រដ្ឋាភិបាល​​​ព្រមាន​អ្នក​តវ៉ា​​ប្រឆាំង​ ​អង្គភាព​  AC U ដោយ​​ចាត់​​ទុក​វា​​​ថា​ជា​ ”​ការ​បះបោរ​​នៅ​ក្នុង​ទីក្រុង​”

កាលពី​​​ម្សិលមិញ ​រដ្ឋាភិបាល​​បាន​ព្រមាន​​បង្ក្រាប​​សកម្មជន​ និង​​ក្រុម​តស៊ូមតិ​​ដែល​រៀប​ចំ​​​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បួន​រូប​ និង​មន្ត្រី​​ គ.ជ.ប.​មួយរូប ​ដោយ​ចាត់​ទុក​​ការ​តវ៉ា​​ដែល​មាន​​ការ​​គ្រោង​ទុក​នេះ​ថា​ជា​​ទង្វើ​ “​បះបោរ​​ក្នុង​ទីក្រុង​”។

សកម្មជន​​ និង​អង្គការ​​នានា​​កំពុង​អំពាវ​នាវ​​​សុំ​ឲ្យ​ដោះលែង​​បុគ្គល​ទាំង​ប្រាំរូប​​​នេះ​​​​ ដោយ​​​បួន​រូប​ក្នុង​ចំណោម​នោះ​​ត្រូវ​បាន​​បញ្ជូន​ខ្លួន​​​ទៅ​​​​​​ពន្ធនាគារ​ព្រៃស​​ក្នុង​រាជធានី​ភ្នំពេញ​​​ហើយ​​​​កាលពី​សប្ដាហ៍​មុន​​ពីបទ​ឃុបឃិត​​​សូកប៉ាន់​​នារី​ម្នាក់​​​ឲ្យ​បដិសេធ​ស្នេហា​លួចលាក់​របស់​ខ្លួន​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) កំពុង​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ទាំង​​​​​​​​​នេះ​​​នៅ​ក្នុង​សំណុំរឿង​មួយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថាជំរុញ​ដោយ​ហេតុ​ផល​​​​នយោ​បាយ​​។

​ក្រុម​អ្នក​តវ៉ា​​អំពាវ​នាវ​ឲ្យ​ដោះលែង​​មន្ត្រី​សមាគម​​អាដហុក​បួន​រូប​ និង​មន្ត្រី​ គ.ជ.ប.មួយ​រូប​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

​ក្រុម​អ្នក​តវ៉ា​​អំពាវ​នាវ​ឲ្យ​ដោះលែង​​មន្ត្រី​សមាគម​​អាដហុក​បួន​រូប​ និង​មន្ត្រី​ គ.ជ.ប.មួយ​រូប​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

​​​ក្រុម​​​សកម្មជន​​បាន​​លុប​ចោល​​ការ​ហែក្បួន​​​តវ៉ា​​មួយ​ទៅ​កាន់​ទីស្នាក់ការ​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​​​កាលពី​ថ្ងៃ​សៅរ៍ ​បន្ទាប់ពី​សាលា​រាជធានី​​មិន​អនុញ្ញាត​។ ពេល​នេះ​​​​ដោយ​មាន​ការ​ចូល​រួម​ពី​​អង្គការ​សិទ្ធិ​មនុស្ស​​រាប់​សិប​​ ពួកគេ​មាន​គម្រោង​​​​ស្លៀក​ពាក់​​ខ្មៅ​​​​ ហើយ​ប្រមូល​ផ្ដុំគ្នា​នៅ​​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស​​នៅ​ព្រឹក​នេះ។

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​​​បាន​​លើក​​​ឡើង​​​​ថា អ្នក​រៀប​ចំ​​​កំពុង​​​ “​ញុះញង់​ឲ្យ​មាន ‘យុទ្ធនាការ​ស្លៀក​ពាក់​​ខ្មៅ​’” ហើយ​សមត្ថកិច្ច​នឹង​​ “​អនុវត្ត​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​” ​ដើម្បី​អនុវត្ត​ច្បាប់​ ​ប្រសិន​បើ​ការ​ហែក្បួន​នោះ​ពិត​ជា​​​​​​​​ធ្វើ​​​​​​ឡើង​​​​​​​​តាម​​​​​ការ​គ្រោងទុក​​​​មែន។

សេចក្តី​ប្រកាស​ព័ត៌​មាន​​​ដដែល​​​​មាន​ខ្លឹម​សារ​​​​ថា ”អាជ្ញា​ធរ​​​មានសមត្ថ​​កិច្ច​គ្រប់​លំដាប់​​ថ្នាក់​នឹង​អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដើម្បី​អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ក្នុង​គោល​ដៅ​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់សាធារណ និង​ការពង្រឹងនីតិរដ្ឋ​ក្នុង​​ក្រប​ខ័ណ្ឌ​នៃលទ្ធិ​ប្រជា​​ធិបតេយ្យ​សេរីពហុបក្ស​”។

មន្ត្រី​​​​​​នៅ​​​ក្រសួងមហាផ្ទៃ និង​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិ​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​​ម្សិលមិញ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ប្រដូច​​​គម្រោង​​​​​​តវ៉ា​​​ដោយ​​​​​​ស្លៀក​​​​​​ពាក់​​​​​​ខ្មៅ​​​​​​នេះ​​​ទៅ​នឹង​​ ​”​បដិវត្ត​ន៍ពណ៌​” ដែល​មិនអាច​អត់​ឱន​ឲ្យ​បាន​។

លោក​​​​បាន​​​​​​​​​ថ្លែង​​​​​​​​​ថា “​គេ​ចង់​​រំខាន​ដល់​មុខ​​​​ងារ​​​ណាមួយ​នៃ​ស្ថាប័ន​រដ្ឋ នោះ​គឺ​ជា​ការ​គំរាម​​​​កំហែង​។ នេះ​ជា​ទង្វើ​បះបោរ​នៅ​ក្នុង​ទីក្រុង ហេតុ​អី​​​អំពាវ​នាវ​ឲ្យ​ដោះលែង​ពួកគេ? ហេតុ​​​អី​ពួកគេ​ដាក់​​សម្ពាធ​លើ​តុលាការ​?”។

លោក​​​​​​​​​​​​​​បាន​​​​​​​​​លើក​​​ឡើង​​​បម្ថែម​​​ទៀត​​​​​​​ថា អ្នក​​​​តវ៉ា​គួរ​តែ​​បង្វែរ​​​​ការ​​​​​​មិនពេញ​​​​​​ចិត្ត​​​​របស់​ខ្លួន​​តាម​​​​រយៈ​​តុលាការ​ ឬ​រដ្ឋសភា​។ ការ​ជ្រើសរើស​ពណ៌​ខ្មៅ​ក៏​ជា​​ផែន​​​ការ​​​​​​គ្រោងទុក​​​មុន និង​មិន​អាច​ទទួល​យក​បាន​​ចំពោះ​ឯកសណ្ឋាន​ខ្មែរ​ក្រហម​។ ”​ហេតុ​​អី​ពួកគេ​ជ្រើស​រើស​ពណ៌​នោះ? វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នឹក​ឃើញ​ដល់​ឆ្នាំ​១៩៧៥ ដែល​បាន​​​ផ្តាច់​​​​​​​​​​ជីវិត​​​មនុស្ស​​​​​២​លាន​​នាក់​”។

ប៉ុន្តែ​សកម្មជន​ និង​អង្គការ​សិទ្ធិ​មនុស្ស​ដែល​គ្រោង​ចូល​រួម​ការ​តវ៉ា​នេះ​​​បាន​ច្រាន​ចោល​​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ចំពោះ​​​​​បដិវត្ត​ន៍ថាជា​ប្រតិកម្ម​​​តប​ហួស​ហេតុ​​ទៅ​លើ​អ្នក​ប្រឆាំង​។

​លោក អុី សារ៉ុម​ នាយក​​ប្រតិបត្តិ​​​​សមាគម​ធាង​ត្នោត​ ដែល​ជា​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​​​​​​មាន​ប្រសាសន៍​ថា “​នេះ​មិន​​​​​​មែន​ជារឿង​​​បដិ​វត្ត​ន៍​ទេ​។ ​នេះ​ជា​ការ​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​​ដោះ​លែង​​​បុគ្គល​ទាំង​ប្រាំរូប​”។

