កសិករ​​​វ័យ​​​ចំណាស់​​​​ម្នាក់​ត្រូវ​​​គេ​​​សម្លាប់​​​ទាក់ទិន​​​នឹង​​​​​​អំពើ​​​អាប​​​ធ្មប់

កសិករ​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​លប​​​ចាក់​​​សម្លាប់​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ​​​កាលពី​​​ថ្ងៃ​​​សុក្រ ជា​​​ករណី​​​មួយ​​​ដែល​​​នគរបាល​​​ជឿ​​​ថា​​​មាន​​​ជាប់​​​ទាក់ទង​​​នឹង​​​ការ​​​ចោទ​​​ថា ជន​​​រង​​គ្រោះ​​​បាន​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់ ដែល​​​បណ្តាល​​​ឲ្យ​​​​កើត​មាន​​​ការ​​​ស្លាប់​​​ជា​​​បន្ត​​​បន្ទាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។

នេះ​​​ជា​​​ឃាតកម្ម​​​លើក​​​ទី​​​២​​​ហើយ​​​ទៅ​​​លើ​​​អ្នក​​​ជាប់​​​ចោទ​​​ថា​​​ចេះ​​​ធ្មប់​​​នៅ​​​ខេត្ត​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មីៗ ក្រោយ​​​ពី​​​មាន​​​ការ​​​កាត់​​​ក​​​ម្ចាស់​​​ចម្ការ​​​ស្វាយ​​​ម្នាក់ ដែល​​​តាម​​​ចោទ​​​ថា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​កូន​​​ប្រសា​​​ស្រី​​​និង​​​មីង​​​របស់​​គាត់។

អធិការ​​​រង​​​នគរបាល​​​ស្រុក លោក កែវ ​សារឿន ​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក ​មៀន សៀន អាយុ​​​៧៩​​​ឆ្នាំ ជា​​​កសិករ​​​និង​​​ជា​​​អ្នក​​​ភ្លុក ត្រូវ​​​បាន​​​គេ​​​ចាក់​​​ប្រាំ​​​បី​​​កាំបិត​​​ត្រង់​​​ពោះ​​​​​​ពេល​​​កំពុង​​​នៅ​​​ចង្ក្រាន​​​បាយ​នៅ​ជាន់​ផ្ទាល់​​​​​​​​​ដី ក្នុង​​​ឃុំ​វាល ស្រុក​​​គងពិសី ខេត្ត​​​កំពង់ស្ពឺ នៅ​​​ម៉ោង​​​៨​​​និង​​​៣០​​​នាទី​​​​យប់​។

លោក សារឿន បាន​​​និយាយ​​​ថា “គាត់​​​កំពុង​​​​​​រៀបចំ​​​បាយ​​​ល្ងាច  ពេល​​​​ប្រពន្ធ​​​របស់​​​គាត់​​​​​ផ្លាស់​​​ប្តូរ​​​សម្លៀក​​​បំពាក់​​​នៅ​​​ខាង​​​លើ​​​ផ្ទះ”។ ​លោក​​​​​​​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ត្រី អាយុ​​​៦៦ ​ឈ្មោះ ​​សួស ឃឿន ប្រញាប់​​​ប្រញាល់​​​ចុះ​​​មក​​​ក្រោម នៅ​​​ពេល​​​នោះ​​​គាត់​​​បាន​​​ឮ​​​ប្តី​​​របស់​​​គាត់​​​​ដួល ប៉ុន្តែ​​​មក​​​ដល់​​​យឺត​​​ពេល​​​​ពេក​ មិន​​​អាច​​​មើល​​​ឃើញ​​​ឃាតករ​​​ដែល​​​សម្លាប់​​​គាត់​​​ថា​​​មាន​​​​​​​​ប៉ុន្មាន​​​នាក់​​​នោះ​​​ទេ។

មន្ត្រី​​​នគរបាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ជិត​​​ខាង​​​របស់​លោក មៀន សៀន បាន​​​សង្ស័យ​​​​​​គាត់​​​យូរ​​​ហើយ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់ ហើយ​​​ថា​​​ប្រជាជន​​​បី​​​ភូមិ​​​ក្នុង​​​ស្រុក​​​នោះ​​​បាន​​​ប្តឹង​​​ទៅ​​​អាជ្ញាធរ​​​នៅ​​​ឆ្នាំ​​​នេះ ដោយ​​​ចោទ​​​ថា​​​គាត់​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់។

លោក សារឿន បាន​​​និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​កើត​​​​ឡើង​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្លាប់​​​ឥត​​​មូលហេតុ​​​ជា​​​បន្តបន្ទាប់​​​ក្នុង​​​តំបន់​​​នោះ ប៉ុន្តែ​​​លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា មិន​​​មាន​​​ភ័ស្តុ​តាង​​​​ដើម្បី​​​សន្និដ្ឋាន​​​ថា ការ​​​ស្លាប់​​​ទាំង​​​នោះ​​​ដោយ​សារ​​​​​​អ្វី​​​ទេ ក្រៅតែ​​​ដោយ​​​ជំងឺ ឬ​​​ចាស់​​​ប៉ុណ្ណោះ។

លោក សារឿន បាន​​​និយាយ​​​អំពី​​​លោក ​មៀន សៀន ថា “ខ្ញុំ​​​បាន​​​ពិនិត្យ​​​ផ្ទះ​​​របស់​​​គាត់ ​ប៉ុន្តែ ​មិន​​​មាន​​​ការ​​​រៀបចំ ឬ​​​វត្ថុ​​​សង្ស័យ​​​ដែល​​​បង្ហាញ​​​ថា គាត់​​​ជា​​​ធ្មប់ និង​​​ចេះ​​​អំពើ​​​ធ្មប់​​​ឡើយ”។

លោក​​​និយាយ​​​ថា ”មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​នៅ​​​តែ​​​ជឿ​​​យ៉ាង​​​ខ្លាំង​​​ថា ​នៅ​​​​មាន​​​អំពើ​​​អាប​​​ធ្មប់​​​​នៅ​ឡើយ​។ វា​​​ពិបាក​​​ទប់​​​ស្កាត់​​​ប្រជាជន​​​មិន​​​ឲ្យ​​​ប្រព្រឹត្ត​​​ឃោរឃៅ​​​ដែល​​​ឈាន​​​​​ដល់​​​ការ​​​សម្លាប់​​​ជន​​​ស្លូតត្រង់​​​ណាស់”។

មេ​​​របស់​​​លោក សារឿន គឺ​​​លោក ទូ ​ថេន ​អធិការ​​​នគរបាល​​​ស្រុក ​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​លើ​​​លោក មៀន សៀន ត្រូវ​​​គេ​​​ដឹង​​​ទូទៅ ​​​ហើយ​​​កើត​មាន​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​ទស​វត្សរ៍​​​ហើយ។

លោក ថេន បាន​​​និយាយ​​​ថា “កាលពី​​​ឆ្នាំ​​​២០១១ គាត់​​​បាន​​​មក​​​ជួប​​​យើង និង​​​​​​និយាយ​​​ថា ​​​គាត់​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ហើយ​​​មិន​​​ចេះ​​​សម្លាប់​​​មនុស្ស​​​ដោយ​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់​​​ឡើយ”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា នៅ​​​ការ​​​ប្រជុំ​​​​សហគមន៍​​​ដែល​​​ធ្វើ​​​ឡើង​​​នា​​​ពេល​​​មិន​​​យូរ​​​បន្ទាប់​​​​​មក លោក មៀន សៀន បាន​​​លើក​​​ឡើង​​​ជា​​​សាធារណៈ​​​ថា លោក​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ​ហើយ​​​​​នគរបាល​​​នៅ​​​ពេល​​​នោះ​​​បាន​​​ព្រមាន​​​ថា​​​នឹង​​​ចាត់​​​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់ នៅ​​​ពេល​​​ដែល​​​នរណា​​​​​​ម្នាក់​​​ប្រព្រឹត្ត​​​ក្រៅ​​​ច្បាប់​​​លើ​​​រូប​​​គាត់៕និត​

 

The post កសិករ​​​វ័យ​​​ចំណាស់​​​​ម្នាក់​ត្រូវ​​​គេ​​​សម្លាប់​​​ទាក់ទិន​​​នឹង​​​​​​អំពើ​​​អាប​​​ធ្មប់ appeared first on ខេមបូឌា ដេលី.