អគ្គី​ភ័យ​ឆាបឆេះ​អាហារ​ដ្ឋា​ន តំបន់​ទេសចរណ៍​កោះ​រ៉ុ​ង

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយបង្អស់​ពី​តំបន់​ទេសចរណ៍​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ បាន​អះអាង​ថា អគ្គី​ភ័យ​បាន​ឆាបឆេះ​អាហារ​ដ្ឋា​ន​បរទេស​នៅ​លើ​ផែ​ទេសចរណ៍ ទាំងស្រុង ប៉ុន្តែ​ពុំ​មាន​រាលដាល​ដល់​អាហារ​ដ្ឋា​ន​ដទៃ​នោះ​ទេ គិត​មក​ដល់​ត្រឹម​ម៉ោង​១៨​និង​១៥​នាទី​នេះ​។ យោង​តាម​ការ​អះអាង​ពី​លោក អនុសេនីយ៍ឯក ហេង គី​ម​អាន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ង បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​អគ្គី​ភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ អាហារ​ដ្ឋា​ន​បរទេស​ចំនួន​០១​ឈ្មោះ បា សូ​ឡូ ដែល​មាន​ម្ចាស់​ឈ្មោះ សេង ហ៊ួ​លាង ដែល​បាន​សាងសង់​លើ​ផែ​ទេសចរណ៍ ឆាបឆេះ​ទាំងស្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស និង​មិន​បណ្តាល​ឲ្យ​ឆាបឆេះ ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ ឬ​ហាង​អ្នក​ដទៃ​នោះ​ទេ​។

ចំពោះ​មូលហេតុ​ដែល​បាន​ឆាបឆេះ គេ​នៅ​ពុំ​ទាន់​កំណត់​ច្បាស់លាស់​ថា​មក​ពី​អ្វី​នោះ​ទេ តែបើ​យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង អាច​បណ្តាល​មក​ពី​ឡ ដុត​ភី​ហ្សា របស់​ហាង​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ថា អគ្គី​ភ័យ​នេះ ត្រូវ​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​១៧​និង​៣៥​នាទី បន្ទាប់​ពី​មានការ​អន្តរា​គម​ន៏​ពី ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ទើប​អគ្គី​ភ័យ​នេះ​ពុំ​បណ្តាល ឲ្យ​ឆាបឆេះ​ទៅ​កាន់​ទីតាំង​ផ្សេង​បាន​។ សូម​បញ្ជាក់​ផង​ដែរ​ថា ត្រង់​ចំណុច​កើតហេតុ លើ​ផែ​ទេសចរណ៍​នេះ គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ របស់​ខេត្ត​ព្រះ​សីហ​នុ ទើប​នៅ​ពេល​កើតហេតុ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទាំង​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​តាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក ៕