ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ជំនឿ​លើ​ផ្ទះ​ខ្មោច​ទិញ​នៅ​ខេត្ត​កំពង់ឆ្នាំង

ផ្ទះ​ខ្មោច​ទិញ ឬ​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​ក្លាយ​ជា​ទី​សក្ការបូជា​របស់​ពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្លង​កាត់​មុខ​ផ្ទះ​នេះ។

បច្ចុប្បន្ន ផ្ទះ​ឈើ និង​ដំបូក​ធំ​មួយ​ដែល​គេ​ជឿ​ថា​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​នោះ ត្រូវ​បាន​ម្ចាស់​លក់​ទៅ​ឲ្យ​អ្នក​មាន​លុយ​កាក់​ម្នាក់​ក្នុង​ស្រុក​បរិបូរណ៍ ដើម្បី​រុះរើ​ផ្ទះ​ចេញ និង​ឈូស​ដំបូក​ចោល​យក​ដី​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត។

អាសនៈ​នៃ​បារមី​ផ្ទះ​ខ្មោច​ទិញ ដែល​អ្នក​មាន​ជំនឿ​បាន​សង់​អំពី​ថ្ម​ខ្ពស់​ផុត​ដី មាន​ទទឹង​ប្រហែល ៤​ម៉ែត្រ និង​បណ្ដោយ ៥​ម៉ែត្រ ជំនួស​ឲ្យ​ផ្ទះ​ឈើ​ចាស់​នោះ ត្រូវ​បាន​ពលរដ្ឋ​ឡើង​អុជ​ធូប និង​គោរព​បូជា​មិន​ដែល​លស់​ថ្ងៃ។ អ្នក​មាន​ជំនឿ និង​ចូល​គោរព​បូជា​ភាគ​ច្រើន គឺ​ជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​ឡាន​លក្ខណៈ​គ្រួសារ ដែល​រស់​នៅ​តាម​ខេត្ត​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ហើយ​បើក​ឆ្លង​កាត់​មុខ​ផ្ទះ​នេះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​ប្ដី និង​កូន​ប្រុស​ម្នាក់​ទៅ​ធ្វើ​ការងារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​លោកស្រី សាធ លឹមស្រៀង។ លោកស្រី​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​ធ្លាប់​ចូល​សម្រាក​នៅ​ក្នុង​ផ្ទះ​នេះ​ពេល​យប់​ទៀត​ផង ប៉ុន្តែ​កាល​ណោះ គាត់​មិន​ដឹង​ថា​មាន​បារមី​ស័ក្ដិសិទ្ធិ​អ្វី​នោះ​ទេ។

លោកស្រី​ថា រូប​គាត់ និង​ស្វាមី បាន​ចាប់​ដៃ​គ្នា​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​កូន​មួយ​សោះ ដោយ​គ្រូពេទ្យ​ប្រាប់​ថា គាត់​មាន​រោគ​ស្ត្រី និង​បញ្ហា​មាត់​ស្បូន។ ក្រោយ​ល្បី​រឿង​បារមី​ផ្ទះ​ខ្មោច​ទិញ គឺ​នៅ​ឆ្នាំ​២០១២ រូប​គាត់​បាន​មក​បន់​ស្រន់​សុំ​កូន​មួយ ហើយ​គាត់​ក៏​មាន​ផ្ទៃពោះ និង​កើត​បាន​កូន​ប្រុស​ម្នាក់។ ចាប់​តាំង​ពេល​នោះ​មក លោកស្រី និង​ប្ដី ក៏​ចាប់​ផ្ដើម​មាន​ជំនឿ​តែ​ម្ដង៖ «ផ្ទះ​ហ្នឹង​ខ្ញុំ​ឧស្សាហ៍​ចូល ប៉ុន្តែ​ខ្ញុំ​អត់​ដែល​មាន​ឃើញ​អី អ៊ីចឹង​ខ្ញុំ​ទៅ​ក៏​ចូល មក​ចូល ហើយ​ខ្ញុំ​មក​ពី​ប៉ោយប៉ែត វិញ​វា​យប់​ហើយ ទម្រាំ​ដល់​ផ្ទះ។ ខ្ញុំ​ជិះ​រ៉ឺម៉ក​ដឹក​ចាន​ឆ្នាំង និង​គ្រឿង​ក្មេង​លេង​ទៅ​លើ​លក់​តាម​ភូមិ។ ដល់​ចឹង ឃើញ​ផ្ទះ​ហ្នឹង​មួយ​ទំនេរ​ចូល​ដេក​ទល់​ភ្លឺ អត់​ដែល​មាន​បញ្ហា​អី​ទេ តែ​ចូល​មក​ខ្ញុំ​អុជ​ធូប​សុំ»

