សង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី ប្រកាសថា នឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស

ភ្នំពេញ:
សង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី ប្រកាសថា ពួកគេនឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ដើមសប្តាហ៍ក្រោយនេះ ធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ដែលពួកគេថា ជាសារបង្ហាញថាពួកគេមិនពេញចិត្តទៅនឹងរដ្ឋាភិបាល ដែលចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក។

ក្រៅពីធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ មុខពន្ធនាគារ នៅថ្ងៃទី៩ ខែ ឧសភា នោះក៏មាន និមន្តព្រះសង្ឃសូតធម៌ ឲ្យពរជ័យតាមបែបជំនឿសាសនាដល់មន្ត្រីការពារសិទ្ធិមនុស្សទាំង៥នាក់ ដែលតុលាការសម្រេចឲ្យឃុំខ្លួននោះដែរ។
យុទ្ធនាការពាក់អាវខ្មៅនោះ ក៏ជាសារមួយបង្ហាញទៅសហគមន៍អន្តរជាតិថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងជាសារជំរុញឲ្យរដ្ឋាភិបាលពិចារណាដោះលែងអ្នកទាំងនោះ ឲ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។