បឹងកេត​អង្គរ​ លត់​ ប៉ូលិស​ ចាស់​ដៃ​ ៧-១​

ក្រុម​​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​(ប៉ូលិស)​​​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ជ័យជម្នះ​ឡើយ​​​រហូត​ដល់​សប្តាហ៍​ទី​៧​នេះ​ ​បន្ទាប់​ពី​ត្រូវ​ក្រុម​បឹងកេត​អង្គរ​​បាន​​យក​ឈ្នះ​ដោយ​លទ្ធផល​ចាស់​ដៃ​ ៧-១ នៃ​ពាន​រង្វាន់​បាល់ទាត់​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៦។

 

 បឹងកេត​អង្គរ​ លត់​ ប៉ូលិស​ ចាស់​ដៃ​ ៧-១​ក្រុម​បឹងកេត​អង្គរ

 

ការ​ប្រកួត​នៅ​ទី​លាន​ស្មៅ​សិប្បនិម្មិត​នៃ​ពហុកីឡដ្ឋាន​ជាតិ​​រសៀល​ថ្ងៃ​នេះ​ ក្រុម​ប៉ូលិស​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​១-០ មុន​ ​បន្ទាប់​ពី​ខ្សែ​ការពារ​ សុខ សុវណ្ណ បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ ហើយ​​ប្រធាន​ក្រុម​ ទិត្យ ឌីណា ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ឲ្យ​ប៉ូលិស​នៅ​នាទី​ទី​១០។

១០​នាទី​ក្រោយ​មក​​ ខ្សែ​ការពារ​របស់​ប៉ូលិស​បាន​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​​វិញ​ម្តង​ដែល​​ផ្តល់​ឱកាស​ឲ្យ​បឹងកេត​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ ហើយ​ប្រធាន​ក្រុម​ ឃួន ឡាបូរ៉ាវិ ​ស៊ុត​បាន​សម្រេច​នៅ​នាទី​ទី​២០​ដើម្បី​តាម​ស្មើ​១-១។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​បន្ទាប់​ពី​តាម​ស្មើ​ បឹងកេត​អង្គរ​រក​បាន​៣​គ្រាប់​ទៀត​ថែម​ក្នុង​តង់​ទី​មួយ។ អ្នក​រក​គ្រាប់​បាល់​​បាន​បន្ថែម​ទៀត​នេះ​​គឺ​នៅ​តែ​ ឃួន ឡាបូរ៉ាវី ​ដោយ​គ្រាប់​ទី​២​នៅ​នាទី​ទី​៣៣​ និង​គ្រាប់​បាល់​ហែតទ្រីក​​​​នៅ​នាទី​ទី​៣៥​ ខណៈ​គ្រាប់​ទី​៤​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Bata នៅ​នាទី​ទី​៤២។ ចប់​តង់​ទី​១ បឹងកេត​នាំមុខប៉ូលិស ៤-១។

ចំណែក​ការ​ប្រកួត​នៅ​តង់​ទី​ពីរ​ បឹងកេត​អង្គរ​រក​គ្រាប់​បាល់​បាន​៣​​គ្រាប់​​ថែម​ទៀត​គឺ ឃួន ឡាបូរ៉ាវី​ បន្ថែម​​គ្រាប់​បាល់​ទី​៤​របស់​ខ្លួន​នៅ​នាទី​ទី​៥៣​ និង​ចាន់ វឌ្ឍានាកា ដែល​ដូរ​ចូល​ជំនួស ឃួន ឡាបូរ៉ាវី​ ស៊ុត​បាន​​២​​គ្រាប់​នៅ​ទី​ទី​៨០ និង​៨៩។ ចំណែក​ក្រុម​ប៉ូលិស​វិញ​​ក៏​មាន​ឱកាស​ស៊ុត​​បាល់​ចំ​គោល​ដៅ​របស់​បឹងកេត​​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ​ជួយ​សង្គ្រោះ​បាន​ជា​បន្ត​បន្ទាប់។ ចប់​ការ​ប្រកួត​បឹងកេត​ឈ្នះ​ប៉ូលិស​៧-១​៕​

 

អត្ថបទ៖ ជាន ចាន់រ៉ា​​