ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​ផែនការ​ផ្គត់ផ្គង់​ទឹក​រយៈពេល​វែង

ពលរដ្ឋ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រក​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដែល​ធានា​ពី​និរន្តរភាព​ការ​ផ្តល់​ប្រភព​ទឹក​ដល់​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល និង​តំបន់​ងាយ​រងគ្រោះ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​គ្រោះ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​នេះ បណ្ដាល​ឲ្យ​ទឹក​ស្ទឹង អូរ និង​បឹង ជាដើម រីង​ហួតហែង រីឯ​អណ្ដូងទឹក​ភាគ​ច្រើន ក៏​រីង​ខះ​គ្មាន​ទឹក បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ចាត់​ទុក​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​២០១៦ នេះ គឺ​ជា​បាតុភូត​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ពួក​គាត់​ពុំ​ធ្លាប់​ជួប​ជាច្រើន​ឆ្នាំ​កន្លង​មក ធ្វើ​ឲ្យ​ទីតាំង​ភូមិសាស្ត្រ​ដែល​ធ្លាប់​ផ្តល់​ប្រភព​ទឹក​សំខាន់ បាន​រីង​ហួតហែង រីឯ​ស្មៅ និង​ស្លឹក​រុក្ខជាតិ​ជា​ចំណី​សត្វ ក៏​ស្វិត​ងាប់។

ពលរដ្ឋ​រស់នៅ​ភូមិ​ខិះក្រោម នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង លោក គង់ សាវ៉ាត់ កត់​សម្គាល់​ថា ទឹក​អណ្ដូង​ដែល​ជា​ប្រភព​ទឹក​ចុង​ក្រោយ​របស់​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​មាន ៨​អណ្ដូង និង​បាន​រីង​ខះ​គ្មាន​ទឹក​ចំនួន ៥​អណ្ដូង។ លោក​បារម្ភ​ថា ទឹក​អណ្ដូង​ទាំង​បី​នោះ អាច​នឹង​រីង​ខះ​ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​នៅ​បន្ត​អូស​បន្លាយ​ពេល។ លោក​ថា បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ បង្ក​ការ​លំបាក​ដល់​សត្វ​ចិញ្ចឹម​អ្នក​ភូមិ​ធ្ងន់ធ្ងរ មាន​គោ​ក្របី​អ្នក​ស្រុក​សៀមប៉ាង នៅ​តែ​បន្ត​ងាប់ និង​គោ​ក្របី​ជាច្រើន​ក្បាល​ផ្សេង​ទៀត​បាត់​ក្នុង​ព្រៃ៖ «អង្គការ​រាជ​រដ្ឋាភិបាល បើ​មិន​ជួយ ចប់​ហើយ​ឆ្នាំ​ក្រោយ។ អណ្ដូង​វា​ចេញ​អត់​គ្រប់គ្រាន់​ប៉ុន្មាន​ទេ ទឹក​ចង់​រីង​ស្ងួត​អស់​ហើយ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ លើក​ឡើង​ថា វា​ជា​រឿង​ចម្លែក​ដែល​ទឹក​អណ្ដូង​ឆ្នាំ​នេះ​រីង​ខះ​ស្ទើរ​គ្មាន​សល់។ ទឹក​អណ្ដូង​ជិត ១០​អណ្ដូង​ក្នុង​ភូមិ សល់​តែ​ពីរ​អណ្ដូង​ប៉ុណ្ណោះ​ដែល​ទ្រទ្រង់​ការ​រស់នៅ​អ្នក​ភូមិ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ផ្តល់​អណ្ដូង​លូ ឬ​អណ្ដូង​យោង​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ភូមិ​ប្រើប្រាស់ ប្រសើរ​ជាង​អណ្ដូង​ស្នប់៖ «ទឹក​អណ្ដូង​ក៏​រីង អណ្ដូង​ក៏​រីង និង​ខូច។ ប្រជាជន​ខ្វះ​ទឹក​ច្រើន​ណាស់ ចង់​សំណូមពរ​ឲ្យ​ដាក់​អណ្ដូង​លូ។ បើ​វា​ខូច​យ៉ាង​ណា យើង​បាន​យោង»

មេ​ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ លោក អឿន ខន ឲ្យ​ដឹង​ថា ទឹក​អូរ​ដែល​បាន​រីង​ខះ​នោះ ផ្ដើម​មាន​ទឹក​ឡើង​វិញ​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា។ លោក​ថា រណ្ដៅ​តាម​អូរ​ដែល​អ្នក​ភូមិ​ច្រោះ ក៏​ផ្ដើម​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​បណ្ដោះអាសន្ន តែ​ទឹក​នោះ​មាន​លក្ខណៈ​ល្អក់៖ «អណ្ដូង​ស្នប់​ខូច​ញឹកញាប់ បើ​អណ្ដូង​លូ​កាន់​តែ​ប្រសើរ»

កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ខេត្ត​ស្ទឹងត្រែង ផ្ដើម​មាន​ភ្លៀង​កក់​ខែ​ដំបូង បាន​ជួយ​សម្រាល​ការ​លំបាក​ពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​មួយ​ចំនួន ក៏ប៉ុន្តែ​ភ្លៀង​នោះ​ក៏​មិន​ធ្លាក់​ទូទាំង​ខេត្ត​ស្ទឹងត្រែង ដែរ ជាពិសេស​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង និង​ផ្នែក​ខ្លះ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ក៏​ពុំ​ទាន់​មាន​ភ្លៀង​ធ្លាក់​ដែរ។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត កំពុង​សិក្សា​ពិនិត្យ​លទ្ធភាព​ត្រៀម​លក្ខណៈ​បង្ការ​គ្រោះ​រាំង​ស្ងួត​រយៈពេល​វែង ដោយ​ជីក​ប្រឡាយ​ទឹក និង​អណ្ដូង​ទឹក​ស្អាត​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ជីក​ស្រះ​ចំនួន​៣ នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​ជីក​អណ្ដូង​ស្នប់​ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ភូមិ​ខិះក្រោម ចំនួន ៥​អណ្ដូង៖ «យើង​ពិនិត្យ​មើល​ស្រះ​ទឹក​បច្ចុប្បន្ន ហើយ​យើង​កែ​សម្រួល​ប្រព័ន្ធ​ស្រះ​ឡើង​វិញ ហើយ​ពិនិត្យ​មើល​ទីតាំង​មួយ​ចំនួន​ទៀត​ដែល​អាច​មាន​លទ្ធភាព​ជីក​ស្រះ​ទឹក​បន្ថែម​ទៀត​សម្រាប់​ការពារ និង​ជា​កន្លែង​ស្តុក​ទឹក​ដែល​មាន​រយៈពេល​វែង»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ការ​ដោះស្រាយ​ផ្តល់​ប្រភព​ទឹក​ជូន​ពលរដ្ឋ​រយៈពេល​វែង ដូចជា​ទឹក​អណ្ដូង​លូ ឬ​អណ្ដូង​យោង និង​ប្រឡាយ​ទឹក​ដែល​ធានា​ពី​និរន្តរភាព​ទឹក​ខែ​ប្រាំង ដើម្បី​ត្រៀម​សង្គ្រោះ បើ​មាន​គ្រោះ​រាំង​ស្ងួត។ លោក​បញ្ជាក់​ថា គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ គឺ​ជា​បទពិសោធន៍​ដ៏​សំខាន់​មួយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​សិក្សា និង​ស្រាវជ្រាវ​រក​ដោះស្រាយ ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​កើត​មាន​នៅ​ឆ្នាំ​ក្រោយ។ លោក យង់ គិមអេង ចាត់​ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ក្ដៅ​ខ្លាំង ក៏​ជា​ផ្នែក​មួយ​បណ្ដាល​មក​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ៖ «ចំពោះ​បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​លទ្ធភាព ថា​តើ​នយោបាយ​សម្រាប់​ទប់ទល់​គ្រោះ​រាំង​ស្ងួត គួរ​តែ​មាន​ប្រភព​ទឹក​ដែល​អាច​ធានា​បាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ពលរដ្ឋ​ផង និង​សម្រាប់​ស្រោចស្រព»

គ្រោះ​រាំង​ស្ងួត​នៅ​ខេត្ត​ស្ទឹងត្រែង បាន​កើត​ឡើង​ស្ទើរ​គ្រប់​ស្រុក​នៃ​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ​ស្រុក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់។ ដោយឡែក​ស្រុក​សៀមប៉ាង អាជ្ញាធរ​ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​ស្រែសំបូរ ឃុំ​ព្រែកមាស និង​ឃុំ​សេកុង។

របាយការណ៍​អាជ្ញាធរ​ស្រុក​សៀមប៉ាង ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឲ្យ​ដឹង​ថា គោ​ក្របី​យ៉ាង​ហោច​ណាស់​ងាប់​ជាង ៣០០​ក្បាល ដោយសារ​គ្រោះ​រាំង​ស្ងួត​អំឡុង​ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។