ហ្វីលីពីន​៖​ប្រជាជន​៧​នាក់​ស្លាប់​ដោយ​ការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង ប៉ុន្មាន​ម៉ោង​មុន​ការបោះឆ្នោត​

​ប្រជាជន​៧​នាក់ បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត បាន​របួស​ដោយសារ​កា​រ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​នៅក្នុង​ខេត្ត Cavite នៃ​ប្រទេស​ហ្វីលីពីន​។ ហេតុការណ៍​នេះ បានកើត​មុន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៃ​ការចាប់ផ្តើម​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​។​

​លោក Jonathan del Rosario មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ហ្វីលីពីន បាន​អះអាងថា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មាន​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​បើក​ការវាយប្រហារ​ទៅលើ​ឡាន​ប្រភេទ Jeep និង​អ្នកបើកបរ​ម៉ូតូ​ជាច្រើន​នៅពេល​ព្រលឹម​ស្រាងៗ​នៅក្នុង​ក្រុង  Rosario ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​ម៉ានីល​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP​។​

​ជុំវិញ​ឧប្បទ្ទវ​ហេតុនេះ ប៉ូលិស​ហ្វីលីពីន មិនទាន់​កំណត់​ពី​អត្តសញ្ញាណ និង​រឿង​នៅ​ពី​ក្រោយខ្នង​នេះ នៅឡើយ​នោះទេ​។ 

​យ៉ាងណាក៏ដោយ លោក del Rosario បាន​ថ្លែងថា​ឧប្បទ្ទវ​ហេតុដែល​បានកើត​ឡើង​នៅក្នុង​ខេត្ត Cavite ត្រូវបាន​មន្ត្រី​រៀបចំ​ការបោះឆ្នោត​កំណត់ថា​ជា​តំបន់​ដែល​គួរ​ព្រួយបារម្ភ​ជាងគេ​ដ្បិត​ទីនោះ មានការ​ប្រឈមមុខ និង​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ខ្លាំង​។​

​សូមបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​ប្រ​ធានា​ធីប​តី​ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺជា​លើក​ទី​៥​ហើយ​ដែល​ហ្វីលីពីន បានរៀបចំ​ការបោះឆ្នោត ក្រោយពី​បដិវត្តន៍​កម្លាំង​ប្រជាជន​ក្នុងការ​ផ្តួល​រលំ​មេដឹកនាំ​ផ្តាច់កា​រលោក Ferdinand Marcos ក្នុង​ឆ្នាំ​១៩៨៦។ ប្រជាជនប្រមាណ ៥៥លាននាក់ បានចុះឈ្មោះចូលរួមការបោះឆ្នោត និងមានបេក្ខជនប្រធានាធិបតី៥នាក់ឈរឈ្មោះប្រកួតប្រជែងផងដែរ៕