ប្រយ័ត្ន​នៅ​ក្នុង​ការ​ទិញ​ឡាន ម៉ូតូ និង​ទូរស័ព្ទ​ទំនើប​ដោយ​បង់​រំ​លោះ

ចង់បាន​ឡាន​ទំនើប ម៉ូតូ​ឡូយ ទូរស័ព្ទ​ពពួក​ស្មា​ត​ហ្វូ​ន​មែន​ទេ?ឥឡូវ​វា​មិន​ពិបាក​ទេ ដោយសារ​តែ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ងាក​មក​រក​ការ​ផ្តល់​សេវា​បង់​រំ​លោះ​ដល់​អ្នក​ដែល​មាន​ចំណូល​ទៀងទាត់​។

វា​បាន​ក្លាយជា​ចរន្ត​ថ្មី​មួយ​នៃ​ជីវិត​រស់នៅ​។ មនុស្ស​កាន់តែ​ច្រើន​ប្រើ​សេវាកម្ម​បង់​រំ​លោះ​នេះ ដោយសារ​តែ​ពួក​គេ​មិន​មាន​លុយ​ទាំង​ដុល​ទៅ​ទិញ ឡាន ម៉ូតូ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​របស់​ប្រើប្រាស់​ផ្សេង​ទៀត​។

ដោយ​មិន​បាន​គិត​អោយ​វែង​ឆ្ងាយ មនុស្ស​មួយ​ចំនួន​ក៏​វ័​ន្ត​ក​នឹង​បំណុល​ទាំងនេះ​ផង​ដែរ ដោយសារ​តែ​បញ្ហា​ណាមួយ​កើត​មាន​ទៅ​លើ​ចំណូល​ប្រចាំខែ និង​ដោយសារ​តែ​អត្រា​ការ​ប្រាក់​ខ្ពស់​របស់​ប្រាក់​កម្ចី​។

ដើម្បី​កុំអោយ​វ័​ន្ត​ក​ដោយសារ​បំណុល យុវជន និង​យុវតី​គួរ​ពិចារណា​អោយ​ល្អិតល្អន់​មុន​ពេល​សម្រេចចិត្ត​ទទួលយក​សេវាកម្ម​បង់​រំ​លោះ​នេះ​។ បើសិនជា​មាន​លទ្ធភាព​បង់លុយ​គ្រប់​ចំនួន​ទិញ​របស់​មួយ​បាន គេ​មិន​គួរ​នាំ​គ្នា​ងាក​រក​ការ​បង់​រំ​លោះ​នេះ​ទេ​។ ប៉ុន្តែ​បើសិនជា​គ្មាន​សមត្ថភាព​បង់លុយ​គ្រប់​ចំនួន​ទេ យុវជន និង​យុវតី​ក៏​ត្រូវ​តែ​ពិចារណា​យ៉ាង​ល្អិតល្អន់​ផង​ដែរ​ថា តើ​វត្ថុ​ដែល​ខ្លួន​មាន​បំណង​ទិញ​នោះ​វា​ចាំបាច់​ខ្លាំង​ដែរ​ឬទេ? តើ​ខ្លួន​អាច​មាន​សមត្ថភាព​បង់លុយ​ប្រចាំខែ​ទៅ​អោយ​ក្រុមហ៊ុន​ដែល​បង់​រំ​លោះ​នោះ​ដែរ​ឬទេ? បើសិនជា​បាត់បង់​ការងារ​ធ្វើ តើ​គេ​អាច​មាន​ប្រភព​ចំណូល​ផ្សេង​ទៀត ដើម្បី​បង់ប្រាក់​រំ​លោះ ប្រចាំខែ​ដែរ​ឬទេ?

ការ​ពិចារណា​ល្អិតល្អន់​ទៅ​លើ​បំណុល​សម្រាប់​ការ​បង់​រំ​លោះ​នេះ នឹង​អាច​ជួយ​អោយ​យុវជន និង​យុវតី​សម័យ​ថ្មី​ប្រើប្រាស់​សេវាកម្ម​ឥណទាន​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​អោយ​ជីវិត​រស់នៅ​របស់​ពួក​គេ​កាន់តែ​ល្អ​ប្រសើរ​។

ផ្ទុយ​មក​វិញ ការ​ប្រើប្រាស់​ឥណទាន​ខ្វះ​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​អាច​នឹង​នាំ​អោយ​ពួក​គេ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​ដោយសារ​តែ​ដោះបំណុល​មិន​រួច​៕