​ប្រាក់ សុវណ្ណារ៉ា ​ថា ​ឱកាស​លើក​ពាន​បឹង​កេត​កាន់​តែ​ខ្ពស់

ក្រោយ​ឈ្នះ​ក្រុម​ប៉ូលិស ៧-១ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​ថា ​ក្រុម​របស់​លោក​មាន​ឱកាស​លើក​ពាន​កាន់​តែ​ខ្ពស់ ព្រោះ​មាន​ដៃ​គូ​ប្រជែង​តែ​ក្រសួង​ការពារ​ជាតិ​មួយ​គត់។

 

​ប្រាក់ សុវណ្ណារ៉ា ​ថា ​ឱកាស​លើក​ពាន​បឹង​កេត​កាន់​តែ​ខ្ពស់

 លោក ប្រាក់ សុវណ្ណារ៉ា (អាវ​ខៀវ)

 

​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប្រកួត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ១-០ ​និង​ក្រុម​ណាហ្គាវើល​បាន​ត្រឹម​ស្មើ​ជាមួយ Cambodian Tiger ​១-១ ​ក្នុង​សប្ដាហ៍​ទី​៧​នៃ​លីគ​កំពូល​កម្ពុជា។ ដោយ​លទ្ធផល​នេះ ​ធ្វើ​ឱ្យ​ក្រុម​ឈរ​នៅ​កំពូល​តារាង ក្រសួង​ការពារ​ជាតិ និង​បឹងកេត​អង្គរ ​កាន់​តែ​ត្រជាក់​ចិត្ត​ហើយ ពោល​គឺ​ដាច់​ក្រុម​លេខ​៣ ​ដល់​ទៅ​៥​ពិន្ទុ​ឯ​ណោះ។

 

 ​ប្រាក់ សុវណ្ណារ៉ា ​ថា ​ឱកាស​លើក​ពាន​បឹង​កេត​កាន់​តែ​ខ្ពស់តារាងលីគកំពូល

 

មើល​ឃើញ​ដូច្នេះ លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “អើ… យើង​មាន​សង្ឃឹម​ច្រើន ព្រោះ​ស្វាយ​រៀង​ឃ្លាត​ដល់​៥​ពិន្ទុ ហើយ​ក្រោន​ដល់​៧​ពិន្ទុ។ ប្រកួត​ក្រោយ​យើង​ប៉ះ​ស្វាយរៀង​ទៀត ហើយ​បើ​យើង​ឈ្នះ​នោះ​យើង​កាន់​តែ​សង្ឃឹម​ច្រើន។ ដូច្នេះ​ហើយ ​ដៃ​គូ​ប្រជែង​របស់​យើង​មាន​តែ​មួយ​គត់ គឺ​ទ័ព”។

 

បច្ចុប្បន្ន​នេះ ​ក្រុម​បឹង​កេត​អង្គរ និង​ក្រសួង​ការពារ​ជាតិ​កំពុង​តែ​មាន​ពិន្ទុ​១៨​ពិន្ទុ​ស្មើ​គ្នា។ ដោយ​គិត​តាម​រូបមន្ត Head To Head ​ក្រុម​ក្រសួង​ការពារ​ជាតិ​នៅ​លេខ​មួយ ដោយសារ​តែ​បាន​ឈ្នះ​បឹង​កេត ២-១ ​ក្នុង​ជើង​ទី​មួយ​នេះ។ ខណៈ​ដែល​ជើង​ទី​២ ​ប្រសិន​បើ​បឹង​កេត​ឈ្នះ​វិញ​ហើយ​ពិន្ទុ​នៅ​តែ​ស្មើ​គ្នា​ទៀត នោះ​ត្រូវ​គិត​ទៅ​លើ​គ្រាប់​បាល់​ថា​តើ​នរណា​ស៊ុត​ចូល​បាន​ច្រើន​ជាង៕

 

អត្ថបទ៖ មុន្នី រម្យ