ក្នុង​កិច្ច​ព្រម​ព្រៀង​ជាង​២ពាន់​លាន​ដុល្លារ​ប្រទេស​អូស្ដ្រាលី​​ឲ្យ​សិង្ហបុរី​ប្រើ​ប្រាស់​ និង​ពង្រីក​មូល​ដ្ឋាន​ទ័ព​នៅ​រដ្ឋ​គ្វីនស្លែនដ៍

លោក Malcolm Turnbull នាយករដ្ឋមន្ដ្រីអូស្ដ្រាលីកំពុងតែត្រៀមប្រកាសឲ្យដឹងអំពីកិច្ចព្រមព្រៀងមួយដែលនឹងឃើញសិង្ហបុរីចំណាយលុយប្រមាណ២ពាន់២៥០លានដុល្លារសម្រាប់ការពង្រីកមូលដ្ឋានទ័ពជាច្រើននៅក្នុងរដ្ឋគ្វីនស្លែនដ៍ប៉ែកឦសានប្រទេសអូស្ដ្រាលី។

ដោយសារតែសិង្ហបុរីមានផ្ទៃដីតូចតែជាង៧រយគីឡូម៉ែត្រក្រឡានោះ ប្រទេសនេះអត់មានកន្លែងដែលខ្លួនត្រូវការសម្រាប់រៀបចំសមយុទ្ធយោធានោះទេ។ ដូច្នេះសិង្ហបុរីបានប្រើប្រាស់មូលដ្ឋានទ័ពនៅអូស្ដ្រាលីសម្រាប់ការហ្វឹកហ្វឺន និងការធ្វើតេស្ដគ្រឿងសព្វាវុធ។

នៅថ្ងៃនេះរដ្ឋមន្ដ្រីពាណិជ្ជកម្មអូស្ដ្រាលីលោក Steve Ciobo និងនាយករដ្ឋមន្ដ្រី Malcolm Turnbull នឹងប្រកាសឲ្យដឹងអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះដែលមានរយៈពេល២៥ឆ្នាំ ដោយនឹងផ្ដល់លទ្ធភាពឲ្យសិង្ហបុរីបង្កើនចំនួនទ័ពជាលក្ខណៈប្ដូរវេនគ្នាឲ្យមកឈរជើងនៅអូស្ដ្រាលីពី៦ពាន់ទៅ១ម៉ឺន៤ពាន់នាក់។

សិង្ហបុរីសុខចិត្ដបង់ចំណាយលើការពង្រីកមូលដ្ឋានទ័ពនៅ Shoalwater Bay នៅប៉ែកខាងជើងនៃតំបន់ Rockhampton ក្នុងក្រុង Townsville។

រដ្ឋមន្ដ្រីពាណិជ្ជកម្មអូស្ដ្រាលីទទូចថានេះគឺជាផែនការយុទ្ធសាស្ដ្រ មិនមែនជាប្រយោជន៍នយោបាយទេដែលធ្វើឲ្យរដ្ឋាភិបាលអូស្ដ្រាលីសម្រេចចិត្ដបែបនេះ។

យ៉ាងណាក៏ដោយមានការប្រាប់ដំណឹងដល់ ABC ថាចំណាត់ការនេះ គឺជាសញ្ញាមួយអំពីបំណងប្រាថ្នារបស់សិង្ហបុរីនៅក្នុងការពង្រឹងទំនាក់ទំនងការពារជាតិឲ្យកាន់តែស្និទ្ធនឹងអូស្ដ្រាលី និងជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈពេលកំពុងប្រឈមមុខនឹងកំណើនឥទ្ធិពលយោធារបស់ចិន។

កិច្ចព្រមព្រៀងនេះក៏នឹងបង្កលក្ខណៈងាយស្រួលផ្នែកទិដ្ឋាការផងដែរដល់ពលរដ្ឋអូស្ដ្រាលីទៅធ្វើការនៅសិង្ហបុរី ហើយក៏នឹងឲ្យដៃគូរបស់ពលរដ្ឋអូស្ដ្រាលីទាំងនោះងាយរកការងារធ្វើនៅសិង្ហបុរីផង។

មិនតែប៉ុណ្ណោះ សិង្ហបុរី និងអូស្ដ្រាលីក៏បានប្ដេជ្ញាចិត្ដទទួលស្គាល់សញ្ញាបត្រពីសកលវិទ្យាល័យរបស់សមីប្រទេសទាំងពីរទៅវិញទៅមកដែរ ដែលក្នុងនោះមានជំនាញអាជីពវិស្វករ និងគណនេយ្យករផង៕

ក្នុង​កិច្ច​ព្រម​ព្រៀង​ជាង​២ពាន់​លាន​ដុល្លារ​ប្រទេស​អូស្ដ្រាលី​​ឲ្យ​សិង្ហបុរី​ប្រើ​ប្រាស់​ និង​ពង្រីក​មូល​ដ្ឋាន​ទ័ព​នៅ​រដ្ឋ​គ្វីនស្លែនដ៍រូបឯកសារទាហានសិង្ហបុរី (Credit: ABC)

ប្រភពៈ VOD

  • ក្នុង​កិច្ច​ព្រម​ព្រៀង​ជាង​២ពាន់​លាន​ដុល្លារ​ប្រទេស​អូស្ដ្រាលី​​ឲ្យ​សិង្ហបុរី​ប្រើ​ប្រាស់​ និង​ពង្រីក​មូល​ដ្ឋាន​ទ័ព​នៅ​រដ្ឋ​គ្វីនស្លែនដ៍已关闭评论
  • 12 views
  • Hide Sidebar
    A+