របរ​បញ្ចូល​ហ្គាស​រថយន្ត​ជួប​វិបត្តិ ក្រោយ​សាំង​ធ្លាក់​ថ្លៃ

កន្លង​មក​ម្ចាស់​រថយន្ត​ជា​ច្រើន​ក្នុង​ស្រុក បាន​ងាក​មក​បំពាក់​ប្រព័ន្ធ​ហ្គាស​ដោយ​សារ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​លើ​​សាំង។ ប៉ុន្តែ​ក្រោយ​ពេល​សាំង​ធ្លាក់​ថ្លៃ​មក​ត្រឹម​ប្រមាណ ៣០០០រៀល/លីត្រ របរ​​បញ្ចូល​ហ្គាស​នៅ​តាម​ហ្ការ៉ាស​មួយ​ចំនួន​ហាក់​ជួប​វិបត្តិ។

 

របរ​បញ្ចូល​ហ្គាស​រថយន្ត​ជួប​វិបត្តិ ក្រោយ​សាំង​ធ្លាក់​ថ្លៃ

 

លោក រដ្ឋា ម្ចាស់​ហ្គារ៉ាស់​ជួសជុល​និង​បញ្ចូល​ហ្គាស​រថយន្ត ត្អូញ​ថា ចាប់​តាំង​ពី​ពេល​តម្លៃ​សាំង​នៅ​ក្នុង​ប្រទេស​ចុះ​ថោក សល់​ប្រហែល ៣០០០រៀល​ក្នុង​មួយ​លីត្រ របរ​រក​ស៊ី​បញ្ចូល​និង​បំពាក់​ហ្គាស​រថយន្ត​នៅ​ហ្ការ៉ាស​លោក ហាក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក​អះអាង​ថា ចំណូល​ពី​របរ​នេះ​ធ្លាក់​ចុះ​ដល់​ទៅ​ពាក់​កណ្ដាល​ឯ​ណោះ (៥០%)។

 

ដោយ​ឡែក​សម្រាប់​ហ្ការ៉ាស​ហ្គាស​​​​ឈ្មោះ ស៊ីរ៉ាហ្គាស ក៏​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ មេការ​មួយ​រូប​ប្រចាំ​ហ្ការ៉ាស​ខាង​លើ ឲ្យ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពិសេស​គឺ​ចាប់​តាំង​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចំនួន​រថយន្ត​មក​បញ្ចូល​ហ្គាស​ហាក់​ធ្លាក់​ចុះ​គួរសម។ លោក​ថា ការ​ធ្លាក់​ចុះ​នេះ​អាច​បណ្ដាល​មក​ពី​តម្លៃ​សាំង​ធ្លាក់​ថ្លៃ ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​នៅ​បន្ត​ប្រើ​សាំង។

 

តម្លៃ​ហ្គាស​ទូទៅ​គឺ​ប្រមាណ ១៥០០៛/លីត្រ រី​ឯ​សាំង​ធម្មតា​តម្លៃ​ខ្ទង់ ៣០០០៛/លីត្រ ដូច្នេះ​អាច​បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​ទូទៅ​បន្ត​ប្រើ​សាំង​ដដែល ហើយ​ម្យ៉ាង​បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ ការ​បំពាក់​ហ្គាស​រថយន្ត​ក៏​មិន​សូវ​ជា​ល្អ​ដល់​ម៉ាស៊ីន​ឡាន​ប៉ុន្មាន​ដែរ។ បើ​ធៀប​កាល​ពី​ឆ្នាំ​មុនៗ​សាំង​មាន​តម្លៃ​ថ្លៃ​ដល់​ទៅ​ខ្ទង់ ៥០០០៛/លីត្រ នាំ​ឲ្យ​អ្នក​ប្រើប្រាស់​រថយន្ត​ទូទៅ​ក្នុង​ស្រុក​ ងាក​ទៅ​​បំពាក់​ហ្គាស​ជំនួស៕

 

អាន៖ គិត​ឲ្យ​ច្បាស់ មុន​ប្ដូរ​​​​ប្រព័ន្ធ​ឡាន​​ប្រើ​សាំង​មក​ប្រើ​ហ្គាស

 

អត្ថបទ៖ ប៉ែត ផាន់និត