ហ្វីលីពីន​ចាប់​ពង្រឹង​ខ្លាំង​សន្តិសុខជាតិ នៅមួយ​ថ្ងៃ​មុនបោះឆ្នោត​ជាតិ

ប្រជាជនហ្វីលីពីន នៅព្រឹកថ្ងៃចន្ទ ទី៩ឧសភា ត្រូវទៅចូលរួមបោះឆ្នោតជាតិ ដែលនៅក្នុងនោះក៏មានផងដែរ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ នៅក្នុងបរិយាកាសដ៏តានតឹង គ្របដណ្តប់ដោយអំពើហិង្សានយោបាយ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសដាក់ពង្រាយប៉ូលិសប្រមាណ ១សែន ៣ម៉ឺននាក់ នៅតាមការិយាល័យបោះឆ្នោត និងនៅតាមច្រកត្រួតពិនិត្យសំខាន់ ទៅក្នុងប្រទេស។ មន្រ្តីបោះឆ្នោតឯណោះវិញបានព្រមានរួចហើយពី សកម្មភាពទិញសន្លឹកឆ្នោតយ៉ាងព្រោងព្រាត និងបើកចំហរ នៅមួយថ្ងៃមុនការបោះឆ្នោត។

ការបោះឆ្នោតជាតិនៅហ្វីលីពីនមិនមែនគ្របដណ្តប់ដោយតែអំពើហិង្សា នយោបាយសម្លាប់មនុស្សតែប៉ុណ្ណោះទេ ប៉ុន្តែ អំពើពុករលួយ ការទិញសន្លឹកឆ្នោត ដ៏គគ្រឹកគគ្រេងពីសំណាក់បេក្ខជនឈរឈ្មោះ ក៏កើតមានផងដែរ នៅរាល់ការបោះឆ្នោតមិនថា នៅថ្នាក់ភូមិ ឬថ្នាក់ជាតិ។

នៅថ្ងៃអាទិត្យម្សិលមិញ គឺនៅមួយថ្ងៃមុនការិយាល័យបោះឆ្នោតបើកទ្វារ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ហ្វីលីពីនបាននិយាយប្រាប់ក្រុមអ្នកកាសែតថា ការទិញសន្លឹកឆ្នោតបានកើតមានគ្រប់កន្លែង។ ទោះជាការទិញសន្លឹកឆ្នោតខុសច្បាប់ ប៉ុន្តែ វាជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ដែលអ្នកនយោបាយតែងតែប្រើ ដើម្បីទាក់ទាញការគាំទ្រពីប្រជាជនម្ចាស់ឆ្នោត។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោត គេបានទទួលរបាយការណ៍ស្តីពីការទិញសន្លឹកឆ្នោត ដែលធ្វើឡើងក្នុងគ្រប់រូបភាព។ នៅក្នុងប្រទេសហ្វីលីពីនជាទី ដែលមួយភាគបួន នៃប្រជាជន១០០លាននាក់ រស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ គេអាចទិញសំឡេងឆ្នោត ដោយប្រើលុយ ឬអំណោយ ជាធុងទឹក ឬសូម្បីតែគ្រឿងទេសសម្រាប់ឆ្នាំងបាយ។
ហ្វីលីពីន​ចាប់​ពង្រឹង​ខ្លាំង​សន្តិសុខជាតិ នៅមួយ​ថ្ងៃ​មុនបោះឆ្នោត​ជាតិ

អ្នកគាំទ្របេក្ខជនថ្នាក់មូលដ្ឋានប៉ះទង្គិចជាមួយទាហានហ្វីលីពីន នៅបីថ្ងៃមុនការបោះឆ្នោតជាតិ

ដើម្បីទប់ស្កាត់ការទិញសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតលើកនេះ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតបានអះអាងថា គេនឹងហាមអ្នកទៅបោះឆ្នោត មិនឲ្យនាំចូលទូរស័ព្ទទៅក្នុងបន្ទប់បោះឆ្នោត ព្រោះថា បើមិនដូច្នេះទេ គេនឹងអាចប្រើទូរស័ព្ទដើម្បីថត ផ្តិតយករូបភាពសន្លឹកឆ្នោត ទៅធ្វើជាភស្តុតាង បញ្ជាក់ទៅម្ចាស់អំណោយថា គេពិតជាបានបោះឆ្នោតឲ្យគណបក្សដែលបានផ្តល់លុយ ឬអំណោយមែន។

នៅឯថ្នាក់ជាតិវិញ បេក្ខជនប្រធានាធិបតីបានចោទគ្នាទៅវិញ ទៅមក ពីបទបង្កភាពមិនប្រក្រតី នៅមុនការបោះឆ្នោត។ លោកប្រធានាធិបតីហ្វីលីពីន អាគីណូ ដែលមិនអាចឈរឈ្មោះជាថ្មី ដោយសារការហាមរបស់រដ្ឋធម្មនុញ្ញ បានព្រមានរួចហើយថា បេក្ខជន មានសំឡេងនាំមុខគេ គឺលោកRodrigo Duterte ថា ជាមេដឹកនាំផ្តាច់ការ ដែលអាចនាំអំពើកាប់សម្លាប់គ្នាយ៉ាងឃោឃៅចូលក្នុងសង្គមហ្វីលីពីន។ លោក ចៅហ្វាយក្រុងដាវ៉ៅ ធ្លាប់បានទទួលស្គាល់ ថា មានជាប់ពាក់ព័ន្ធនឹងការបញ្ជារឲ្យគេសម្លាប់ជនសង្ស័យ មុនការជំនុំជម្រះ និងសម្លាប់កុមារដែលរស់នៅតាមថ្នល់ នៅទីក្រុងដាវ៉ៅ ភាគខាងត្បូងហ្វីលីពីន។

ឆ្លើយបកទៅវិញ លោក Rodrigo Duterteបានចោទប្រកាន់លោកប្រធានាធិបតីហ្វីលីពីនថា កំពុងរៀបចំគម្រោង បន្លំសន្លឹកឆ្នោត ក្នុងទ្រង់ទ្រាយធំ ដើម្បីជួយឲ្យបេក្ខជនសំណព្វចិត្តរបស់លោក គឺរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបច្ចុប្បន្ន ឲ្យឈ្នះឆ្នោត ធ្វើជាប្រធានាធិបតី។ ទាំងលោក Rodrigo Duterte និងអ្នកគាំទ្ររបស់លោកបានព្រមានរួចហើយពីធ្វើបដិវត្តន៍ប្រឆាំង បើសិន លោក Rodrigo Duterte ចៅហ្វាយក្រុង ដាវ៉ៅ មិនឈ្នះឆ្នោតទេនោះ៕

ប្រភពៈ RFI