ចំនុចយល់ដឹង ដ៏សំខាន់ទាំងនេះ ជួយឲ្យស្ត្រី អាចជៀសចាកឆ្ងាយ ពីការរលូតកូន!

@ អ្វីទៅជាការរលូតកូន?

ការរលូតកូន គឺជាការបាត់បង់នូវអំប្រ៊ីយ៉ុង ឬទារក មុនសប្តាហ៍ទី២០ នៃការមានផ្ទៃពោះ។ ជាង ៨០ភាគរយនៃការរលូតកូន កើតមានឡើងនៅក្នុងរយៈពេល បីខែដំបូងនៃការមានផ្ទៃពោះ។

# រោគសញ្ញានៃការរលូតកូន រួមមាន៖

• ការហូរឈាមដែលវិវត្តពីស្រាលទៅធ្ងន់ធ្ងរ

• មានដុំឈាមចេញពីទ្វារមាស

• ទឹករំអិល ពណ៌ស-ផ្កាឈូក

• ឈឺពោះ

• ក្តៅខ្លួន

• ខ្សោយ

• ស្រកទម្ងន់

• ចុកខ្នងខ្លាំង

ប្រសិនបើស្ត្រីមានផ្ទៃពោះមានរោគសញ្ញា ដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ស្វែងរកសេវាថែទាំសុខភាពស្ត្រីជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យអាចជួយសង្គ្រោះ បានទាន់ពេលវេលា។

# មូលហេតុដែលបណ្តាលអោយរលូតកូន

ហេតុផលនៃការរលូតកូននេះ មានលក្ខណៈខុសគ្នាជាច្រើន ហើយជាញឹកញាប់។ មូលហេតុទាំងនោះមិនអាចកំណត់អត្តសញ្ញាណបានទៀតផង។ ក្នុងកំឡុង ត្រីមាសដំបូង មូលហេតុទូទៅបំផុតនៃការរលូតកូន គឺបណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម មានន័យថាក្រូម៉ូសូមរបស់ទារកមានលក្ខណៈណាមួយ ដែលមិនត្រឹមត្រូវតាមស្តង់ដារ។ ភាពមិនប្រក្រតីនៃក្រូម៉ូសូម ភាគច្រើនបំផុត បណ្តាលមកពីមូលហេតុនៃស៊ុត ឬកោសិកាមេជីវិតឈ្មោល ខូច ឬដោយសារតែមានបញ្ហា នៅពេលដែលស៊ីកូត (zygote) ធ្វើដំណើរការ បែងចែកនៅក្នុងស្បូន។

# មូលហេតុផ្សេងទៀត នៃការរលូតកូន រួមមាន៖

• របៀបរស់នៅ (ឧទាហរណ៍៖ ការជក់បារី ការប្រើប្រាស់គ្រឿងញៀន កង្វះអាហារូបត្ថម្ភ បិរភោគជាតិកាហ្វេអ៊ីនច្រើនហួសប្រមាណ និងការប៉ះពាល់សារធាតុពុល ឬសារធាតុវិទ្យុសកម្ម ជាដើម)

• ការឆ្លងមេរោគ

• បញ្ហាអរម៉ូន

• ការឆ្លើយតបរបស់ ប្រព័ន្ធភាពស៊ាំ

• បញ្ហារាងកាយរបស់ម្តាយ

• ភាពមិនប្រក្រតីនៃស្បូន

ការរលូតកូនភាគច្រើន ក៏អាចកើតឡើងដោយសារភាពទន់ខ្សោយនៃស្បូន គេច្រើនហៅថាស្បូនអសមត្ថភាព ដែលមិនអាចទ្រទ្រង់ការមានផ្ទៃពោះបាន។ ជាធម្មតាការរលូតកូនដោយសារស្បូនអសមត្ថភាព ច្រើនកើតឡើងនៅក្នុងត្រីមាសទីពីរ នៃការមានផ្ទៃពោះ។

# ស្ត្រីអាចមានហានិភ័យខ្ពស់ ប្រឈមនឹងការរលូតកូន ប្រសិនបើនាង៖

• មានអាយុលើស ៣៥ ឆ្នាំ

• មានជំងឺទឹកនោមផ្អែម ឬបញ្ហាទីរ៉ូអ៊ីត

• ធ្លាប់រលូតកូនច្រើនជាងបីដង

កត្តារលូតកូនមួយចំនួន ដែលមិនទាន់ត្រូវបានគេបង្ហាញ និងបញ្ជាក់អោយបានច្បាស់ មានដូចជា ការរួមភេទ ការធ្វើការងារនៅក្រៅផ្ទះ (នៅក្នុងបរិស្ថានដែលបង្កគ្រោះថ្នាក់) និងការធ្វើលំហាត់ប្រាណកម្រិតមធ្យម។

# ការព្យាបាល

គោលដៅចម្បងនៃការព្យាបាល ក្នុងអំឡុងពេលរលូតកូន ឬបន្ទាប់ពីរលូតកូន គឺដើម្បីការពារការធ្លាក់ឈាម និងការឆ្លងមេរោគ។ មានតែថ្នាំដែលចេញវេជ្ជបញ្ជាត្រឹមត្រូវអាចជួយដល់ ការហូរឈាមបាន។ ការហូរឈាមគួរត្រូវពិនិត្យតាមដានយ៉ាងដិតដល់ ជាពិសេសប្រសិនបើអ្នកសម្គាល់ឃើញមាន ការកើនឡើងនូវការហូរឈាម ឬចាប់ផ្ដើមញាក់ ក្តៅខ្លួនខ្លាំង អ្នកត្រូវហៅទូរស័ព្ទទៅគ្រូពេទ្យអោយបានភ្លាមៗ។

# វិធីបង្ការ

ដោយសារតែមូលហេតុ នៃការរលូតកូនភាគច្រើន មកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ទើបមិនសូវមានវិធីដើម្បីការពារច្រើននោះទេ។ ជំហានដែលនាំអ្នកទទួលបានសុខភាពដ៏ល្អ តាមដែលអាចធ្វើទៅបាន មុនពេលមានផ្ទៃពោះដើម្បីផ្តល់នូវ បរិយាកាសល្អសម្រាប់ទារកដែលនឹងត្រូវបង្កកំណើត៖

• ហាត់ប្រាណអោយបានញឹកញាប់

• បរិភោគអាហារដែលមានជីវជាតិ

• ចេះគ្រប់គ្រងភាពតានតឹង

• រក្សាទម្ងន់អោយបានសមស្រប

• កុំជក់បារី

នៅពេលដែលអ្នកដឹងថា អ្នកមានផ្ទៃពោះជាថ្មីម្តងទៀត អ្នកក៏ត្រូវរក្សាសុខភាពអោយបានល្អដូចគ្នា អ្នកត្រូវបង្កើតបរិស្ថានសំរាប់កូនរបស់អ្នកដោយ៖

• កុំជក់បារី ឬនៅជុំវិញផ្សែងបារី

• កុំសេពសុរា

• ពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំ

• លុបបំបាត់ ជាតិកាហ្វេអ៊ីន

• ជៀសវាងគ្រោះថ្នាក់ពីបរិស្ថាន ដូចជាវិទ្យុសកម្ម, ជំងឺឆ្លង និងការថតកាំរស្មី X

• ជៀសវាងសកម្មភាពកីឡា ដែលមានហានិភ័យ ប្រឈមនឹងការរងរបួស៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចំនុចយល់ដឹង ដ៏សំខាន់ទាំងនេះ ជួយឲ្យស្ត្រី អាចជៀសចាកឆ្ងាយ ពីការរលូតកូន!