ប្រជាជន​ហ្វីលីពីន បួងសួង​សុំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សុវត្ថិភាព និង​សេរី

​នៅ​ថ្ងៃស្អែក​នេះ ហ្វីលីពីន នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​។ ទន្ទឹម នឹង​ព្រឹត្តិការណ៍​នេះ មាន​ប្រជាជន​ហ្វីលីពីន​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​វិហារ​សាសនា​គ្រិស្ត​ដើម្បី​បួងសួង​សម្រាប់​ការបោះឆ្នោត​ដោយ​សុវត្ថិភាព និង​រលូន​។​

ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​វិហារ​សាសនា​គ្រិស្ត​ទូទាំងប្រទេស​ដើម្បី​បួងសួង សូម​ឲ្យ​មានដំណើរ​ការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្តឡើង​ដោយ​សុវត្ថិភាព និង សេរី នៅ​ថ្ងៃទី​០៨​ខែឧសភា​នេះ ដែលជា​ថ្ងៃ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ និង​ចំ​ថ្ងៃ​ទិវា​មាតា​ពិភពលោក​ផងដែរ​នោះ​។

« ខ្ញុំ បួងសួង​ទៅកាន់​ព្រះ ដែល​ជ្រើសរើស​បេក្ខជន​ម្នាក់​ដែល​ឈរ​សម្រាប់​តំណែង​ប្រធានាធិបតី នឹង​បំពេញការងារ​បានល្អ​សម្រាប់​ការចង់បាន​របស់​ប្រទេស​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ដែល​សម្ភាសន៍​អ្នកចូលរួម​បួងសួង​នោះ ។

សូមបញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ក្នុងការ​ឃោសនា​ស្វែងរក​សំឡេងគាំទ្រ​ក្នុងការ​បោះឆ្នោត​ប្រ​ធានា​ធិ​ប តី​ហ្វីលីពីន ទើបតែ​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​។ ហើយ​ថ្ងៃអាទិត្យ​នេះ គឺជា​ថ្ងៃ​ស្ងប់ស្ងាត់​ដែល​អ្នក នយោបាយ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចុះ​ជួប​អ្នកគាំទ្រ​ខ្លួន​ឡើយ​។​

ដោយឡែក សម្រាប់​ការបោះឆ្នោត​ប្រ​ធានា​ធីប​តី​ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ចន្ទ ស្អែក​នេះ គឺជា លើក​ទី​៥​ហើយ​ដែល​ហ្វីលីពីន បានរៀបចំ​ការបោះឆ្នោត ក្រោយពី​បដិវត្តន៍​កម្លាំង​ប្រជាជន​ក្នុងការ​ផ្តួល​រលំ​មេដឹកនាំ​ផ្តាច់កា​រលោក Ferdinand Marcos ក្នុង​ឆ្នាំ​១៩៨៦៕