កម្មករ​នេសាទ​ជនជាតិ​ខ្មែរ​នៅ​ថៃ​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ និង​រំលោភ​​លើ​ទេសចរ​បារាំង​នៅ​ថៃ​

ជនជាតិ​ខ្មែរ​៥​នាក់​ ដែល​​ជា​កម្មករ​នេសាទ​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ និង​រំលោភ​លើ​ទេសចរ​ជនជាតិ​បារាំង​នៅ​កោះ​គុត​ ខេត្ត​ត្រាត​ តាម​ការ​ចង្អុល​បង្ហាញ​ពី​ជន​រង​គ្រោះ​ ។ ជន​ជាតិ​ខ្មែរ​ទាំង​៥​រូប​នោះ​មាន​ពីរ​នាក់​អាយុ​២៥​ឆ្នាំ​ ២នាក់​អាយុ​២០ឆ្នាំ​ និង​១​នាក់​ទៀត​អាយុ​២២​ឆ្នាំ​។ ពួកគេ​​ត្រូវ​បាន​​ប៉ូលិស​ថៃ​ឃុំ​នៅ​មន្ទីរ​ពេទ្យ​ត្រាត​ មុន​ពេល​ដែល​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​ខេត្ត​ត្រាត ដើម្បី​ពន្យារ​ពេល​ឃុំឃាំង​សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​។

បើ​តាម​មេបញ្ជាការ​ប៉ូលិស​ខេត្ត​ត្រាត​ បាន​ឲ្យ​ដឹង​ថា​ នៅ​​រសៀល​ថ្ងៃ​អង្គារ​ ជនរងគ្រោះ​ជនជាតិ​បារាំង​ទាំង​៣​នាក់​ ដែល​មាន​ស្ត្រី​២នាក់​និង​បុរស​ម្នាក់​ បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ទាំង​៥​ខាង​លើ​ថា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​រំលោភ​មក​លើ​ពួកគេ​។ តាម​លោក​មេបញ្ជាការ​ដដែល​ មុន​ពេល​កើត​មាន​បទ​ល្មើស​ កម្មករ​នេសាទ​ខ្មែរ​ទាំង​៥​នាក់​ខាង​លើ​បាន​ហែល​ទឹក​ចេញ​ពី​ទូក​នេសាទ​មក​លើ​គោក​ផឹក​ស្រា​។ បន្ទាប់​មក​ពួក​គេ​ក៏​បាន​ជួប​នឹង​ទេសចរ​បារាំង​៤នាក់​ ក្នុង​នោះ​មាន​បុរស​២​នាក់​ និង​ស្ត្រី​២នាក់ ហើយ​ក៏​បាន​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ដោយ​ប្រើប្រាស់​កាំបិត​កាប់​ដូង​ដែល​គេ​យក​ជាប់​មក​ជាមួយ​ជា​អាវុធ​។​ លោក​មេបញ្ជាការ​ខាង​លើ​ ក៏​បាន​បន្ថែម​ផង​ដែរ​​ ជនសង្ស័យ​ទាំង​៥​នាក់​ខាង​បាន​សារភាព​ថា​ពិត​ជា​បាន​រំលោភ​ស្ត្រី​ជនជាតិ​បារាំង​ និង​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ជនជាតិ​បារាំង​ពីរ​នាក់​ទៀត​ពិត​ប្រាកដ​មែន​ ហើយ​ថា​ការ​ផ្ដន្ទាទោស​គឺ​អាច​ជាប់​ពន្ធនាគារ​ច្រើន​ជាង​១០​ឆ្នាំ​។

Bangkok Post បាន​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​ជាមួយ​The Associated Press​ ថា​បុរស​ជនជាតិ​ខ្មែរ​ទាំងនោះ​បាន​សារភាព​ចំពោះ​មុខ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ថា​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ពិត​មែន​ ព្រោះ​តែ​ពួកគេ​ស្រវឹង។

ជាមួយ​គ្នា​នេះ​ដែរ​ បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០១​ខែ​មិនា​ឆ្នាំ​ ២០១៦​ បាន​លើកឡើង​ថា​ កម្មករ​ទាំង​៥​នាក់​នោះ​ បាន​សារភាព​ថា​ ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ “ការ​រំលោភ​ និង​ការ​ប្រើ​ហិង្សា​” ពិត​ប្រាកដ​មែន​ ប៉ុន្តែ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​។ នៅ​​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​ កម្មករ​ទាំង​៥​នាក់​ស្ថិត​នៅ​ក្នុង​វ័យក្មេង​ អាយុ​តិច​ជាង​២៥​ឆ្នាំ​ ក្នុង​នោះ​៣​នាក់​មិន​ចេះ​អក្សរ​ និង​២​នាក់​ទៀត​រៀន​បាន​តិចតួច ហើយ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​កម្មករ​ទាំង​៥​នាក់​​ និង​វត្ថុ​តាង​មក​កាន់​តុលាការ​ខេត្ត​ត្រាត​ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ហើយ​។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ថា ទោះ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ​ ត្រូវ​រិះរក​វិធី​ជួយ​ដល់​កម្មករ​ទាំង​៥​នាក់​នោះ​និង​ផ្ដល់​មេធាវី​ការពារ​ពេល​ឡើង​តុលាការ ហើយ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កំពុង​បន្ត​តាមដាន​ករណី​នេះ​​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​ ៖ និង​


  • កម្មករ​នេសាទ​ជនជាតិ​ខ្មែរ​នៅ​ថៃ​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ និង​រំលោភ​​លើ​ទេសចរ​បារាំង​នៅ​ថៃ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: