រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ទាំងអស់​គ្នា​នាំ​គ្នា​រាំ​លេង​សប្បាយ​នៅ​លើ​វាលស្មៅ​ក្រោម​ដើមឈើ​ជិត​វាលស្រែ ។ ក្រុម​អរុណ​កាន់​ឧបករណ៍​ភ្លេង​លេង​រៀង​ៗ​ខ្លួន មាន​រ៉េ​ត​ចូលរួម​ដែរ ។ ណាត ច័​ន្ទ្រ​និង​ក្រមុំ​ៗ​អ្នក​ភូមិ​បី​បួន​នាក់​នាំ​គ្នា​រាំ​លេង​តាម​ចង្វាក់ភ្លេង​ដែល​ពួក​អរុណ​កំពុង​តែ​នាំ​គ្នា​លេង ។ វ៉ា​ន់​លេងភ្លេង​បណ្តើរ​រាំ​បណ្តើរ រាំ​គៀង​ចុះ​គៀង​ឡើង​មក​ជល់​ជាមួយ​ច័​ន្ទ្រ ។ ច័​ន្ទ្រ​សម្លក់ រាំ​យក​ជើង​ជាន់​វ៉ា​ន់​យ៉ាង​ខ្លាំង វ៉ា​ន់​ស្រែក​លោតកញ្ឆេង ។ កែម​និង​នឿ​ន​សើច នាំ​គ្នា​រាំ​មក​គៀង​វ៉ា​ន់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ច័​ន្ទ្រ​ហើយ​នាំ​គ្នា​លេងភ្លេង​បណ្តើរ ។ កែវ​និង​ម្លិះ​កំពុង​ឈរ​នៅ​លើ​ភ្លឺស្រែ​ឆ្ងាយ​ពី​នោះ​បន្តិច​មើល​មក​ពួក​គេ​រាំច្រៀង​នាំ​គ្នា​ញញឹម ។ ច័​ន្ទ្រ​ងាក​ឃើញរ​ត់ទៅ​អូស​ដៃ​ម្លិះ​និង​កែវ​ឲ្យ​ចូល​មក​រាំ​លេង​ជាមួយ​និង​គេ​ដែរ​។ ឃើញ​សកម្មភាព​ពួក​គេ​រាំ​លេង​សប្បាយ​។ វ៉ា​ន់​លេងភ្លេង​បណ្តើរ​ញាក់​បណ្តើរ​រាំ  គៀង​កែវ តែ​កែវ​គេច​ទៅ​រាំ​ជាមួយ​អរុណ ។ អរុណ​គេច​ទៅ​រាំ​គៀង​ម្លិះ ។ កែម​និង​នឿ​ន​រាំ​គៀង​ច័​ន្ទ្រ​តែ​មីង​ណាត​ចូល​មក​ពាំង​អ្នក​ទាំង​ពីរ ។

ឃើញ​ទិដ្ឋភាព​វាលស្រែ​ល្វឹងល្វើយ មាន​ទំនប់​មានទឹក​ហូរ​គ្រប់គ្រាន់ ស្រូវ​ស្រែ​ល្អ​(​តាម​ពេលវេលា​ដែល​ត្រូវ​ថត​បាន​ស្រូវ​លាស់​ល្អ​ខៀវស្រងាត់​ឬ​ក៏​ពេល​ស្រូវ​ទុំ​) ។

អរុណ​បររទេះ​គោ​ចូល​មក​ឈប់​នៅ​ទី​ធ្លាមុខផ្ទះ​រួច​ប្រមូល​ចំ​ប៉ើង​ពីលើ​រទេះ​ដាក់​គរ​ទុក​នៅ​កៀន​របង ។ រឿង​ដើរ​ចេញពី​ក្នុងផ្ទះ​ស្លៀក​ពាក់អាវ​ស​របៀប​ទៅ​បុណ្យ មាន​ថង់​អង្ករ​ធូប​ទាន​នៅ​ដៃ
រឿង​៖ មក​ដល់​ហើយ​ហ្អី​កូន ? បាយ​ម្ហូប​ឆ្អិន​អស់ហើយ ! ចាំ​អា​រ៉េ​តវា​មក​ពី​រៀន​ហូប​ជុំ​គ្នា​មុន​ម៉ែ​ទៅ​! ម៉ែ​ទៅ​ចូល​បុណ្យ​ខ្មោច​តា​យឹ​ម ! ហើយ​នៅ​ជួយ​បុណ្យ​គេ​ទាល់តែ​ល្ងាច​    ​ទើបបាន​មក​ផ្ទះ​វិញ !
អរុណ​៖ បាទ ! មិន​អី​ទេ​ម៉ែ ! ខ្ញុំ​រៀប​ហូប​ខ្លួនឯង​បាន​ហើយ​! ម៉ែ​ចាំ​អា​រ៉េ​តវា​មក​ពី​រៀន​​សិន​ទៅ​ហ្អី​! ខ្ញុំ​យក​កង់​ជូន​ម៉ែ​ទៅ !

រឿង​ដើរ​ចេញ​ទៅ​ក្រៅរបង​និយាយ​បណ្តើរ
រឿង​៖ មិន​ចាំបាច់​ទេ ! ផ្ទះ​តា​យឹ​ម​នៅ​ជិត​នេះ​សោះ ! ម៉ែ​ដើរ​តែ​បន្តិច​ដល់​ហើយ ! ឯង​គិតតែ​រឿង​រៀបចំ​បាយ​ទឹក​ហូប​ជាមួយ​ប្អូន​ទៅ​! ម៉ែ​ទៅ​ហើយ !

រឿង​ដើរ​ចេញ​ទៅ​ផុត ។ អរុណ ដើរមក​រក​ពាងទឹក​លាងដៃ​លាង​ជើង​លុបមុខ​រួច​ដើរទៅ​ទាញ​ក្រ​ម៉ា​នៅ​ស្នួ​រហាល​ខោអាវ​មក​ជូត​ខ្លួន ។ រ៉េ​ត​ស្លៀកពាក់​សិស្ស​ជិះ​កង់​ចូល​មក​យ៉ាង​លឿន​ដាក់​ជ​ន្ទ​ល់​កង់​រួច​រត់​មក​ចាប់​ទាញ​ដៃ​អរុណ
រ៉េ​ត​៖ បង​រុណ​ៗ ! ខ្ញុំ​មាន​ដំណឹង​ល្អ​មក​ប្រាប់​បង​ណា ! តែ​កុំ​ភ្លេច​ប្រាក់​រង្វាន់​ឲ្យ​សោះ !​អរុណ​រុញ​ក្បាល​រ៉េ​ត
អរុណ​៖ ដំណឹង​ល្អ​ស្អី​ទៀត​ហើយ ! មុខ​ឯង​នេះ​មុខលុយ​តែ​រហូត​ហ្នឹង ! គិត​ពី​រឿង​រៀប​បាយ​រៀប​ទឹក​ហូប​សិន​ទៅ ! ថ្មើរ​នេះ​ហើយ​ឯង​មិន​ឃ្លាន​ទេ​ហ្អី ?

រ៉េ​ត​លែងដៃ​អរុណ​រួច​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​និយាយ​បណ្តើរ
រ៉េ​ត​៖ រៀប​បាយ​ហូប​សិន​ក៏​បាន​ដែរ ! ប៉ុន្តែ​បង​ប្រយ័ត្ន​ស្តាយក្រោយ​ណា ! ខ្ញុំ​ឃើញ​បង​ម្លិះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទេ​! ទៅ​ផ្ទះ​មីង​ខន​ត្បាញ​សូត្រ​ចុង​ភូមិ​ឯណោះ ! បើ​បង​ទៅ​មិន​ទាន់​ពេល​ទេ​ច្បាស់​ជា​បាត់បង់​ឱកាសល្អ​ហើយ !

អរុណ​បើកភ្នែក​ធំ​ៗ យក​កន្សែង​ក្រ​វ៉ា​ត់​ចង្កេះ​រួច​រត់​ទាញ​កង់​ជិះ​ចេញ​ទៅ​យ៉ាង​លឿន រ៉េ​ត​រត់​ចេញ​ទៅ​មើល​អរុណ​នៅ​មាត់ទ្វារ ។ ឃើញ​អរុណ​ធាក់​កង់​ញាប់​ជើង ទៅ​ដល់​ឆ្ងាយ​ហើយ ។ 

រ៉េ​ត​សើច​គ្រវីក្បាល​ហួសចិត្ត
រ៉េ​ត​៖ ហ៊ឺ​ម​! មាន​ស្នេហា​ពិបាក​ដល់​ម្លឹ​ង​! គ្រាន់តែ​ឮឈ្មោះ​គេ​ឆ្អែត​ពេញ​បេះដូង​តែ​ម្តង​មិនបាច់​ហូប​បាយ​ហូប​ទឹក​ទេ ! ធំ​ឡើង​ខ្ញុំ​ប្រហែល​មិន​ចង់​មាន​ស្នេហា​ទេ ! ពិបាក​បែប​នេះ​សុខចិត្ត​នៅ​ម្នាក់ឯង​ល្អ​ជាង !

មីង​ម្នាក់​ឈ្មោះ​ខន​កំពុង​អង្គុយ​ត្បាញ​ហូល​នៅ​កន្លែង​កី​តម្បាញ​។ ម្លិះ​កំពុង​លើក​មើល​ហូល​បី​បួន​ដែល​ត្បាញ​រួច​បត់​ដាក់​នៅ​លើ​តុ​ក្បែរ​កន្លែង​មីង​ខន​ត្បាញ
ខន​៖ ក្មួយ​ម្លិះ​មើលទៅ ! ហូល​នេះ​សុទ្ធតែ​គេ​អ្នក​មក​ពី​ខេត្ត​កម្ម​ង់​ឲ្យ​មីង​ត្បាញ ! គេ​ហ៊ានថ្លៃ​ជាង​អ្នក​ភូមិ​យើង ! ប៉ុន្តែ​គេ​ទាមទារ​ឲ្យ​មានគុណ​ភាពល្អ ! ត្រូវ​ឆ្នៃ​គោម​ថ្មី​ប្រើ​សរសៃសូត្រ​ក្រាស់​! តែ​គេ​ឲ្យ​តម្លៃ​មួយ​ជា​ពីរ​ឯណោះ ! មីង​ចង់​ឲ្យ​ក្មួយ​មើល​គំរូ​ទៅ ! បើ​ក្មួយ​ចង់បាន​របៀប​ត្បាញ​ធម្មតា​ក៏​បាន​ដែរ​! ចាំ​មីង​ត្បាញ​តាម​ហ្នឹង​ឱ្យ​! តែបើ​ក្មួយ​ចង់បាន​សាច់​ហូល​ក្រាស់​ល្អ​ដូច​គេ​កម្ម​ង់​នេះ​ទាល់តែ​គិត​តម្លៃ​ដូច​គេ​ហើយ !

