កាកបាទក្រហម​ខេត្ត​ ចែក​អំណោយ​សង្គ្រោះ​ជូន​អាជីវករ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​តូប​១៤​ខ្នង​ នៅ​មាត់​ទន្លេ​កំពង់ផែ​ផ្សារ​ក្រោម​

កាកបាទក្រហម​ខេត្ត​ ចែក​អំណោយ​សង្គ្រោះ​ជូន​អាជីវករ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​តូប​១៤​ខ្នង​ នៅ​មាត់​ទន្លេ​កំពង់ផែ​ផ្សារ​ក្រោម​

កំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​នៅ​មាត់ទន្លេ​កំពង់ផែ​ផ្សារ​ក្រោម ចំនួន​១៤​នាក់​ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​១៤​ខ្នង គិត​ជា​ប្រាក់​អស់​ប្រមាណ​១០​ម៉ឺន​ដុល្លារ កាល​ពី​ពេល​ទៀបភ្លឺ ថ្ងៃ​ទី​០៧ ខែឧសភា កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ត្រូវ​បាន​ ឯកឧត្តម ឈួ​រ ច័ន្ទឌឿ​ន អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង និង​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត នាំ​យក​អំណោយ​សង្គ្រោះ​របស់​សាខា និង​សប្បុរសជន​ទៅ​ផ្តល់​ជន​គ្រួសារ​រងគ្រោះ​ដល់​កន្លែង​កើត​ហេតុ ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង។

​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ចូលរួម​សោកស្ដាយ​នូវ​ការបាត់បង់​តូប ​និង​ទ្រ​ព្យ​សម្បត្តិ​បងប្អូន​របស់​ជនរងគ្រោះ​ទាំង​១៤​គ្រួសារ ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ កាលពី​ម៉ោង៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃ​ម្សិលមិញ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​យ៉ាងច្រើន សន្ឋឹកសន្ឋាប់​ប្រមាណ​១០​ម៉ឺន​ដុល្លារ។ ក្នុងនាម​អាជ្ញាធរ​ខេត្ត ក៏​សូម​ពាំនាំ​នូវ​ការចូលរួម​សោកស្ដាយ ពី​សំណាក់ ប្រមុខ​រាជរដ្ឋាភិបាល​មាន សម្ដេច ហេង សំរិន សម្ដេច​ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល​តែង​នឹក​រឭក និង​សោកស្ដាយ​ដល់​បងប្អូន​រងគ្រោះ ដោយ​ធម្មជាតិ ទឹកជំនន់ គ្រោះ រាំងស្ងួត​ និង​គ្រោះ​អគ្គិភ័យ​ជាដើម។

ចំពោះ​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ​ដែល​បាន​យក​មក​ចែក​ជូន​បងប្អូន នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេស តង់​១ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ ក្នុង​នោះ​មាន មុង​១ ភួយ​១ ក្រមា​១ និង​សារុង​១ រួម​នឹង​ថវិកា​១០​ម៉ឺន​រៀល។ ​ក្រៅពីនោះ​មាន​ថវិកា​បាន​មក​ពី​សប្បុរសជន​នានា ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​៤៩​ម៉ឺន​រៀល​បន្ថែម​ទៀត​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ទោះបី​អំណោយ​ទាំងនេះ​មិន​ច្រើន​សាក​សម ទៅ​នឹង​ទំហំ​ការ​ខូចខាត​របស់​បងប្អូន​ក៏​ពិត​មែន តែ​ក៏​អាច​ជួយ​សម្រាល ទុក្ខ​លំបាក​បងប្អូន​បាន​មួយ​គ្រា​ដែរ ហើយក៏​សូម​បងប្អូន​ទាំ​ង​អស់ ចូលរួម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​ដាំ​ស្ល ចរន្ត​អគ្គិសនី និង​ការ​ចោល​កន្ទុយបារី ជា​ដើ​ម ដែល​វា​អាច​បង្ក​ឲ្យ​​អគ្គិភ័យ​ឆាបឆេះ​បាន។​

សូម​បញ្ជាក់​ថា​ អគ្គិភ័យ​ខាងលើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៧ ខែ​ឧស​ភា ឆ្នាំ​២០១៦ នៅ​មាត់​កំពង់ផែ​ផ្សារ​ក្រោម មុខ​ខណ្ឌ​រដ្ឋបាល​ជលផល បណ្ដាល​ឲ្យ​តូប​លក់ដូរ​របស់​បង​ប្អូន​ ដែល​ភាគច្រើន​លក់​ចាប់ហួយ និង​លក់​អង្ករ បាន​ឆេះ​ខ្ទេច​ទាំងស្រុង​ចំនួន​១៤​តូប ​ប្រមាណ ជា​មានការ​ខាតបង់​សរុប​ជាង​១០​ម៉ឺន​ដុល្លារ ចំពោះ​មូលហេតុ​នៅ​មិនទាន់​រក​ឃើញ​ច្បាស់​នៅឡើយ​ទេ តែ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ទុស្សេ​ចរន្ត​អគ្គិសនី ហើយ​នេះ​ក៏​ជា​ការ​ឆេះ​ទ្រង់ទ្រាយ​ធំ លើក​ទី​២​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ឆេះ​លើក​ទី​១ នៅ​រសៀល​ថ្ងៃទី​២០ ​ខែមេសា នៅ​ក្នុង​ភូមិ​ត្រពាំង​បី​បណ្ដាលឲ្យ​ផ្ទះ​១៥​ខ្នង បាន​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​គិត​ជា​ប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​៕

​ ​