ចំណែក​លោក អឿន វុន ដែល​ជា​ពលរដ្ឋ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​មាន​ភរិយា​រស់នៅ​ផ្ទះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ខ្មោច​ទិញ ជឿ​ថា បារមី​ផ្ទះ​ខ្មោច​ទិញ​បាន​តាម​ឃុំ​គ្រង​គាត់ និង​ឲ្យ​គ្រួសារ​មាន​សេចក្ដី​សុខ​ចម្រើន។ អ្វី​ដែល​លោក​មាន​ជំនឿ​ជាង​នេះ គឺ​ពេល​លោក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​យប់​ព្រលប់​ទៅ​ភ្នំពេញ ពេល​មាន​ការ​ម្ដងៗ​មិន​ដែល​មាន​គ្រោះថ្នាក់ ឬ​បែក​កង់​ម៉ូតូ​តាម​ផ្លូវ​ឡើយ៖ «បើ​និយាយ​ពី​មក វា​រាប់​ភ្លេច​ហើយ តែ​គ្រាន់​តែ​ថា​ជំនឿ​វា​សំខាន់​ទៅ​លើ​អ្នក​ដែល​គេ​ជឿ ឬ​មិន​ជឿ​នោះ​ទេ។ អ្នក​ខ្លះ​ដែល​គេ​មិន​ដឹង​ប្រវត្តិ​ទៅ គេ​អត់​ជឿ​ក៏​ថា​បាន គេ​មិន​ដឹង​ក៏​អាច​ថា​បាន។ ខ្ញុំ​ទៅ​ដោយ​សុខ​សប្បាយ​តាម​ផ្លូវ​រហូត​ទៅ វា​អត់​អី​ទៅ ខ្ញុំ​មាន​ជំនឿ​តាម​ហ្នឹង​ទៅ»

ទាក់ទង​នឹង​បារមី​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ ឬ​ផ្ទះ​ខ្មោច​ទិញ​នេះ អ្នក​មើល​ការ​ខុស​ត្រូវ​ទី​សក្ការបូជា និង​ជា​អ្នក​ស្នង​បារមី គឺ​លោកស្រី ឡុង សាលីម។ លោកស្រី​មាន​ប្រសាសន៍​ថា រយៈពេល ៤​ឆ្នាំ​ដែល​បារមី​ចូល​សណ្ឋិត​ក្នុង​ខ្លួន​លោកស្រី គឺ​មាន​អ្នក​ជំងឺ និង​ពលរដ្ឋ​ទូទៅ​មក​សុំ​ឲ្យ​គាត់​ធ្វើ​ខ្សែ​កថា និង​មើល​ពី​ខ្សែ​ជីវិត​ជា​ហូរហែ​ដែរ។ ប៉ុន្តែ​លោកស្រី​មិន​ចាប់​អារម្មណ៍​គិត​ពី​ចំនួន​មនុស្ស ថា​តើ​មាន​ប៉ុន្មាន​នាក់​ចូល​មក​មើល​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ។

