពីមូលហេតុអ្វី ទើបធ្វើឲ្យជនរងគ្រោះ ដាច់ចិត្តធ្វើអត្តឃាតនោះឡើយ។ សម្រាប់ឆ្នាំនេះវិញ ពោលគឺត្រឹមដើមឆ្នាំប៉ុណ្ណោះ មានអ្នកភូមិ Badi ដល់ទៅ៨០នាក់ទៅហើយ បានសម្លាប់ខ្លួន។

លោក Rajendra Sisodiya ប្រធានភូមិដែល ទើបនឹងឡើងកាន់តំណែងថ្មី ប្រហែលជា២ខែមុន ពោលគឺក្រោយពី បងជីដូនមួយរបស់គាត់ឈ្មោះថា Jeevan ដែលជាអតីតប្រធានភូមិនេះ បានចងកសម្លាប់ខ្លួន នៅនឹងដើមឈើមុខផ្ទះ របស់គាត់ បានប្រាប់ឲ្យដឹងថា “នៅក្នុងភូមិនេះ មាន៣២០គ្រួសារ កំពុងរស់នៅ ហើយយ៉ាងហោចណាស់ ក៏មានសមាជិកមកពីគ្រួសារនីមួយៗ ម្នាក់ដែរ ដែលបានធ្វើការ សម្លាប់ខ្លួន។ ក្នុងនោះដែរ ម្តាយ និងប្អូនប្រុសរបស់ខ្ញុំ ក៏បានធ្វើការសម្លាប់ខ្លួន ផងដែរ”។

ជាមួយគ្នានេះដែរ នាយប៉ូលីសប្រចាំតំបន់ Amit Singh បាននិយាយថា “ការបាក់ទឹកចិត្ត និងទុក្ខសោក មិនមែនជាមូលហេតុ នាំឲ្យមនុស្សនៅក្នុងភូមិនេះ ធ្វើការសម្លាប់ខ្លួន យ៉ាងច្រើនរង្គាល ដូច្នេះនោះទេ ប៉ុន្តែមកទល់ពេលនេះ ពួកយើងក៏មិនទាន់អាច រកឃើញនូវមូលហេតុពិតដែរ តែយ៉ាងណាមិញ មនុស្សភាគច្រើនយល់ថា មូលហេតុធំបំផុតនោះគឺ អំពើអាបធ្មប់ ដែលបង្កឲ្យមានវិញ្ញាណអាក្រក់ មកតាមយាយី មនុស្សនៅក្នុងភូមិ”។

គូសបញ្ជាក់ផងដែរថា នេះគឺជារឿងហេតុ ដែលបានកើតឡើងនៅក្នុងភូមិមួយ នៃប្រទេសឥណ្ឌា ហើយវាក៏កំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល និងចង់ដឹងយ៉ាងខ្លាំង ថាមកពីហេតុអ្វី ទើបនាំឲ្យអ្នកភូមិនៅទីនោះ ធ្វើការសម្លាប់ខ្លួន បន្តបន្ទាប់គ្នាបែបនេះ៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ថាមកពីអ្វី ទើបមនុស្ស ក្នុងភូមិនេះ សម្លាប់ខ្លួន ម្តងម្នាក់ៗ សឹងរាល់ថ្ងៃ?
ទិដ្ឋភាពមួយផ្នែក នៃភូមិដែលកើតមាន រឿងចម្លែកនោះ