ផៃ ស៊ីផាន៖ អាវ​ខ្មៅ​ជា​សញ្ញា​សំគាល់​​ឲ្យ​ខ្មែរ​ក្រហម និង ISIS

តើយុទ្ធនាការពាក់អាវខ្មៅ របស់ក្រុមអង្គការសង្គមស៊ីវិល នៅរៀងរាល់ថ្ងៃចន្ទ មានន័យ​យ៉ាង​ណា សម្រាប់​រដ្ឋាភិបាល​កម្ពុជា? រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យនិយមន័យ ទៅ​នឹង​ការ​ពាក់​អាវ​ពណ៍​ខ្មៅ​ទាំង​នោះ ស្មើនឹងនិមិត្ត​សញ្ញា​នៃ​ក្រុម​ខ្មែរក្រហម និង​ក្រុម​ភេរវនិយម​​រដ្ឋអ៊ីស្លាម។
ផៃ ស៊ីផាន៖ អាវ​ខ្មៅ​ជា​សញ្ញា​សំគាល់​​ឲ្យ​ខ្មែរ​ក្រហម និង ISIS

ពីឆ្វេងមកស្ដាំ៖ លោក ផៃ ស៊ីផាន ដែលពាក់អាវខ្មៅ និងលោក ហ៊ុន សែន កាលពីលោក​នៅជាទាហានខ្មែរក្រហម។ (រូបថតហ្វេសប៊ុក)

ពាក់អាវពណ៌ខ្មៅជុំគ្នា ឬការនាំគ្នា​យកអាវពណ៌ខ្មៅមកពាក់ នៅក្នុងឱកាសអ្វីមួយ មិននៅត្រឹមជាសេរីភាព នៃ​ការ​ស្លៀកពាក់ ឬការបង្ហាញនូវទុក្ខព្រួយ របស់មនុស្សម្នាឡើយ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យនិយមន័យ​នៃការពាវអាវពណ៌ខ្មៅទាំងនោះ  ស្មើនឹងសញ្ញាសំគាល់ ឬ​ជា​និមិត្តសញ្ញារបស់ក្រុមខ្មែរក្រហម និងក្រុមភេរវនិយមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​​បារាំង​​ហៅ EI ពាក្យ​កាត់​​អង់គ្លេស​​ហៅ ISIS)។

ចាប់ពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ក្រុមសមាគមអង្គការក្រៅរដ្ឋាភិបាលជាច្រើន បាន​ប្រកាស​បើក​យុទ្ធនាការពាក់អាវខ្មៅ ឬ«ថ្ងៃចន្ទ ពណ៌ខ្មៅ» ដើម្បីជាសញ្ញាមួយ​ទាមទារឲ្យមានការដោះលែង មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បួននាក់ របស់​សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។ មន្ត្រី​​សិទ្ធិ​មនុស្សទាំងបួននាក់ មាន​លោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯ​មន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជា​អគ្គលេខាធិការ​រងរបស់ ​គ.ជ.ប. គឺលោក នី ចរិយា។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានហៅការពាក់អាវពណ៌ខ្មៅនេះ ថាជាការកាន់ទុក្ខ និងការខកចិត្ត តប​នឹង​អំពើអយុត្តិធម៌នៃការចាប់ចង ពីសំណាក់អាជ្ញាធរកម្ពុជា ទៅលើសូម្បីតែសកម្មជនសិទ្ធិមនុស្ស។ តែការ​អះអាង​របស់​ក្រុមសង្គមស៊ីវិលនេះ មានសភាព​ផ្ទុយគ្នាស្រឡះ ទៅនឹងការលើកឡើង របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។

ថ្លែងផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានដើមអំពិល កាលពីថ្ងៃសៅរ៍ទី៧ ខែឧសភា ឆ្នាំ២០១៦កន្លងមក​នេះ លោក ផៃ ស៊ីផាន បានពន្យល់ថា៖ «ពណ៌ខ្មៅ មានក្រុមពីរយកមកប្រើ។ ខោអាវខ្មៅច្រើនពួកខ្មែរក្រហម យក​មក​ប្រើ។ ហើយកាលណ្នឹង គេនាំគ្នាពាក់អាវខ្មៅ និងធ្វើយុទ្ធនាការ ដើម្បីសេរីភាព ដើម្បីរំដោះឲ្យវណ្ណៈ​ស្មើគ្នា។ (...) ហើយក្រុមទីពីរនោះ គឺពួក "ISIS" ដែលបង្កើតភេរវកម្ម នៅតំបន់មជ្ឈឹមបូព៌ា ដែលអ្នកខ្លះគេចោទថា ជា​ក្រុម​ដែលពួកអាមេរិកាំងបង្កើត។ ប្រហែលជាពួកអាមេរិកាំង បង្កើតពួកណ្នឹង (ក្រុមអង្គការសង្គមស៊ីវិល) ដែរ​ឬ​ទេ? ខ្ញុំឆ្ងល់។»

«ឧទ្ទាមក្នុងក្រុង»

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមើលឃើញក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ថាជា​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ក្រុង។ លោកបានឲ្យដឹងទៀតថា៖ «ពីដើម ពួកប៉ុលពតជាឧទ្ទាមនៅក្នុងព្រៃ នៅជនបទ។ ប៉ុន្តែឥឡូវនេះ នៅ​ក្នុង​ស្ថានភាព​ថ្មីនេះ  ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលទទួលលុយពីបរទេសណ្នឹង ហើយយើងហៅថា ជា​ភ្នាក់ងារ​​បរទេសណ្នឹង ឥឡូវគេរៀបចំចលនាមួយទៀត ហៅថាឧទ្ទាមនៅក្នុងក្រុង»។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជុំវិញការពាក់អាវពណ៌ខ្មៅនេះ បាន​បង្កឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និងពិបាកឲ្យអ្នកផងយល់ ឬធ្វើការសន្និដ្ឋាន។ មិនយល់ ព្រោះនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត សុទ្ធតែធ្លាប់​ជាអតីតកម្មាភិបាល​របស់​ខ្មែរ​ក្រហម។ ជាពិសេស អតីតព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ ក៏ធ្លាប់ពាក់អាវខ្មៅ បង់ក្រម៉ា ឈរ​ប្រកៀក​ស្មារ ជាមួយនឹងក្រុមខ្មែរក្រហមទាំងនោះដែរ (រូបខាងក្រោម)។

ដោយឡែក សម្រាប់សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា ដែលបានចូលរួមក្នុងយុទ្ធនាការ ពាវ​អាវ​ខ្មៅ ដែរនោះ បានថ្លែងនៅក្នុងវេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរីថា ការពាក់អាវខ្មៅរួមគ្នា​​ចង់បង្ហាញថា របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ គឺមិនខុសពីរបបខ្មែរក្រហមឡើយ៕

» រូបថតដែលសម្ដេចសីហនុ ថតជាមួយក្រុមខ្មែរក្រហម នៅចំងាយ៥២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុង​ឆ្នាំ​១៩៧៣៖

ផៃ ស៊ីផាន៖ អាវ​ខ្មៅ​ជា​សញ្ញា​សំគាល់​​ឲ្យ​ខ្មែរ​ក្រហម និង ISIS