អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួន​មន្ត្រី​​​​​ម្នាក់​​ទៀត​ដែល​​ជាប់​ចោទ​ថាបាន​​ទទួល​​ប្រាក់​សំណូក​

មន្ត្រី​ម្នាក់​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ី​សំណូក​កាល​ពី​ចុង​​សប្តាហ៍​​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​​បន្ទាប់ពី​ស្ថាប័ន​​ប្រឆាំង​​​​អំពើ​ពុក​រលួយ​នេះ​​បាន​ចាប់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស​ម្នាក់​ និង​ជា​ឯក​អគ្គរាជ​ទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​តុលា​ការ​​​​​​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ ថារ័ត្ន អាយុ​៣៣​ឆ្នាំ​​ត្រូវ​បាន​បញ្ជូន​ទៅ​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​​​ថ្ងៃ​​​សៅរ៍ ​ ហើយត្រូវ​បាន​ចោទប្រកាន់​ដោយ​​​​លោក យិន ​​​​សារឿន ចៅ​ក្រម​ស៊ើប​សួរ​ មុនពេល​ត្រូវ​បាន​​​​​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានមាន​ប្រសាសន៍​ថា ​លោក ថារ័ត្ន​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ​ភ្លាម​ៗ​បន្ទាប់ពី​ទទួលបាន​ប្រាក់សំណូក។

លោក​បាន​មានប្រសាសន៍​ថា​ “​យើង​បាន​ចាប់ខ្លួន​​លោក ថារ័ត្ន ខណៈគាត់​​កំពុង​ទទួល​ប្រាក់​ចំនួន​១.០០០ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​​នៅ​ការិយាល័យ​របស់​គាត់​​កាលពី​ថ្ងៃ​សុក្រ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុននោះទេ ហើយ​ក៏​​មិន​ដឹង​ពី​តួនាទី​របស់​លោក ថារ័ត​្ន​ ដែរ។

លោក ឱម យ៉ិនទៀង មាន​ប្រសា​សន៍​ថា ក្រុមហ៊ុន​នោះ​បាន​​បាន​បង់​ប្រាក់​ពន្ធ​​១.០០០​​ដុល្លារដែលក្រុម​ហ៊ុន​បាន​ជំពាក់​សម្រាប់​សម្ភារ​​ដែលក្រុមហ៊ុន​បាន​នាំចូល​មក​​ក្នុង​​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថា ពេល​នោះលោក ថារ័ត្ន​ ​បាន​ទាមទារ​ប្រាក់​១.០០០ដុល្លារ​បន្ថែម​​​ទៀត​ដើម្បី​ធ្វើ​បែប​បទ​លើក​លែង​ពន្ធ​។ ប្រធាន​​អង្គភាព​​រូប​នេះ​​នៅ​តែ​​ពិចារណា​​ការ​ចាប់​​ខ្លួន​បន្ថែម​ទៀត​​ពាក់ព័ន្ធ​​ករណី​នេះ​​​​​។

លោក​បានមាន​ប្រសាសន៍​ថា ”​វា​រហ័ស​ពេក​ក្នុងការ​និយាយ​ពី​រឿង​នេះ ប៉ុន្តែ​ យើង​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ”។

ក្នុងករណី​ស្រដៀង​គ្នា តែ​មិន​ពាក់ព័ន្ធ​គ្នា ACU ​​បាន​ចាប់ខ្លួន​​ប្រធាន​ការិយាល័យ​ម្នាក់​នៅ​​​ក្រសួង​ការ​បរទេស​​កាលពី​ខែមីនា ពីបទ​ស៊ី​សំណូក​​រត់​​ការ​ឯកសារ​​ឱ្យ​ក្រុម​ហ៊ុន​បរទេស​​​​​​​​មួយ។

កាលពី​ខែ​មេសា ករណី​មួយ​ទៀត​ដែល​ត្រូវបាន​ប្តឹង​ដោយ​ACU សាលា​ដំបូង​ខេត្ត​សៀម​រាប​​បាន​ចោទប្រកាន់​​អនុ​ប្រធាន​ផ្នែក​ម្នាក់​នៅ​រដ្ឋបាល​ជល​ផល​ពីបទ​ចាយ​វាយ​ថវិកា​​រដ្ឋ​ដោយ​មិន​ត្រឹម​ត្រូវ​​ដែល​តាម​ចោទថា បាន​​​​កំហែង​ទារ​ប្រាក់​ពី​អ្នក​នេសាទ​ក្នុង​មូលដ្ឋាន​​ចំនួន​​៣៦៥.០០០ដុល្លារ​ក្នុងរយៈពេល​បួន​ឆ្នាំ។

កាលពី​ខែ​មុន​ផងដែរ​ ជាលទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​មួយ​ទៀត​របស់​ ACU សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​បាន​ចោទ​ប្រកាន់​​លោក ស៊ុត ​​ឌីណា ឯក​អង្គ​រាជទូត​​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ ពីបទ​កេង​យក​ផល​ប្រយោជន៍​ និង​ការ​រំលោភ​អំណាច​​ពាក់​ព័ន្ធ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ ដែល​គាត់​ទទួលបាន​តាម​មធ្យោ​បាយ​មួយ​ចំនួន​ រួម​មាន​ការ​យក​លុយ​ដាក់​ហោ​ប៉ៅ​ខ្លួន​ឯង​ដែល​បាន​ពី​តម្លៃទិដ្ឋាការ​ និង​ការ​យក​ប្រាក់សំណង​ដែល​គេ​​បង់​ទៅ​ឱ្យ​​​ពលករ​ចំណាក​​​​​ស្រុក​ដែល​បាន​ស្លាប់៕សារុន​​​

 

The post អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួន​មន្ត្រី​​​​​ម្នាក់​​ទៀត​ដែល​​ជាប់​ចោទ​ថាបាន​​ទទួល​​ប្រាក់​សំណូក​ appeared first on ខេមបូឌា ដេលី.