វិស័យ​សំណង់​កើនឡើង​ប្រមាណ​២៥៧​ភាគរយ នៅ​បី​ខែ​ដើម​ឆ្នាំនេះ​

ភ្នំពេញ​៖  ៣​ខែ​ដើមឆ្នាំ​២០១៦​នេះ វិស័យ​សំណង មានការ​កើនឡើង​ប្រមាណ​២៥៧​ភាគរយ  បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ ការកើនឡើង​នេះ អ្នកជំនាញ បាន​អះអាងថា បណ្តាលមកពី​មាន​អ្នកវិនិយោគ​លើ​វិស័យ​សំណង មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ច្រើន​ជាមុន​។ នេះ​បើ​យោងតាម​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវបាន​ដកស្រង់​ប្រសាសន៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។

ការរីកចម្រើន​វិស័យ​សំណង់ កំពុង​ធ្វើ​ឲ្យ​កម្ពុជា​លេចមុខ​មាត់​ថ្មី​មួយទៀត បន្ទាប់ពី​សំណង់​អាគារ​ជាច្រើន បាន​រីក​ស្អេកស្កះ​ដូច​ផ្សិត​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ដែលមាន​សក្តានុភាព​សេដ្ឋកិច្ច​មួយចំនួនទៀត​។ អ្នកជំនាញ​អះអាងថា ការកើនឡើង​សំណង់​អាគារ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ គឺ​បណ្តាលមកពី​មាន​វិនិយោគិន​បរទេស​ធំៗ​ជាច្រើន បានមក​វិនិយោគ​នៅ​កម្ពុជា​។ ក្នុងនោះ​រួមមាន​៖ ចិន សហគមន៍​អឺរ៉ុប សិង្ហ​បុរី កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ជាដើម​។ 

«​កំណើន​អ្នករស់នៅ​ទីក្រុង​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​របស់​ប្រជាជន​នៅក្នុង​ទីក្រុង កម្ពុជា​ត្រូវការ​ផ្ទះ​ដែលមាន​សុវត្ថិភាព​ប្រមាណ​១​លាន​ខ្នង​បន្ថែមទៀត​ទាំង​កម្រិត​មធ្យម ខ្ពស់ និង​កម្រិត​ទាប​» នេះ​គឺជា​ការ​ថ្លែង​របស់លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​វេទិកា​ស្តីពី សុខមាលភាព និង​សុវត្ថិភាព​ការដ្ឋាន​សំណង់ ដែល​រៀបចំ​សហ​ការណ៍​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា សហភាព​អឺរ៉ុប និង​សមាគមន៍​អ្នក​សាងសង់ កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស​ណ្ឋ​គារ​សូ​ហ្វី​តែ​ន ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្ថែមទៀតថា ក្រសួង​សំណូមពរ​ដល់​ក្រុមហ៊ុន​វិនិយោគ មុនពេល​សាងសង់​ត្រូវដាក់​គម្រោង​ស្នើសុំ​សាងសង់​វិនិយោគ ដោយ​ភ្ជាប់​ជាមួយ​ស្តង់ដារ​សំណង់ ដើម្បី​យកមកអនុវត្ត​សម្រាប់​គណនា​ប្រព័ន្ធ​សុវត្ថិភាព​។ លើសពីនេះ ក្នុង​គោលដៅ​ជំរុញ​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​ឲ្យ​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត​តាម​ស្តង់ដារ​អន្តរជាតិ​ផងដែរ​។

រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​បន្ថែមថា​៖«​នៅក្នុង​សមាហរណកម្ម​អាស៊ាន​នេះ អង្គការសហប្រជាជាតិ​បានកំណត់​ទិសដៅ​ឆ្នាំ​២០១៥-២០៣០ ត្រូវតែ​អនុវត្ត​ប្រកបដោយ​ចីរភាព​តាម​គោលដៅ​របស់​អង្គការសហប្រជាជាតិ​មិន​ថា​ប្រទេស​អ្នកមាន អ្នកក្រ និង ប្រទេស​មធ្យម​នោះទេ គឺ​ត្រូវ​អនុវត្តន៍​ទាំងអស់គ្នា​ដើម្បី​ស្តង់ដារ​តែមួយ​។ ក្នុងករណី​សំណង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស មិន​គោរព​តាម​គោលការណ៍​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក្រសួង​នឹង​ប្រើ​ទណ្ឌកម្ម​ជា​ពិន័យ​ធ្វើយ៉ាងណា​ឲ្យ​គាត់​កែប្រែ​ទៅតាម​បទដ្ឋាន ដែល​ធ្វើ​ឲ្យ​កម្មករ​មាន​សុខមាលភាព សុ​វត្តិភាព ហើយ​អ្នកវិនិយោគ និង​កម្មករ ក៏​អាចធ្វើ​អាជីវកម្ម​ជាមួយគ្នា​ទៀតផង​»​។ 

ដោយឡែក លោក ឆា​រស៍ វ៉ាន់ តំណាង​សមាគមន៍​អ្នក​សាងសង់​កម្ពុជា បាន​បញ្ជាក់ថា «​ក្នុងនាម​ជា​ក្រុមហ៊ុន​សាងសង់ គឺមាន​តួនាទី​សំខាន់​ណាស់​។ យើង​គ្រប់គ្រង​គេ​ទាំង​បច្ចេកទេស និង​បទពិសោធ​ការងារ ជាពិសេស​ទាំង​ក្រុមហ៊ុន​ម៉ៅការ​ក្តី ទាំង​ក្រុមហ៊ុន​សាងសង់​ក្តី​ត្រូវអនុវត្ត​ឲ្យ​បាន​ពេញលេញ​តាមច្បាប់​ដែល​ក្រសួង​បាន​ណែនាំ ដើម្បី​ធ្វើ​ឲ្យ​សំណង់​ត្រូវ​តាម​ស្តង់ដារ​អាស៊ាន និង​ស្តង់ដារ​អន្តរជាតិ​»​។ លោក​បន្តថា​៖«​សមាគមន៍​អ្នក​សាងសង់​កម្ពុជា ក៏​ស្ថិតនៅក្នុង​សមាគមន៍​អ្នក​សាងសង់​អាស៊ាន ដែល​ត្រូវខិតខំ​ដើម្បី​ស្តង់ដារ​តែមួយ​»៕