លោក​បាន​បន្ត​ថា លោក​​ស្ថិត​ក្នុង​ចំណោម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ សមាគម និង​ក្រុម​សហគមន៍​ប្រហែល​៣០​ដែល​គ្រោង​​ធ្វើ​ការ​តវ៉ា​ ហើយ​លោក​រំពឹង​ថានឹង​មាន​អ្នក​ចូល​រួម​ចន្លោះពី​២០០​នាក់​ទៅ​៣០០​នាក់​។ ​​

ពាក់ព័ន្ធ​ការសម្រេច​​​ក្នុង​ការ​ស្លៀក​ពាក់​ខ្មៅ​ លោកលើក​ឡើង​ថា​ ពណ៌​នេះ​តំណាង​ភាពខ្មៅ​ងងឹត​គ្រប​ដណ្តប់​លើ​​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​​​​​

លោក​បាន​មាន​ប្រសាសន៍ថា​ “​ដោយ​សារ​​តែ​​យើង​គិតថា ​សិទ្ធិរបស់យើង​ក្នុង​ការ​ជួបជុំ​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​រដ្ឋាភិបាល។​ វា….ខ្មៅ [ដោយសារ]​ គ្មានពន្លឺ​តទៅ​ទៀត​ឡើយ ​​​បើ​និយាយ​ពាក់​សិទ្ធិ​របស់​យើង”។​​​​​

លោក​បាន​​ថ្លែងបន្តថា​ “​វាច្បាស់ណាស់ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​​សម្លាប់សិទ្ធិមនុស្ស​នៅកម្ពុជា​” បើ​នគរបាល​ឬទាហាន​នៅតែ​ព្យាយាម​បញ្ឈប់​ពួកគេ​នោះ។​​

អ្នកស្រី​​ គឹម​ សារ៉ាន់​ ​​សកម្មជន​សិទ្ធិដីធ្លី​ បាន​​​លើក​ឡើងថា​ ​អ្នក​តវ៉ា​នឹង​ត្រឡប់​មក​ពន្ធនា​គារ​វិញនៅរៀង​រាល់ថ្ងៃច័ន្ទ​ រហូ​តដល់​អ្នក​ទាំង​​ប្រាំនាក់នោះ​ត្រូវបាន​ដោះលែងវិញ ហើយ​ថា​ ការព្យាយាម​ណាមួយ​ដើម្បីបញ្ឈប់​ពួកគេ​ មានតែ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់​រដ្ឋាភិបាល​ទៅ​វិញទេ​​ ក្រោមក្រសែ​​​ភ្នែក​របស់អ្នក​បោះ​ឆ្នោត​​​​និង​ម្ចាស់​ជំនួយ​បរទេស។​​

អ្នកស្រី​បាន​និយាយថា​ ”យើងនឹងពាក់​អាវ​​​ខ្មៅ​ដើម្បីកាន់ទុក្ខ​ការចាប់ខ្លួន​។ ខ្មៅ​វាជា​ភាពងងឹត​ និង​អយុត្តិធម៌​សម្រាប់ពួកគាត់។​ យើង​នឹង​បង្ហាញ​ឲ្យ​អង្គការជាតិ​និងអន្តរជាតិ​ឃើញថា​ ឥឡូវនេះ​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត”។​​

មន្ត្រីសិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនា​គារ​​ទំាងបួននាក់​ គឺសុទ្ធតែ​ជាបុគ្គលិក​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុងស្រុកដែលជារឿយៗ​តែង​​​តែ​រិះគន់រដ្ឋាភិបាល។លោក​ នី ចរិយា​ ដែល​​ត្រូវបាន​​ចោទប្រកាន់​និងបញ្ជូន​ទៅ​ពន្ធនាគារ​​​​ជាមូយ​ពួកគាត់​ គឺជា​អគ្គលេខាធិការរង​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត​ និងធ្លាប់​បម្រើការ​ងារ​ជា​មន្ត្រីកំពូល​មួយ​រូប​នៅ​សមា​គម​សិទ្ធិមនុស្ស​អាដហុក​ រហូតដល់​ពេល​លោក​ទទួល​​មុខតំណែង​ក្នុង​ពេល​បច្ចុប្បន្ន​កាលពីខែមករា។​ អ្នកទាំងអស់នេះ​សុទ្ធតែ​បដិសេធថា​ មិនបានធ្វើ​ខុសទេ។​​​​​

