​ស្ត្រី​ប្រភេទ​ណាខ្លះ ដែល​សម្រាលកូន​ហើយ សុក​មិន​ធ្លាក់​អស់​?

​ស្ត្រី​ប្រភេទ​ណាខ្លះ ដែល​សម្រាលកូន​ហើយ សុក​មិន​ធ្លាក់​អស់​?

​ជំងឺ​សុក​មិន​ធ្លាក់​អស់ គឺ​ជា​ជំងឺ​ក្នុងពេល​មាន​ផ្ទៃពោះ ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រភេទ ដែល​កើតឡើង​នៅពេល​សរសៃឈាម និង​ផ្នែក​ផ្សេងៗ​នៃ​សុក​លូតលាស់ ឬ​ចាក់​ឬ​ស​ចូលទៅក្នុង ជញ្ជាំង​ស្បូន​ជ្រៅ​ពេក​។ ជាធម្មតា សុក​នឹង​របេះ​ចេញ​ពី​ជញ្ជាំង​ស្បូន ក្រោយ​ពី​សម្រាលកូន​រួច​។ ចំពោះ​ជំងឺ​សុក​មិន​ធ្លាក់​អស់​វិញ មានន័យ​ថា ផ្នែក​ណាមួយ ឬ​សុក​ទាំងអស់​មិន​អាចរ​បេះ​ចេញ ឬ​នៅ​តែ​ជាប់​នៅ​ស្បូន​ដដែល​។ ករណីបែបនេះ អាច​បង្ក​ឲ្យ​បាត់បង់​ឈាម​ធ្ងន់ធ្ងរ ក្រោយ​ពី​សម្រាលកូន​រួច​។

​ជំងឺ​សុក​មិន​ធ្លាក់​អស់ ត្រូវបាន​គេ​ចាត់ទុកថា ជា​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដ៏​ខ្ពស់​មួយ​។ បើសិន​ជា​ជំងឺ​នេះ ត្រូវ​បាន​សង្ស័យ​ថា​កើត​មាន​ហើយ អ្នក​ទំនងជា​ត្រូវការ សម្រាលកូន​ដោយ​វះកាត់ ហើយ​ត្រូវ​កាត់​ស្បូន​ចោល​តែម្តង ទើប​សង្គ្រោះ​ជីវិត​បាន​។

មាន​កត្តា​ច្រើនណាស់ ដែល​ធ្វើឲ្យ​ស្ត្រី​ម្នាក់​ប្រឈម​ខ្លាំង នឹង​សម្រាលកូន​ហើយ សុក​ធ្លាក់​មិន​អស់ ដូចជា ៖

ធ្លាប់​វះកាត់​ស្បូន​ពីមុនមក​
បើសិន​ជា​អ្នក​ធ្លាប់​សម្រាលកូន​ដោយ​វះកាត់ ឬ​វះកាត់​នៅ​ស្បូន​ពីមុនមក អ្នក​អាច​នឹង​ប្រឈម​ខ្លាំង នឹង​ជំងឺ​សុក​មិន​ធ្លាក់​នេះ នៅ​ពេល​សម្រាលកូន​លើក​ក្រោយ​។ កត្តា​ប្រឈមមុខ​នេះ​នឹង​កើនឡើង នៅពេល​មាន​ការវះកាត់​ស្បូន​កាន់តែច្រើន​។

ទីតាំង​របស់​សុក​តាំងនៅ​
បើសិនជា​សុក​កាច់​សម្បុក គ្រប​លើ​មាត់ស្បូន​តិចតួច ឬ​ជិត​តែ​ម្តងនោះ ឬ​ហៅ​ថា​សុក​បាំង​មាត់ស្បូន មានន័យ​ថា អ្នកនឹង​ប្រឈម​ខ្ពស់ នឹង​ជំងឺ​សុក​មិន​ធ្លាក់​ហើយ​។

អាយុ​ម្តាយ​
ជំងឺ​សុក​ធ្លាក់​មិន​អស់ ច្រើន​តែ​កើត​ឡើង​ជា​ញឹកញាប់ លើ​ស្ត្រី​អាយុ​ចាប់ពី ៣៥ ឆ្នាំ​ឡើង​ទៅ​។

ធ្លាប់​សម្រាលកូន​ពីមុនមក​
ការ​ប្រឈម​នឹង​ជំងឺ​សុក​មិន​ធ្លាក់ នឹង​កើន​ឡើង​ទៅ​តាម ចំនួន​ដង​នៃ​ការ​សម្រាលកូន​របស់​អ្នក​។

មាន​ជំងឺ​នៅ​ស្បូន​
ការ​ប្រឈម​នឹង​ជំងឺ​សុក មិន​ធ្លាក់​អស់​នឹង​មាន​ខ្ពស់ បើសិនជា​អ្នក​មាន​ភាពមិនធម្មតា ឬ​មាន​ស្នាម​សម្លាក នៅលើ​ជាលិកា​ស្បូន​។ ការ​មាន​ដុំ​សាច់​ស្លូត​លូតលាស់​នៅក្នុង​ស្បូន ក៏​អាច​ប្រឈម​នឹង​សុក មិន​ធ្លាក់​អស់​ដែរ​៕

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។