បឹងកេត លត់ប៉ូលិស ៧-១ តែ ថាវីរៈ ជួយឲ្យថាយហ្គឺរ ចែកពិន្ទុនឹងណាហ្គាវើល

ក្រុមបឹងកេតអង្គរ បានលត់ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ៧-១ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែជ័យជម្នះដ៏ធំនេះ នៅតែមិនទាន់អាចជួយក្រុមបឹងកេត ឲ្យឡើងទៅឈរនៅកំពូលតារាងនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៦ នៅឡើយទេ រីឯកីឡាករជើងចាស់ អ៊ូម ថាវីរៈ បានជួយក្រុមថ្មីរបស់ខ្លួនគឺខេមបូឌានថាយហ្គឺរ តាមស្មើក្រុមណាហ្គាវើល កាលពីយប់ម្សិលមិញនោះដែរ។
mclmay
mclmay1
នៅក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ បឹងកេត បានជួបរឿងមិនសប្បាយចិត្តមួយរំពេច ខណៈអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យ១១ម៉ែត្រ ក្នុងការប៉ះទង្គិចគ្នានៅតំបន់គ្រោះថ្នាក់នៅនាទីទី៩នោះ ហើយ ទិត្យ ឌីណា ជាអ្នកស៊ុតបាល់នោះបានសម្រេច ដើម្បីជួយឲ្យក្រុមប៉ូលិស នាំមុខ ១-០ វិញ។

ប៉ុន្តែនៅនាទីទី២០ បឹងកេត បានទទួលបាល់ពិន័យ១១ម៉ែត្រវិញ ហើយខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ជាអ្នកស៊ុតបានសម្រេច។ បន្ថែមលើនេះ ឃួន ឡាបូរ៉ាវី បានស៊ុតទម្លុះសំណាញ់ទីក្រុមប៉ូលិស បាន២គ្រាប់ទៀត គឺនៅនាទីទី៣២ និងនាទីទី៣៥ ដើម្បីក្លាយជាអ្នករកបានគ្រាប់បាល់បានច្រើនជាងគេឲ្យបឹងកេត ក្នុងជំនួបនេះ ខណៈ៤គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Bata នៅនាទីទី៤១ និង៥៣ និងខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា នៅនាទីទី៨០ និង៨៩។
mclmay2
mclmay3
ការឈ្នះ៧-១ លើនេះវាជាកំណត់ត្រាល្អលើកទី៣ ដែលក្រុមបឹងកេត ធ្វើបាននៅក្នុងការប្រកួតរដូវកាលថ្មី ឆ្នាំ២០១៦នេះ ព្រោះនៅក្នុងជ័យជម្នះចំនួន៥លើកកន្លងមក បឹងកេត ធ្លាប់បានលត់ក្រុមវេស្ទើន ៦-០ និងក្រុមមជ្ឈមណ្ឌមកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ៧-០។

អ្នកចាំទី ប្រាក់ ភារុន របស់ក្រុមប៉ូលិស មានអារម្មណ៍ជឿចាប់យ៉ាងខ្លាំង ព្រោះគេចាត់ទុកការចាញ់ ៧-១ ជាការបរាជ័យដ៏ធំបំផុត នៅក្នុងអាជីពជាអ្នកចាំទីរបស់គេ។ ប្រាក់ ភារុណ បានសរសរបង្ហោះនៅលើហ្វេសប៊ុករបស់គេ ក្រោយចាញ់ក្រុមបឹងកេត ៧-១ ថា៖«លើកទី១ នៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ៧ទល់នឹង១ សង្ឃឹមថាមិនមានទៀតទេសម្រាប់ខ្ញុំ»។
mclmay4
mclmay5
យ៉ាងណាក៏ដោយ ការឈ្នះ ៧-១ នេះ នៅតែធ្វើឲ្យក្រុមបឹងកេត បន្តឈរនៅលេខរៀងទី២ដដែល បើទោះបីជាពួកគេមាន១៨ពិន្ទុ ស្មើក្រុមក្រសួងការពារជាតិ និងមានគ្រាប់បាល់ចំណេញច្រើនជាងក៏ដោយ ព្រោះការប្រកួតរដូវកាលនេះ គេគិត Head to Head ហើយបឹងកេត ធ្លាប់ចាញ់ក្រុមទ័ព ២-១ ក្នុងការប្រកួតជើងទី១នេះ។

ចំណែកក្រុមខេមបូឌានថាយហ្គឺរ បានវាយបកតាមស្មើក្រុមណាហ្គាវើល១-១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃម្សិលមិញនោះដែរ។ កីឡាករកូរ៉េ Paek Yong Jun បានជួយឲ្យណាហ្គាវើល នាំមុខតាមរយៈការរកបានគ្រាប់បាល់របស់គេនៅនាទីទី៦៥ ប៉ុន្តែអតីតខ្សែការពារ របស់ណាហ្គាវើល អ៊ូម ថាវីរៈ ដែលទើបទៅរួមរស់ជាមួយខេមបូឌានថាយហ្គឺរនោះ បានស៊ុតបាល់បញ្ចូលទីតាមស្មើ ១-១ នៅនាទីទី៨៩។

លទ្ធផលស្មើ ១-១ នេះបានធ្វើឲ្យណាហ្គាវើល ឈរនៅលេខរៀងទី៤ដដែល ដោយមាន១១ពិន្ទុស្មើក្រុមភ្នំពេញក្រោន ប៉ុន្តែខេមបូឌានថាយហ្គឺរ ធ្លាក់ទៅឈរនៅលេខរៀងទី៦ ក្រោមភ្នំពេញក្រោន វិញម្តង ដោយមាន១០ពិន្ទុ៕