អ្នក​ឃ្លាំ​មើល​ទទូច​ឲ្យ​ពន្លឿន​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​១០​លាននាក់​តាម​ប្រព័ន្ធ​កុំព្យូទ័រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងរៀបចំនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតទូទាំងប្រទេសជាថ្មីតាមប្រព័ន្ធកុំព្យូទ័រដើម្បីឲ្យមានបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយមាន លក្ខណៈសុក្រិត្យនិងអាចទុកចិត្តបានថា គ្មានការស្ទួនឈ្មោះ គ្មានការបាត់ឈ្មោះជាដើម។ តែការចុះឈ្មោះនេះមិនទាន់ត្រូវគេចាប់ផ្តើមធ្វើនៅឡើយទេ ទោះជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ដែលអាចមានការរុះរើ អំណាចមូលដ្ឋានដែលគណបក្សគ្រប់គ្រងប្រទេសកាន់កាប់ភាគច្រើនលើសលុបជាងបីទសវត្សរ៍នេះក្តី។

វ៉ាស៊ីនតោន — លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ ខុមហ្រ្វែលបានថ្លែងថា ការចុះឈ្មោះបោះឆ្នោតលើកនេះមានទំហំធំ ហើយត្រូវការការរៀបចំច្រើន ត្រូវការបុគ្គលិក ត្រូវការជំនួយជាថវិកា សម្ភារៈ បច្ចេកទេស និងធនធានផ្សេងៗទៀត ដើម្បីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មីដែលតម្រូវឲ្យពលរដ្ឋចុះឈ្មោះឡើងវិញ។

«ព្រោះថា ការចុះឈ្មោះលើកនេះគឺជាការចុះឈ្មោះឲ្យប្រជាពលរដ្ឋឡើងវិញទាំងអស់ មានន័យថា អ្នកធ្លាប់ចុះឈ្មោះពីមុនក៏ដោយក៏ត្រូវមកចុះឡើងវិញដែរ ព្រោះដោយសារ ឥឡូវនេះយើងមានប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រហ្នឹង ហើយមាន ការបញ្ចូលទិន្នន័យមួយចំនួន មានរូបថត មានស្នាមមេដៃនៅក្នុងម៉ាស៊ីនកុំព្យូទ័រ ដាក់ចូលក្នុងម៉ាស៊ីនកុំព្យូទ័រហ្នឹង។ ម្ល៉ោះហើយវាទាមទារឲ្យអ្នកបោះឆ្នោតពីមុនក្តីឬក៏អ្នកដែលគ្រប់អាយុ នៅពេលខាងមុខក្តី ត្រូវតែចុះឈ្មោះឡើងវិញ‍»។

អ្នក​ឃ្លាំ​មើល​ទទូច​ឲ្យ​ពន្លឿន​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​១០​លាននាក់​តាម​ប្រព័ន្ធ​កុំព្យូទ័រ

រូបភាពឯកសារ៖ មជ្ឈមណ្ឌលកុំព្យូទ័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បើគិតទាំងអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំផង តួលេខអ្នកបោះឆ្នោតនៅឆ្នាំខាងមុខនេះ ទំនងជាមានចំនួនដល់ទៅ១០លាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៥លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៧ខាងមុខ។

លោកគល់ បញ្ញា បានបន្តថា កិច្ចការចុះឈ្នោះអ្នកបោះឆ្នោតពេលនេះតម្រូវឲ្យមាន ការរៀបចំដាក់ថ្ងៃចុះឈ្មោះនិងថ្ងៃបោះឆ្នោតឲ្យបានច្បាស់ ដោយលោកបានស្នើដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា ត្រូវកំណត់កាលបរិច្ឆេទបោះឆ្នោត ដែលសម្រួលដល់ការរៀបចំចុះឈ្មោះរបស់គ.ជ.ប. និងភាពងាយស្រួលដល់ក្រុមយុវជនជំនាន់ថ្មីដែលគ្រប់អាយុ១៨ឆ្នាំនៅខែណាមួយនោះក្នុងឆ្នាំ២០១៧នេះ ក្នុងការចុះឈ្មោះបោះឆ្នោត ហើយនឹងការប្រុងប្រៀបនានារបស់គណបក្សនយោបាយដែលត្រូវចូលរួមប្រកួតប្រជែង។

