«​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​» ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់​វិធានការណ៍​

​ភ្នំពេញ​៖ ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ត្រៀម​ធ្វើ​«​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​» ដើម្បី​ទាមទារ​ឲ្យ​មាន​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ព្រមាន​ប្រើ​វិធានការណ៍​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​សកម្មភាព​ដែល​ប៉ះពាល់​សន្តិភាព ស្ថេរភាព​និង​សេចក្តីសុខសាន្ត​របស់​ព​ល​រដ្ឋ​ទូទៅ​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ បានសរសេរថា មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផុស​ការ​ញុះញង់​ឲ្យ​មាន​«​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​» ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​ជនល្មើស​មួយចំនួន​(​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​)​ដែល​តុលាការ​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​សរសេរ​បន្តថា រដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល គឺជា​ដៃគូ​មិនអាច​ខ្វះ​បាន ប៉ុន្តែ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ត្រូវ​ស្ថិតក្រោម​ក្របខណ្ឌ​ច្បាប់​។​

សេចក្តីប្រកាស​ដដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​សង្គម​ស៊ីវិល​ជា​ដៃគូ ប៉ុន្តែ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ដាច់ខាត​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ឡើយ​»​។ សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​សរសេរ​បន្ថែមទៀតថា​៖«​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នឹង​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន ដើម្បី​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ក្នុង​គោលដៅ​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និង​ពង្រឹង​នី​តី​រដ្ឋ ក្នុង​ក្របខ័ណ្ឌ​នៃ​លទ្ធ​ប្រជាធិបតេយ្យ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ការចេញ​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​នេះ គឺ​បន្ទាប់ពី​ការចាប់ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ស្រីមុំ ហៅ ខុម ចាន់​តា​រ៉ា​ទី​។ ការឃុំខ្លួន​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់ថា អយុត្តិធម៌​។ ការណ៍​នេះ ទើប​បណ្តាល​ឲ្យ​គំនិត​ផ្តួចផ្តើម​របស់​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​ធ្វើ​«​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​» ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ឃុំខ្លួន ដោយ​តុលាការ​។ គួរ​ជម្រាបជូន​ថា អ្នក​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​ធនាគារ​នោះ​រួមមាន​៖ មន្ត្រី​អង្គការសិទ្ធិមនុស្ស អាដហុក​៤​រូប គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង គ​.​ជ​.​ប លោក​នី ចរិយា​ផងដែរ​៕