ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក

ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក



កណ្ដាល ​៖ ​បន្ទាប់ពី​ការ​ប្រឡង​កាលពី​ថ្ងៃ​ទី​៣០​ ខែ​មេសា ឆ្នាំ​​២០១៦​ ដើម្បី​ជ្រើសរើស​សិស្ស​ពូកែ​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២​ សម្រាប់​បី​មុខវិជ្ជា​(​គណិតវិទ្យា រូបវិទ្យា​ និង​អក្សរសាស្ត្រ​ខ្មែរ​)​ទូទាំង​ស្រុក​លើកដែក​រួច​មក ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​ឧសភា ឆ្នាំ​២០១៦​ បាន​រៀបចំ​ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ ​ដែល​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣​ ​សរុប​១៨​នាក់។

ការ​ប្រឡង​នេះ ​រៀបចំ​ដោយ​ស.ស​.យ.ក​ស្រុក​លើកដែក ​រួម​សហការ​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក​លើកដែក ដោយ​​មាន​សិស្ស​ចំនួន​២៤១​នាក់​បាន​ចូលរួម​ប្រឡង ​​ហើយ​ការ​ប្រឡង​នេះ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹត​ និង​យុត្តិធម៌។

កម្មវិធី​ប្រព្រឹត្ត​ទៅ​ក្នុង​មណ្ឌល​ប្រឡង​អនុវិទ្យាល័យ​ខ្ពប​អា​ទាវ​ស្ថិតក្នុង​ភូមិ​បឹង​កណ្តាល​ ឃុំ​ខ្ពប​អា​ទាវ​ ស្រុក​លើកដែក ​ខេត្តកណ្តាល​ ក្រោម​អធិបតីភាព​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំចាត់មីន​(CMAC)​ និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​លើកដែក​រួម​នឹង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឃុំ សមាជិក​សស​យក​ស្រុក​ និង​សិស្សានុសិស្ស​ប្រមាណ​៧០០​នាក់​។​

ជាបឋម​លោក ឆើ​ម សេរី​វ​ឌ្ឍ​ន៍ ​ប្រធាន​សស​យក​ស្រុក​ បាន​ឡើង​អាន​របាយ​ការ​ណ៍ ដោយ​បញ្ជាក់​ថា ​ដំណើរការ​នៃ​ការ​ប្រឡង​គឺ​ប្រព្រឹត្ត​ទៅ​បាន​បី​លើក​មក​ហើយ ការរៀបចំ​ការ​ប្រឡង​នេះ​ដំណើរការ​ទៅ​បាន​គឺ​ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​អាណាព្យាបាល​របស់​សិស្សានុសិស្ស​និង​មានការ​ឧបត្ថម្ភ​ថវិកា​ និង​ស្មារតី​ពី​គណៈ​ពង្រឹង ​និង​សប្បុរសជន​ក្នុងស្រុក។ សកម្មភាព​នេះ​ក៏​ចូលរួម​ចំណែក​លើកស្ទួយ​វិស័យ​អប់រំ​ និង​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្សានុសិស្ស​ ដែល​បាន​ខិតខំ​រៀន​សូត្រ​ ហើយក៏​ជា​ការ​ពង្រឹង​ស្មារតី​មុននឹង​ប្រឡង​ថ្នាក់​ជាតិ​ចូល​មក​ដល់​ផងដែរ។

លោក​បាន​បន្ថែម​ថា​ ពានរង្វាន់​សម្រាប់​ឆ្នាំនេះ​គឺ​ឧបត្ថម្ភ​ដោយ​លោក ហេង រតនា​(​សម្រាប់​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​៥០០​ដុល្លារ លេខ​២​ទទួល​បាន​៣០០​ដុល្លារ ​និង​លេខ​៣​ទទួល​បាន​២០០​ដុល្លារ)។

ក្នុង​ខណៈ​នោះ​ដែរ​ លោក​ហេង រតនា​បាន​សំណេះសំណាល​ជាមួយ​ប្អូនៗ​សិស្សានុសិស្ស​ហើយ​លោក​បានបញ្ជាក់​ថា​ ការសិក្សា​ពុំ​រើស​កូន​អ្នកមាន​ ឬ​អ្នកក្រ​នោះទេ​ គឺ​កាលណា​ប្អូនៗ​ខិតខំ​រៀន(​ចេះ​ជាប់​)​ ហើយ​បើ​រៀន​បាន​ពូកែ​ត្រូវ​បាន​លើទឹក​ចិត្ត​ទៀតផង។

លោក​បន្ថែម​ថា​ លោក​នឹង​បើក​វគ្គ​បំប៉ន​ថ្នាក់​ទី​១២​ដល់​សិស្សានុសិស្ស​ទាំងពីរ​វិទ្យាល័យ​នៃ​ស្រុក​លើកដែក​ផងដែរ។ លោក​បាន​សង្កត់ធ្ងន់​ថា​ ការសិក្សា​គឺ​ឆ្លើយតប​ទៅតាម​ដំណាក់កាល​របស់​សង្គម ​កាលពី​មុនគេ​ត្រូវការ​បរិមាណ​ ឥឡូវ​គេ​ត្រូវ​ការ​គុណភាព​ និង​សុក្រឹត​ភាព​ អញ្ចឹង​ប្អូនៗ​ត្រូវ​ខិតខំ​រៀន​សូត្រ​​ឲ្យ​បាន​ពូកែ ​កាលណា​ប្អូន​រៀន​បាន​ពូកែ​ គឺ​សង្គម​នឹង​ត្រូវ​ការ​ប្អូន​ហើយ។ បន្ទាប់​ពី​​ប្រកាស​ និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​ ដែល​ប្រឡង​ជាប់​ទាំង​១៨​នាក់​នោះ ​កម្មវិធី​ ក៏​បាន​បញ្ចប់​ក្រោម​បរិយាកាស​សប្បាយរីករាយ ​និង​ស្នាមញញឹម​របស់​សិស្សានុសិស្ស៕
ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក

ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក

ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក

ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ស្រុក​លើកដែក