រដ្ឋមន្ត្រីមហាផ្ទៃ​បញ្ជាគ្រប់អភិបាល​ខេត្ត​ឲ្យតាម​មើល​ចលនា​ស្លៀក​ពាក់ខ្មៅ រួម​ទាំងព្រះសង្ឃ​ផងដែរ

ក្នុងលិខិតមួយ​ជម្រាប​ដល់​អភិបាល​រាជ​ធានី-ខេត្តនា​ថ្ងៃទី​៨ ខែឧសភា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំឲ្យមានការ​ទប់​ស្កាត់​ចលនារបស់​សមាគម អង្គការ​មិនមែនរដ្ឋា​ភិបាល ក្នុងការ​រៀបចំ «យុទ្ធនាការស្លៀកពាក់ខ្មៅ» និង​ការ​កៀរគរ​កម្លាំង​ដើម្បីទាមទារឲ្យមាន​ការដោះលែង​ជន​សង្ស័យ​មួយចំនួន។ ជន​សង្ស័យ​ដែល​រដ្ឋមន្ត្រីមហាផ្ទៃលើក​ឡើងនោះ គឺ​សំដៅ​លើមន្ត្រីអាដហុក​៤នាក់ និង​លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ដែល​ត្រូវបាន​ចោទ​ប្រកាន់ពីសូក​ប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់​សាក្សី ក្នុងសំណុំរឿង​ស្នេហាមួយដ៏​ល្បីល្បាញ។

សម្តេច ស ខេង បាន​ណែនាំដល់បញ្ជាការ​ឯកភាព​រាជ​ធានី-ខេត្តធ្វើ​ការ​កោះ​ប្រជុំជាបន្ទាន់ចាប់ពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ដើម្បី​តាមដាន និង​វាយតម្លៃជាប្រចាំនៅ​សភាព​ការណ៍​ខាងលើ និង​ការប្រមូល​ផ្តុំកម្លាំង​ដើម្បី​ទាម​ទាតវ៉ានានា ក្នុងនោះមុខ​សញ្ញា​ដែល​ត្រូវ​យកចិត្តទុក​ដាក់ មានដូចជា គណបក្ស​នយោបាយ សមាគម អង្គការក្រៅ​រដ្ឋាភិបាល ព្រះសង្ឃ និងកម្មករ ជាដើម។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​ណែនាំផង​ដែរថា បើទោះបី​ជាមមាញឹក​ក្នុងការ​ក្តាប់ និង​ដោះ​ស្រាយ​សភាពការណ៍ខាងលើ ក៏មិន​ត្រូវ​បោះ​បង់​ការងារ​អាទិភាព​ផ្សេងទៀតដែរ ហើយ​ការដោះ​ស្រាយ​ត្រូវផ្អែក​លើ​គោលការណ៍​ច្បាប់ និងចៀសវាងអំពើ​ហិង្សា៕