ប្រហែល​ញៀន​គុក ! ទើប​ចេញពី​គុក ត្រូវ​ប៉ូលិស​ចាប់​ញាត់​គុក​វិញ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​គុក​បាន​ជាង​១០​ថ្ងៃ ផឹកស្រា​ស្រវឹង​បាន​វាយ​មិត្តភក្តិ​ដោយ​ដុំឥដ្ឋ និង​បំពុង​ឫស្សី បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោមផ្ទះ​គ្មាន​ម្ចាស់​រស់​នៅ​មួយ​នៅ​ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ចោទ​ថា​ លួច​កង់ ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ក្រោយ​ពេល​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស្រូ​យ សា​វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទី​លំ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ស្លាប់​ដោយ​មាន​ស្នាម​ក្បាល​ចំនួន​៥​កន្លែង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា កន្លង​មក​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា ពេល​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ ជន​នេះ​មាន​សភាព​ដូច​ជា​បែក​ថ្នាំ ។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ផឹកស្រា​ជាមួយ​ជនសង្ស័យ​នៅ​ក្រោមផ្ទះ​យាយ​ឈ្មោះ យឺន ជា​ជីដូន​របស់​ជនសង្ស័យ តែ​យាយ យឺន មិន​នៅផ្ទះ​ទេ ចាក់សោរ​ផ្ទះ​ចោល​យូរហើយ ។ ពេល​ផឹកស្រា​ជាមួយ​គ្នា​ស្រវឹង​ហើយ​នោះ ជនសង្ស័យ​បាន​ចោទ​ជន​រង​គ្រោះ​ថា លួច​កង់​ខ្លួន ហើយ​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ និង​បំពង់​ឫស្សី វាយ​ក្បាល​ជន​រង​គ្រោះ​ត្រូវជា​ច្រើន​កន្លែង ដោយ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ជោកជាំ មិន​អាច​រត់គេច​ចេញ​បាន ត្រូវ​ជនសង្ស័យ​វាយ​រហូត​ដល់​ស្លាប់​នៅ​កន្លែង​តែ​ម្តង ។ លុះដល់​វេលា​ម៉ោង​០៦ និង​៣០​នាទី​ ថ្ងៃ​ទី​០៨ ឧសភា ព្រឹក​មិ​ញ​នេះ ត្រូវ​បាន​ប្រជា​ពលរ​ដ្ន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​នៅ​កន្លែង​ហេតុ ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ឃើញ​ជនសង្ស័យ​បាន​ឃាត់ខ្លួន​ហើយ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