បន្ទាប់ពី​ពិសា​បាយ​រួច លោកអ្នក​មិនគួរ​ប្រព្រឹត្ត​ទម្លាប់​គ្រោះថ្នាក់​ទាំង ៦ នេះឡើយ​!

    ​យើង​ធ្លាប់​ឮ​គេ​និយាយថា ទទួលទាន​អាហារ​រួច​គួរ​ធ្វើ​រឿង​មួយចំនួន​ដើម្បី​ជួយ​រំលាយ​អាហារ ក្នុងនោះ​មានដូចជា ការដើរ ពិសា​ផ្លែឈើ ឬ​ដេក​មួយស្រឡេត​។ 

​    ​ជាការ​ពិត លោក​អាចធ្វើ​សកម្មភាព​ទាំងនោះ​បាន តែ​ដរាបណា​លោកអ្នក​បញ្ចប់​ការ​ពិសា​អាហារ​បាន​យ៉ាងតិច​កន្លះ​ម៉ោង ឬ ១ ម៉ោង​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​គ្រោះថ្នាក់​ទាំង ៦ ដែល​លោកអ្នក​មិនគួរ​ធ្វើ​នោះទេ បន្ទាប់ពី​បញ្ចប់​ការទទួល​ទាន​អាហារ​ភ្លាមៗ​។ 

​    ​១. ជក់បារី​
​    ​ក្រោយ​បាយ​ភ្លាម​រឿង​ទីមួយ​ដែល​មិនត្រូវ​ធ្វើ​គឺ​ជក់បារី ព្រោះ​វា​ផ្ទុក​ជាតិ​ពុ ៦០ ប្រភេទ​ដែល​អាច​បង្ក​មហារីក​សួត ក្នុងនោះ​រួមទាំង​ជាតិ​នីកូទីន​ផងដែរ​។ 

​    ​២. កុំ​ទទួលទាន​ផ្លែឈើ​
​    ​ផ្លែឈើ​គួរតែ​ទទួលទាន​នៅពេល​ព្រឹក​ពោះ​ទទេរ​ប៉ុណ្ណោះ​។ ដោយសារ​ផ្លែឈើ​ជា​របស់​ងាយ​រំលាយ​ជាងគេ ដូច្នេះ​ប្រសិនបើ​លោកអ្នក​បញ្ចប់​ការទទួល​ទាន​បាយ​ភ្លាម ហើយ​ពិសា​ផ្លែឈើ​ភ្លែត បានន័យថា លោកអ្នក​បាន​រុញ​ផ្លែឈើ​ឱ្យចូល​កន្លែង​រំលាយ​អាហារ​មុនគេ ហើយ​អាហារ​ដែល​ទើប​ទទួលទាន​រួច​នឹងត្រូវ​រង់ចាំ​ចូល​តាម​ក្រោយ ជាហេតុ​ធ្វើឱ្យ​អាហារ​ទាំងនោះ​ផ្អួរ​នៅក្នុង​ពោះ​។ លោកអ្នក​អាច​ទទួលទាន​ផ្លែឈើ​បាន ដរាបណា​រង់ចាំ ១ ម៉ោង​សិន​។ 

​    ​៣. ពិសា​ទឹកតែ​
​    ​តែ​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​រាប់​ចាប់ពី​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​រហូតដល់​ការរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ប៉ុ​ន្ត​ផឹក​តែ​ក្រោយ​បាយ​ភ្លាម​មិនល្អ​នោះឡើយ ព្រោះ​សមាសធាតុ​របស់​ទឹកតែ​បាន​ទប់​ជាតិ​ដែក​នៅក្នុង​អាហារ​មួយចំនួន​មិនឱ្យ​ជ្រាបចូល​រាងកាយ​នោះទេ​។ ស្ត្រី​និង​កុមារ​ដែល​ត្រូវការ​ជាតិ​ដែក​ពុំគួរ​ផឹក​តែ​ក្រោយ​ទទួលទាន​បាយ​ភ្លាម​នោះទេ ត្រូវ​រង់ចាំ ១ សិន​សឹម​ផឹក​។ 

​    ​៤. ងូតទឹក​
​    ​កម្តៅ​រាងកាយ​ជួយ​ដល់​ការរំលាយ​អាហារ​បាន​លឿន ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ងូតទឹក​ត្រជាក់​ខ្លួន អាហារ​ដែល​ទទួលទាន​រួច​នឹងមិន​ងាយ​រំលាយ​បាន​លឿន​នោះឡើយ​។ ត្រូវ​រង់ចាំ ៣០ នាទី​សឹម​ងូតទឹក​។ 

​    ​៥. ចាប់ផ្តើម​ដើរ​ភ្លាម​បន្ទាប់ពី​បាយ​រួច​ភ្លែត​    ​
​    ​ពិសា​បាយ​ហើយ​ភ្លាម​ដើរ​ភ្លែត​នឹង​បង្ក​ឱ្យលើស​ជាតិ​អាស៊ីត និង​ពិបាក​រំលាយ​អាហារ​។ លោកអ្នក​គួរ​ចំណាយពេល​មើល​ទូរទស្សន៍​ល្អ​ជាង​។ ប៉ុន្តែ​ក្រោយ​បាយ​ហើយ​កន្លះ​ម៉ោង លោកអ្នក​គួរ​ដើរ ១០ នាទី​ដើម្បី​ដុត​កាល់​ឡូរី​បន្ថែម​ក្នុង​រាងកាយ​។ 

​    ​៦. ដេក​
​    ​ចូលដេក​ភ្លាម​បន្ទាប់ពី​ទទួលទាន​បាយ​រួច ប៉ះពាល់​រាងកាយ​អាក្រក់​ខ្លាំងណាស់​។ ជាតិ​អាស៊ីត​ក្នុង​ក្រពះ​នឹង​ហូរ​ចូល​តាម​បំពង់​បង្ហូរ​អាហារ និង​ធ្វើឱ្យ​រលាក​បំពង់​អាហារ​ប្រសិនបើ​លោកអ្នក​ចូលដេក​ភ្លាម​បន្ទាប់ពី​បាយ​រួច​។ លោកអ្នក​គួរ​អង្គុយ​ត្រង់ ឬ​ឈរ​ឱ្យបាន​មួយ​ម៉ោង​សិន​សឹម​ចូលទៅ​សម្រាក​ថ្ងៃត្រង់ ឬ​ចូល​គេង​ពេលយប់​៕