លោកស្រី ឡុង សាលីម ថា​បារមី​ផ្លូវ​ក្នុង​បាន​បង្គាប់​ឲ្យ​អ្នក​មាន​ជំនឿ​សង់​ប្រាសាទ​ចំនួន ៧​ខ្នង ដែល​មាន​ទំហំ​ប្រហែល ៤​ម៉ែត្រ​ការ៉េ នៅ​លើ​ទីតាំង​ដី​ផ្ទះ​ចាស់ ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​ម្ចាស់​ផ្ទះ​ដើម​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង និង​បាន​ឈូស​ឆាយ​វាល​អស់​ហើយ។ លោកស្រី​មិន​ហ៊ាន​អារ​កាត់ ឬ​សង់​ប្រាសាទ​តាម​បារមី​នោះ​ទេ ដោយ​គាត់​គ្រាន់​តែ​ជា​អ្នក​ក្រៅ ហើយ​អ្នក​ស្នង​រូប​នៃ​បារមី​ផ្ទះ​ខ្មោច​នោះ​ប៉ុណ្ណោះ៖ «បើ​អ្នក​គ្រោង​អត់​មាន​អ្នក​ខាង​ណា​មក​ទេ ដែល​មក​គ្រោង​នោះ តែ​គ្រាន់​តែ​ដឹង​ថា​ក្នុង​ផ្លូវ​ក្នុង​គេ​ឲ្យ​ធ្វើ​ប្រាសាទ។ អ៊ីចឹង​ដី​ហ្នឹង​យើង​ធ្វើ​យ៉ាង​ម៉េច​កើត បើ​ដី​ហ្នឹង​គេ​ទិញ​ឈូស​ឆាយ​មិន​ដឹង​គម្រោង​គេ​ធ្វើ​អី»

អ្នក​ភូមិ​រស់នៅ​ក្បែរ​ខាង​ផ្ទះ​ខ្មោច​ទិញ ឲ្យ​ដឹង​ថា ផ្ទៃដី​ឡូត៍​ផ្ទះ​ដែល​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតារ ឋិត​នៅ​ភូមិ​ថ្មី នៃ​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ លន លក់​ទៅ​ឲ្យ​មន្ត្រី​ជលផល​ម្នាក់​នៅ​ឃុំ​ឆ្នុកទ្រូ ក្នុង​តម្លៃ ៥.៤០០​ដុល្លារ។ ប៉ុន្តែ​ផ្ទះ និង​ដី​នេះ ត្រូវ​ម្ចាស់​ដើម​ឈ្មោះ លន ធ្លាប់​ព្រមព្រៀង​ចុះ​ចេញ​ពី​ផ្ទះ​សម្បែង ឬ​លក់​ទៅ​ខ្មោច​ក្នុង​តម្លៃ ១៥​តម្លឹង​កាល​ពី​មុន​ឆ្នាំ​២០០០។

ត្រង់​ចំណុច​នេះ ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក វណ្ណ សុទ្ធី ថ្លែង​យ៉ាង​ខ្លី​ថា លោក​មិន​ជឿ​លើ​រឿង​នេះ​ទេ។ ចំណែក​អនុប្រធាន​មន្ទីរ លោក សរ លាង ពន្យល់​ថា អប្បិយ​ជំនឿ​តែង​តែ​កើត​មាន​ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​សម័យ​កាល។ ដូច្នេះ ការ​គោរព​បូជា​ទៅ​លើ​អ្វី​មួយ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ ប៉ុន្តែ​ជំនឿ​នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ ឬ​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់​នោះ​ទេ៖ «ធ្វើ​ម៉េច​ឲ្យ​គាត់​ជឿ​ទៅ​លើ​អ្វី​ដែល​មាន​ជាក់ស្ដែង​ផង កុំ​ឲ្យ​ជឿ​អ្វី​ហួស ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​គាត់។ វា​ទៅ​ជា​ភ្លេច​ខ្លួន​ឯង ធ្វើ​ម៉េច​ឲ្យ​គាត់​ខ្លួន​ឯង​ខ្លាំង ហើយ​គិត​ពី​ចិត្ត​គំនិត និង​ការងារ​គាត់​ខ្លាំង​ជាង»

បច្ចុប្បន្ន​មាន​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ពី​តាម​បណ្ដា​ខេត្ត​នានា​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​ខ្មោច​ទិញ​នេះ បាន​នាំ​គ្នា​ចូល​អុជ​ធូប​បន់ស្រន់ និង​បូជា​លុយ​កាក់​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ដែល​មាន​ជំនឿ ហើយ​បន់ស្រន់​បាន​ដូច​បំណង បាន​យក​ក្បាល​ជ្រូក មាន់​ទា និង​ផ្លែ​ឈើ​មក​លា​បំណន់ និង​ទិញ​ផ្ទះ​ម្រេញ​គង្វាល​ដាក់​តម្រៀប​គ្នា​ជា​ជួរ​នៅ​ក្បែរ​ផ្ទះ​ថ្ម ដែល​គេ​សង់​ថ្មី​នៅ​ជ្រុង​ម្ខាង​នៃ​ដី​ឡូត៍​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។