«នេះជាចំណុចដែលមកដល់សព្វថ្ងៃនេះយើងអត់ទាន់ឃើញមានភាពច្បាស់លាស់នៅឡើយទេពីកាលបរិចេ្ឆទនេះ។ ហើយចំណុចទី២គឺបរិយាកាស ការត្រៀមចុះឈ្មោះបោះឆ្នោត ហើយនឹងការបោះឆ្នោតនេះ បរិយាកាសនយោបាយនេះ យើងនៅឃើញមានបញ្ហាច្រើនដែរ ដោយសារគណបក្សប្រឆាំងទទួលរងការគាបសង្កត់ ឬក៏ការដាក់ សម្ពាធខ្លាំងពីអាជ្ញាធរ ពីរដ្ឋាភិបាល ហើយពីរដ្ឋសភា ធ្វើឲ្យយើងឃើញថា ខាង គណបក្សប្រឆាំងហ្នឹងក៏កំពុងស្ថិតនៅក្នុងដំណើរការមួយហាក់ដូចជាមិនទាន់ត្រៀម កម្លាំងដើម្បីចូលរួមក្នុងការងារចុះឈ្មោះបោះឆ្នោតឬបោះឆ្នោតនៅឡើយ ពីព្រោះថា បរិយាកាសនយោបាយពេលនេះមានការតឹងតែង ដែលអាចធ្វើឲ្យមានការរំលោភ បំពាន បង្កបរិយាកាសភ័យខ្លាចទៅលើសកម្មជនគណបក្សប្រឆាំង ទៅលើប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំងក្តីជាពិសេសគណបក្សសង្គ្រោះជាតិ។ នេះជាបញ្ហាមួយដែលយើងព្រួយបារម្ភដែរមុនការត្រៀមចុះឈ្មោះបោះឆ្នោត ហើយនឹងការងារបោះឆ្នោត នៅពេលខាងមុខនេះគឺទាក់ទិននឹងបរិយាកាសនយោបាយ‍»។

ឆ្លងតាមការធ្លាក់ចំនួនសំឡេងគាំទ្រកាលពីការបោះឆ្នោតសាកលឆ្នាំ២០១៣កន្លងទៅ ពីចំនួន៩០អាសនៈ មកត្រឹម៦៨អាសនៈ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាគណបក្សកាន់អំណាច បានដាក់ចេញយុទ្ធសាស្ត្រជាច្រើន។ ក្នុងនោះមានការពង្រឹងយុទ្ធនាការរបស់ខ្លួនទាំងថ្នាក់ជាតិ និងថ្នាក់មូល ដ្ឋានដើម្បីយកប្រៀបលើគណបក្សដែលជាគូប្រជែង ដែលកើនសំឡេងខ្លាំងគឺគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់រឿងក្តីក្តាំនៅតុលាការ ការបោះឆ្នោតឃុំសង្កាត់ឈានមកដល់។

លោកសម គន្ធាម៉ី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិចហ៊្វ៊ិចបាន ថ្លែងថា គ.ជ.ប.បានពន្យារពេលការចុះឈ្មោះបោះឆ្នោតម្តងរួចហើយគឺពន្យារពីខែឧសភាទៅខែកក្កដា។ លោកថ្លែងដូច្នេះទំនងជាមិនអាចធ្វើទាន់ទេ ដោយសារស្ថាប័នគ.ជ.ប. ត្រូវការទិញសម្ភារៈ និងរៀបចំនីតិវិធីនានា ដែលអាចអូសបន្លាយជាច្រើនខែទៀត ហើយការចុះឈ្មោះអ្នកបោះឆ្នោតអាចធ្វើឲ្យមានលក្ខណៈតក់ក្រហល់ សម្រាប់ការចូលរួមរបស់គណបក្សនយោបាយ។ បើការបោះឆ្នោតត្រូវធ្វើនៅខែមិថុនាឆ្នាំ២០១៧ ក៏គណបក្សនយោបាយមានពេលតិចតួចក្នុងការរៀបចំ។

លោកចង់ឲ្យការបោះឆ្នោតត្រូវធ្វើឲ្យបានឆាប់មុនរដូវវស្សា។

«បើសិនជាការចុះឈ្មោះបោះឆ្នោតធ្វើនៅខែកញ្ញា (ខែ៩) វានឹងជួបការលំបាកច្រើន តាមបទពិសោធន៍ខ្ញុំ ព្រោះខែកញ្ញាជារដូវវស្សា។ ដូចឆ្នាំមុនៗ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំធ្វើនៅខែកញ្ញា និងខែតុលា ដូច្នេះជួបការលំបាកនៅរដូវវស្សា។ នេះជាការលំបាករបស់ប្រជាពលរដ្ឋ អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោត។ យើងឃើញថា គាត់ជួបការលំបាកច្រើន នេះគឺទី១។ ហើយទី២ ចុះឈ្មោះខែកញ្ញា គឺត្រូវចប់នៅខែធ្នូដោយសារការចុះ ឈ្មោះមានរយៈពេលបីខែលើកនេះ ព្រោះបញ្ជីបោះឆ្នោតថ្មី ហើយ អាចចប់នៅខែធ្នូ ហើយយើងជួបការលំបាក បើសិនជាការបោះឆ្នោតក្រុមប្រឹក្សាឃុំធ្វើដូចអាណត្តិមុនៗ ខែ មិថុនានោះ នឹងមានការប្រថុចញុចបន្តិច ដូចថា ល្បឿនវាមានពេលវេលាខ្លី‍»។

