កូន​ខ្មែរ​ជូនពរ​អ្នក​ម៉ែ​ពេញ​ហ្វេ​ស​ប៊ុ​ក​!

​នៅ​ថ្ងៃទី​៨ ខែឧសភា យុវជន​កម្ពុជា និង​យុវជន​ដទៃ​នៅលើ​សកលលោក បានបង្ហាញ​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ​ជាមួយនឹង​ក្តី ស្រឡាញ់ និង​ការដឹងគុណ​ខ្ពស់​។ នេះ​សរ​ឲ្យ​ឃើញថា វប្បធម៌​បរទេស មិនមែន​សុទ្ធតែ​មិនអាច​ទទួលយកបាន​ទាំងអស់​នោះទេ​។​

​ទិវា​មាតា (Mother’s Day) មិនមែនជា​ប្រពៃណី​របស់​ខ្មែរ​ឡើយ ប៉ុន្តែ​ចរន្ត​នៃ​ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ កាន់តែ​មានការ​ផុសផុល​នៅ​កម្ពុជា ហើយ​អារម្មណ៍ និង​មនោសញ្ចេតនា​ផ្សេងៗ​របស់​យុវវ័យ​បាន​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការសរសេរ ការដាក់​រូបភាព នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​។​

​ទិវា​មាតា​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩០៨ នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី Anna Jarvis ដើម្បី​ឧទ្ទិស​ដល់​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​ស្ត្រី​ដែលជា​ម្តាយ​គ្រប់រូប ដោយ​ទិវា​នេះ វិ​វត្ត​មកពី​ទិវា Mothering Sunday របស់​អង់គ្លេស​នា​សតវត្សរ៍​ទី​១៥ ។​

​នៅ​ឆ្នាំ​១៩១៤ ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​ទិវា​នេះ​មាន​លក្ខណៈ​ផុសផុល រីឯ​អាល្លឺម៉ង់​ចាប់ផ្តើម​ប្រារព្ធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩២៣ ហើយ​ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី តួ​ក​គី និង​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ជា​បន្តបន្ទាប់​។​

​ពុំមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​ឡើយ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រទេស​ខ្លះ​យក​ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រទេស​ខ្លះ​មាន​ពេលវេលា និង​ឈ្មោះ​ហៅ​ទិវា​នេះ ប្លែកៗ​ពីគ្នា រីឯ​ប្រទេស​កម្ពុជា​បាន​និយម​តាម​ប្រទេស​មួយចំនួន​ដែល​ប្រារព្ធ​ទិវា​នេះ នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី​២​នៃ​ខែឧសភា​។​

​មិនមាន​ការ​រិៈ​គន់​បើកចំហរ​ណាមួយ​ឡើយ​ចំពោះ​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា បែបនេះ ពីព្រោះ​ទាំងអស់គ្នា​សុទ្ធតែ​យល់ថា វា​មិនមាន​ការខាតបង់​ប្រយោជន៍​អ្វី​ឡើយ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​បុត្រ​ធីតា ក្នុងការ​បង្ហាញ​សេចក្តីស្រឡាញ់ និង​គោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ​។​

​សារ​យុវជន​មួយចំនួន​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​៖

​កញ្ញា ខន ចំប៉ា បាន​បង្ហោះ​រូបថត​របស់ខ្លួន​ជាមួយ​អ្នក​ម្តាយ​នៅមុខ​រោងការ​មួយ ហើយ​សរសេរថា​៖ «​ម៉ែ ជា​ស្ត្រី​ដ៏​អស្ចារ្យ​ជាងគេ និង​ជា​កម្លាំងចិត្ត​របស់​កូនៗ​គ្រប់គ្នា​»​។ ជាមួយគ្នា យុវជន ជាវ សំណាង បាន​ថតរូប​ម្តាយ​ខ្លួន​ដែល​កំពុង​អង្គុយ​ដេរ ហើយ​បាន​ចែករំលែក​ពាក្យស្លោក និង​ទ្រឹស្តី​ជាច្រើន ដូចជា «​មួយជីវិត​ម៉ែ ប្រឹង​ព្រោះតែ​កូន​» «​ម៉ែ​ជា​អ្នក​ឲ្យ​នូវ​ទ្រព្យ​» ជាដើម​។​

​ងាក​ទៅ​កញ្ញា ញឹក ស្រី​ល័​ក្ខ វិញ នាង​បាន​សរសេរ​កំណាព្យ​៣​ល្បះ​យ៉ាង​មានន័យ ខណៈ​រូបនាង​នៅ​ភ្នំពេញ រីឯ​ម្តាយ​កំពុង​ដើរ​បំពេញ​បុណ្យ​កុស​ល្យ​នៅ​ខេត្តព្រះវិហារ​។ អត្ថន័យ​រួម​នោះ គឺ​ស្រី​ល័​ក្ខ យល់ច្បាស់​ពី​ការ​ប្រដៅ​ជេរ​ស្តី​របស់​ម្តាយ​ដែល​ចង់​ឲ្យ​កូន​ល្អ​។​

​អ៊ឹង ចាន់​ណាវី ដែលមាន​គ្រួសារ​ទៅហើយនោះ បាន​បង្ហោះ​រូប​របស់ខ្លួន កាលពី​នៅ​អាយុ​ក្រោម​១០​ឆ្នាំ ពាក់​វែ​នតា និង​អង្គុយ​លើ​ថ្ម​ជាមួយ​ម្តាយ ហើយ​សរសេរថា​៖ «​អបអរ​ទិវា​មាតា ជូន​ចំពោះ​មាតា​ដែល​ល្អ​បំផុត​លើ​ពិភពលោក​។ ណាវី ក៏បាន Tag ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ម្តាយ​របស់ខ្លួន​នៅលើ​រូបនោះ​ផងដែរ​។​

​លោក រំដួល ចិ​ត្រា បាន​បង្ហោះ​រូប​ពីរ​សន្លឹក​ដែល​ថត​ជាមួយ​ម្តាយ ពី​កុមារ និង​បច្ចុប្បន្ន ហើយ​លើកឡើងថា «​គុណ​ធំធេង គ្មាន​ថ្ងៃ​ណា​សង​អស់​ឡើយ​»​។ បន្ថែម​ពីលើ​នេះ ចិ​ត្រា ថែមទាំង Check In ជាមួយនឹង​សំណេរ​ថា «​កូន​ស្រឡាញ់​ពុក​ម៉ែ ខ្លាំងណាស់​»៕