ម្លិះលា​មើល​ហូល​ដែល​ត្បាញ​រួច​ញញឹម​ងក់ក្បាល
ម្លិះ​៖ មើលទៅ​គោម​ដែល​មីង​ឆ្នៃ​ថ្មី​ពិតជា​ស្អាត​មែន ! គោម​ហ៊ីង​នេះ​មិនសូវ​ល្អិត​ទេ​ហើយ​ភ្លឺ​ល្អ ! ខ្ញុំ​ក៏​ចង់បាន​ហូល​សាច់​ក្រាស់​ដែរ ! ត្បាញ​តាម​ធម្មតា​ខ្ញុំ​មិន​ស្រឡាញ់​ទេ ! ខ្ញុំ​យក​ដូច​ហូល​ដែល​គេ​កម្ម​ង់​មីង​ចុះ ! រឿង​តម្លៃ​នោះ​មិន​អី​ទេ​!
ខន​៖ ក្មួយ​ចង់បាន​ប៉ុន្មាន​ក្បិន​ដែរ ? ហើយ​ស្រលាញ់​គោម​មួយ​ណាខ្លះ? ហើយ​យក​ពណ៌​អី?
ម្លិះ​៖ ខ្ញុំ​ចង់បាន​ប្រាំមួយ​ក្បិន​សម្រាប់​ជូន​អ្នក​ម៉ែ​ពីរ​ក្បិន ! ហើយ​ខ្ញុំ​និង​បង​កែវ​ម្នាក់​ពីរ
ក្បិន​ដែរ ! សម្រាប់​អ្នក​ម៉ែមីង​ជួយ​រើស​គោម​និង​ពណ៌​ដែល​ត្រូវ​ជាមួយ​មនុស្ស​ចាស់​​ទៅ​បាន​ហើយ ! មីង​ដឹង​ជាង​ខ្ញុំ​ថា​មនុស្ស​ចាស់​ស្លៀក​អី​សម​! ចំណែក​របស់ខ្ញុំ​និង​បង​កែវ​វិញ! ខ្ញុំ​យក​ពណ៌​ប្រាក់​មួយ ! ពណ៌​មាស​មួយ ! ពណ៌​ផ្កាម៉ោងដប់​មួយ ! ហើយ​មួយទៀត​យក​ពណ៌​ស្លាប​កំ​ផេ​ន !

មីង​ខន​ស្ទុះ​ទៅ​យក​សៀវភៅ​និង​ប៊ិក​មក​កត់
ខន​៖ ឈប់​ៗ ! ម្លិះ​និយាយ​ម្តងទៀត​ទៅ​! មីង​កត់​សិន ! ឥឡូវនេះ​មីង​ពូកែ​ភ្លេច​ណាស់​!​    ​ចាស់​ហើយ​វា​អ​ញ្ចឹ​ង​ណា​ក្មួយ ! បើ​មិន​បាន​កត់​ទេ​រំលង​តែ​មួយ​ថ្ងៃ​ភ្លេច​បាត់​អស់​ឥឡូវ​ហ្នឹង ! ឃើញ​មីង​ខន​សរសេរ​នៅ​លើ​សៀវភៅ
ម្លិះ​៖ មីង ! ខ្ញុំ​សុំ​ទៅ​មើល​កន្លែង​ជ្រលក់​សូត្រ​បន្តិច​បាន​ទេ ? ខ្ញុំ​ចង់​ឃើញ​ថា​គេ​ជ្រលក់​    ​យ៉ាងម៉េច​ទៅ ! ធ្លាប់តែ​ទិញ​ស្លៀក​ស្រាប់​ៗ​មិន​ដែល​ឃើញ​គេ​ធ្វើ​យ៉ាងម៉េច​សោះ​!

មីង​ខន​ញញឹម​ចង្អុល​ប្រាប់
ខន​៖ នោះ ! កន្លែង​ជ្រលក់​សូត្រ​នៅ​ត្រង់នោះ​! ប៉ុន្តែ​ថ្មើរ​នេះ​គេ​ហាល​សូត្រ​អស់ហើយ​អត់​មាន​អ្នក​នៅ​ជ្រលក់​ទេ !

(​នៅ​មាន​ត​)