លោកបានបន្តថា បញ្ជីឈ្មោះបោះឆ្នោតចាស់អាចនៅប្រើបាន ប្រសិនបើបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីមិនអាចធ្វើទាន់ពេល។

«ប្រព័ន្ធចុះឈ្មោះបោះឆ្នោតក្រោយយើងប្រើប្រព័ន្ធកុំព្យូទ័រដែលមានបញ្ចូល ឬស្កេនម្រាមដៃ មានបញ្ចូលរូបថត។ ក្នុងករណីមួយទៀត បើសិនជាការចុះឈ្មោះអត់មានបញ្ជីថ្មីនឹងអាចប្រើបញ្ជីចាស់»។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.បានឲ្យដឹងថា ប្រទេសជប៉ុននិងសហភាពអឺរ៉ុបដែលមានបំណងជួយដល់ការចុះឈ្មោះបោះឆ្នោតនោះ បានបញ្ជូនឯកអគ្គរដ្ឋទូតជួបប្រជុំជាមួយប្រធានគណៈកម្មាធិការបោះឆ្នោតកម្ពុជាគឺលោកស៊ិក ប៊ុនហុក។ កាលពីដើមសប្តាហ៍មុន គ.ជ.ប.បានរៀបចំកិច្ចប្រជុំដែលមានការចូលរួមរបស់ឯកអគ្គរាជទូតជប៉ុន យូជី គូម៉ាម៉ារូ (Yuji Kumamaru) និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។ កិច្ចប្រជុំនោះពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងគ.ជ.ប.និងប្រទេសជប៉ុន ហើយនឹងសហភាពអឺរ៉ុប និងការពន្លឿនការឈ្មោះបោះឆ្នោតឆ្នាំ២០១៦ តាមរយៈសម្ភារៈ បច្ចេកទេស និងការពង្រឹងសន្តិសុខ សុវត្ថិភាពលើកម្មវិធីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ្នកចុះឈ្មោះ។

VOA បានព្យាយាមទាក់ទងក្រុមមន្ត្រីគ.ជ.ប.ដើម្បីសុំសេចក្តីអត្ថាធិប្បាយលម្អិត តែពុំអាចទាក់ទងបានទេ។ តែមន្ត្រីខ្លះបាន បញ្ជាក់ឲ្យដឹងថា គ.ជ.ប. កំពុងរង់ចាំជំនួយពីប្រទេសនានា រួមទាំងសហគមន៍អឺរ៉ុប ដែលបានសន្យាជួយជាសម្ភារៈ កុំព្យូទ័រ និងជំនួយបច្ចេកទេសផងដែរ។ ហើយមួយទៀត គ.ជ.ប.ក៏រង់ចាំការកំណត់ថ្ងៃបោះឆ្នោតពីរដ្ឋាភិបាលដើម្បីដំណើរការកិច្ចការរបស់ខ្លួន ជាពិសេសការកំណត់តួលេខមនុស្សដែលត្រូវដល់អាយុបោះឆ្នោត។

ក្រៅពីគណបក្សនយោបាយដែលធ្លាប់ចូលប្រកួតប្រជែងដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ គេបានដឹងថា នៅមានគណបក្សនយោបាយថ្មីចំនួន៦ ទៅ៧កំពុងត្រៀមប្រកួតប្រជែងផងដែរ ក្នុងពេល ដែលគ.ជ.ប.មិនទាន់បានប្រកាសឲ្យគណបក្សនយោបាយដាក់ពាក្យចុះឈ្មោះគណបក្សនៅឡើយនោះ។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៦៣0ឃុំ សង្កាត់នៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាឈ្នះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៥៩២ និងចំនួនក្រុមប្រឹក្សាមានដល់ទៅ៨២៩២ ដោយត្រួតត្រាកិច្ចការរដ្ឋបាលមូលដ្ឋានសឹងតែទាំងអស់។ ចំណែកឯគណបក្សជំទាស់របស់លោក សម រង្ស៉ី និងលោកកឹម សុខាបានឈ្នះជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៤០ និងមានតួនាទីជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ជិត៣០០០នៅទូទាំងប្រទេស។ គណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិចទទួលបានអាសនៈជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១ និងមានសមាជិកចំនួន១៥១ ទូទាំងប្រទេស៕

ប្រភពៈ VOA