ACU ឃាត់ខ្លួន​មន្ត្រី CDC ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាលពី​ព្រលប់​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​រូប​នោះ​ឈ្មោះ ឡាយ ថា​រ័​ត្ន អាយុ​៣៣​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ពុក​រលួយ​នេះ ស្ថិត​នៅ​លើ​ដៃ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។ ក្រោយ​ការ​សាកសួរ​ចប់​នៅ​យប់​ថ្ងៃ​ទី​០៧​ឧសភា​ តំណាង​អយ្យកា​រក៏បាន​ផ្ញើ​ជនសង្ស័យ​នៅ ACU នឹង​តម្រូវ​ឲ្យ​បញ្ជូន​មក​សាកសួរ​បន្ត​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦​ទៀត ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡាយ ថា​រ័​ត្ន ស្នាក់​នៅ ផ្ទះ​លេខ​៦F២ ផ្លូវ​៥១៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ជា​អនុប្រធាន​ការិយាល័យ​វិភាគ​គម្រោង​និង​លើកទឹកចិត្ត​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ត្រូវ​លោក​ព្រះរាជអាជ្ញា​រង មាស ច​ន្ទ័​ពិសិដ្ឋ ចោទ​ពី​បទ​វីតិក្រម តាម​មាត្រា​៥៩២​និង​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ ។ បើ​តាម​អ្នកនាំពាក្យ​ដដែលថា ជនសង្ស័យ​ជាប់​ពាក់​ព័​ន្ឋ​ទារប្រាក់​លើស​កម្រៃ​សេវា (​លើ​ទឹកប្រាក់​១០០០​ដុល្លារ​)​ក្នុង​គម្រោង ។

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ សំណុំរឿង​ខាងលើ​នេះ​ក៏​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ​ដោយ​សម្រេច​ឃុំខ្លួន​ឈ្មោះ ឡាយ ថា​រ័​ត្ន ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា​ ៕