ករណីនេះ​កើត​ចេញពី​​ខ្សែ​អាត់​សំឡេង​ដែលបែកធ្លាយស្តី​​អំ​​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​លក្ខណៈ​ឯកជន​ដែល​គេអះអាងថា​ រវាង​លោក​ ​​កឹម​ សុខា​ និង​ស្រីកំណាន់​ដែល​គេ​ចោទ​ថា​ជារបស់គាត់។​លោក​ កឹម សុខា​ ត្រូវ​​បានកោះហៅ​សម្រាប់​ការ​សាកសួរ​​ដោយ​សាលា​​​​​​ដំបូង​រាជធានី​កាល​ពី​ថ្ងៃពុធ​ពាក់ព័ន្ធ​ការ​​អះអាង​ដែលថា​ លោក​ បានបរិហាកេរ្តិ៍​សកម្មជនវ័យ​ក្មេង​ដ៏លេច​ធ្លោម្នាក់​នៅក្នុង​​ខ្សែអាត់សំឡេង​មួយ​​​ក្នុងចំណោម​ខ្សែអាត់​សំឡេង​ទាំងនោះ។​

កាលពីម្សិលមិញ​ លោក​ លី សុផាន់ណា​ អ្នកនាំពាក្យ​​​ព្រះរាជអាជ្ញា​ បានលើកឡើងថា​ តុលាការ​បានចេញ​ដីកាកោះមួយ​ផ្សេង​ទៀត​​​​សម្រាប់​លោក​ កឹម​​ សុខា​ កាលពីថ្ងៃសុក្រ ប៉ុន្តែ លោក​បានបដិសេធមិន​រៀបរាប់លម្អិត​នោះ​ឡើយ​។​យោងតាម​ច្បាប់ចម្លង​នៃ​​ដីកា​កោះ​នេះដែល​បង្ហោះតាមអុីនធឺណិត​ដោយ​​​​គេហទំព័រ​ព័ត៌មាន​ ​Fresh News លោក​ កឹម​ សុខា ត្រូវបានស្នើ​ឱ្យ​​មកបង្ហាញខ្លួន​នៅថ្ងៃទី​១៧ ខែ ឧសភា​ ក្នុងនាមជាសាក្សី​នៅក្នុង​សំណុំរឿង​ពាក់ព័ន្ធ​​អំពើ​​ពេស្យាចារ​។​​

ខុម​ ចាន់តារ៉ាទី​ ​ស្រីកំណាន់​ដែល​គេ​ចោទ​​​​​​​​ថា ជារបស់លោក​ កឹម សុខា​​ ត្រូវបាន​សាក​សួរ​ជុំវិញ​ការចោទ​ប្រកាន់​ពីបទ​ពេស្យា​ចារ​កាលពី​ខែមុន​ ប៉ុន្តែមិន​ត្រូវបានចោទ​ប្រកាន់​​​នោះ​ឡើយ។​​

គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ឡើង​ថា​ តំណាង​រាស្ត្រ​របស់ខ្លួន​នឹងមិនធ្វើតាម​ដីកា​កោះ​របស់តុលាការ​ឡើយ​ លុះត្រាតែ​អភ័យ​​​​ឯកសិទ្ធិរបស់ពួកគេ​ដែលធានាដោយ​រដ្ឋធម្មនុញ្ញ​​​ត្រូវបានដក​ដោយសំឡេង​​ពីរ​ភាគបី​នៃ​ការ​បោះឆ្នោត​នៅក្នុង​សភា​ឬព្រឹទ្ធភា​ជាមុន​សិន។​ ​​​ក្រសួង​យុត្តិធម៌បាន​លើកឡើងថា​ អភ័យ​ឯក​សិទ្ធិ​មិនការពារ​តំណាង​រាស្ត្រ​ពីការ​សាកសួរ​ឡើយ​៕សុខុម និងស៊ុយឈាង​​​

The post រដ្ឋាភិបាល​​​ព្រមាន​អ្នក​តវ៉ា​​ប្រឆាំង​ ​អង្គភាព​  AC U ដោយ​​ចាត់​​ទុក​វា​​​ថា​ជា​ ”​ការ​បះបោរ​​នៅ​ក្នុង​ទីក្រុង​” appeared first on ខេមបូឌា ដេលី.