ផ្ទុះ​អាវុធ​នៅ​ចំណុច​កាស៊ីណូ​ “ឌី​ស្កូ​” រង​របួស​ធ្ងន់​ម្នាក់​

ផ្ទុះ​អាវុធ​នៅ​ចំណុច​កាស៊ីណូ​ “ឌី​ស្កូ​” រង​របួស​ធ្ងន់​ម្នាក់​



បន្ទាយមានជ័យ ៖ មាន​ករណី​ផ្ទុះ​អាវុធ​មួយ​នៅ​ក្នុង​ចំណុច​កាស៊ីណូ​ឌី​ស្កូ​១​កន្លែង​ បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​៣​ព្រឹក​ ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នៅ​ចំណុច​កាស៊ីណូ​ឌី​ស្កូ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី ​ជា​ ដា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ កែវ​ សីហារ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​ ជា​ ដា ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​ នា​ម៉ោង​៣​ជិត​ភ្លឺ​នោះ​ ស្រាប់តែ​ឮ​ផ្ទុះ​អាវុធ​នៅ​ចំណុច​កាស៊ីណូ​ឌី​ស្កូ​ ពេល​សមត្ថកិច្ច​ទៅដល់​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ប្រកាច់​នៅ​លើ​ថ្ម​ លុះ​ពេល​សមត្ថកិច្ច​ពិនិត្យ​ បាន​ឃើញ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង ​ត្រូវ​ត្រង់​ខ្នងជើង​ខាងស្ដាំ​ចំនួន​១​គ្រាប់ ​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ ហើយ​ភ្លាមៗ​នោះ ​ជនល្មើស​បាន​គេចខ្លួនបាត់​អស់​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ បើ​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ អា​ខ្មោចឆៅ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​ និង​ឈ្មោះ អា គារ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ប្រជា​ធម្ម​ខាងលិច មណ្ឌល​៣​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។​

សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​មាន​ សំបក​គ្រាប់កាំភ្លើង​អាការ​៥៤​ចំនួន​២​គ្រាប់ និង​កាំ​ភ្លើង​ខ្លី​១​ដើម ​ហើយ​ការ​ផ្ទុះ​អាវុធ​នេះ​មិន​ដឹង​មូលហេតុ​ឡើយ ​តែ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ត​៕
ផ្ទុះ​អាវុធ​នៅ​ចំណុច​កាស៊ីណូ​ “ឌី​ស្កូ​” រង​របួស​ធ្ងន់​ម្នាក់​